Voyager-1 ជាយាន​ដំបូងគេដែល​ទម្លុះចេញ​ពីប្រព័ន្ធ​ព្រះអាទិត្យ! តើវាទៅដល់ណាហើយ​ពេល​នេះ?

0

 

(អាមេរិក)៖ កាលពីខែសីហា ឆ្នាំ២០១២ យាន​អវកាស Voyager 1 បានក្លាយជាឧបករណ៍​ដំបូងគេ ដែលបានឆ្លងផុតដែនសីមា​របស់​​ប្រព័ន្ធព្រះអាទិត្យ ចូលទៅ​កាន់តំបន់ Interstellar Space (អន្តរអវកាស ឬទីអវកាស​សកល) ខណៈនា​ពេលថ្មីៗនេះ យានភ្លោះ​របស់វា Voyager 2 ក៏កំពុងធ្វើ​ដំណើរ​ជិត​ដល់ច្រកឆ្លង​ចេញពីប្រព័ន្ធព្រះអាទិត្យ​នេះផងដែរ។

យាន​អវកាស Voyager-1 និង យានអវកាស Voyager-2 ត្រូវបានបាញ់​បង្ហោះពីផែនដីនៅឆ្នាំ១៩៧៧ ពោលគឺកាលពី ៤១ឆ្នាំមុន។ គិត​ត្រឹមថ្ងៃសៅរ៍​សប្តាហ៍នេះ យាន Voyager 1 ស្ថិតនៅ​ចម្ងាយ ២១.៦ពាន់លានគីឡូម៉ែត្រ (ស្មើនឹងចម្ងាយ​​ពី​ផែនដី​ទៅ​​ព្រះអាទិត្យ ​​១៤៤ដង​) ខណៈ Voyager 2 ស្ថិតនៅ​​ចម្ងាយ​១៧.៨ពាន់លានគីឡូម៉ែត្រ (ស្មើនឹងចម្ងាយ​ពីផែនដី​ទៅព្រះអាទិត្យ ​១១៩ដង)។

នៅ​ពេល​ Voyager 1 ត្រូវ NASA ប្រកាសថា បានចេញផុតដែនសីមា​​ហ៊ុមព័ទ្ធ​របស់ព្រះអាទិត្យ គឺវាស្ថិតនៅចម្ងាយជិត ១៩ពាន់​លាន​គីឡូម៉ែត្រ​ពីផែនដី។ ចម្ងាយ​រវាងព្រះអាទិត្យ និងផែនដីគឺ១៥០លានគីឡូម៉ែត្រ។ យាននេះគឺគ្រឿងយន្ត​ដំបូងគេ​បង្អស់ដែលផលិតលើផែនដី ដែលបានទម្លុះរនាំង Heliosphere ដែលជាច្រក​ចេញពីប្រព័ន្ធ​ព្រះអាទិត្យយើងនេះតែម្តង។

យាន Voyager 1 មានល្បឿន​ធ្វើដំណើរ ​៦១,២០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង គឺប្រហែលជិត ១៧គីឡូម៉ែត្រក្នុងមួយវិនាទី រីឯ​ Voyager 2 ធ្វើដំណើរ​ក្នុងល្បឿន ៥៥,៣៤៧គីឡូម៉ែត្រ​ក្នុងមួយម៉ោង។ ដើម្បីធ្វើការទាក់ទងពី​ផែនដីទៅ​យាន Voyager 1 តាមរលក​វិទ្យុសញ្ញា​​ គឺ​ត្រូវការពេល​វេលា​ ១៩ម៉ោង ៥៤នាទី​ និង ៣០វិនាទី ខណៈការទាក់ទង​ទៅកាន់ Voyager 2 ចំណាយពេល ១៦ម៉ោង ២៤នាទី និង ៤២វិនាទី។

ខណៈទិន្នន័យ​ពីយានទាំងពីរ ត្រូវគេរំពឹងថា នឹងបន្តបញ្ជូនមកកាន់ផែនដី សម្រាប់រយៈពេល​ពី ០២ឆ្នាំ ទៅ ០៣ឆ្នាំទៀត NASA គ្រោង​នឹង​ចាប់ផ្តើមបិទ​ដំណើរឧបករណ៍​នានា​របស់ពួកវា​ ប្រហែលជានៅឆ្នាំ២០២០ ហើយពេល​ណាមួយនៅ​ចន្លោះឆ្នាំ២០២៥ និង២០៣០ ថាមពល Plutonium នៅលើយានភ្លោះ​ទាំងពីរ​នឹងអស់។

ប្រាកដណាស់ ទោះជាបែបនោះ​ក៏ដោយ យាន Voyager 1 និង Voyager 2 នឹងនៅតែបន្តរសាត់​ទៅមុខ តាមគន្លងធ្វើដំណើរ​​របស់​ពួកវាដដែល ដោយពុំមានគោលដៅ​ពិតប្រាកដឡើយ ពីព្រោះថាចំណុច​សំខាន់សម្រាប់បេសកកម្ម Voyager នេះ គឺបន្ទះឌីស​​ពណ៌​មាស Golden Record ដែលបំពាក់នៅ​លើយានទាំងពីរ។ តើបន្ទះ​ឌីសពណ៌មាស​នោះមានអ្វីពិសេសខ្លះទៅ?

ជាការពិត បន្ទះឌីសទាំងនេះ​មានផ្ទុកនូវសារ​ស្វាគមន៍ តន្រ្តី និងសំឡេង​ផ្សេងៗ​លើ​ភពផែនដី រួមជាមួយរូបភាព ផែនទីភពផែនដី និងព័ត៌មានវិទ្យាសាស្រ្តនានា ដែលត្រូវបានត្រៀម​រៀបចំទុក ក្នុងករណីដែល​យានទាំងពីរគ្រឿង ត្រូវ​បានប្រទះឃើញ​​ដោយជីវិតឆ្លាតវៃណាមួយ នៅក្នុងទីអវកាស​ដ៏សែនឆ្ងាយ។ ទង្វើបែប​នេះ​ក៏ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ដ៏ល្បីល្បាញ គឺលោក Stephen Hawking បាន​ព្រមានជាច្រើន​ដងផងដែរ កាលលោកនៅមានជីវិត៕

ចែករំលែក