តើអ្វីទៅ​ដែលអាច​បង្កើតចក្រឆ្លងប្រព័ន្ធ​ផ្កាយ «Wormhole» ដូចក្នុង​ភាពយន្ត Interstellar 2014?

0

 

(ភ្នំពេញ)៖ គ្រាន់តែលឺថា ច្រកឆ្លង​ប្រព័ន្ធផ្កាយ ឬ Wormhole មនុស្សភាគច្រើន​ប្រាកដជាគិតថា ជារឿង​បោកប្រាស់ ឬជាគ្មាន​អភូតហេតុណា ដែលអាចបង្កើត​មានឡើងនោះឡើយ ប៉ុន្តែខ្សែ​ភាពយន្តប្រឌិត​តាមបែបវិទ្យាសាស្ត្រ​មួយចំនួន បានបង្ហាញតថភាព​របស់បាតុភូត​ចក្រវាឡ​នេះ រួចទៅហើយ ព្រមទាំងបានបង្ហាញនូវអំនះអំណាង​ ពីរបៀបដែលវាត្រូវបានបង្កើតឡើងផងដែរ។ ដូច្នេះ​តើ​បាតុភូត Wormhole ដ៏មហាអស្ចារ្យ អាចកើតមាន​ឡើយយ៉ាង​ដូចម្តេច?

មុននឹងស្វែងយល់ពីរបៀប​នៃការកកើតវាឡើង យើងត្រូវស្វែង​យល់សិនថា តើច្រកអាថ៌​កំបាំង​ឆ្លងប្រព័ន្ធ​ព្រះអាទិត្យ Wormhole គឺជាអ្វីឲ្យ​ប្រាកដ? នៅក្នុងខ្សែភាពយន្ត​​ប្រឌិត​តាមបែប​វិទ្យាសាស្ត្រ Interstellar 2014 ច្រកសម្ងាត់ Wormhole បានរំលេចរូបរាង​នៅក្បែរ​នឹង​គន្លង​គោចររបស់​ភពសៅរ៍ ដោយច្រកនេះ គឺជាកន្លែងផ្លោះ​ចូល​ប្រព័ន្ធព្រះអាទិត្យ​មួយទៀត ដោយប្រើរយៈខ្លីបំផុត​តែមួយយប់ប៉ុណ្ណោះ ហើយរូបភាពមួយ​សន្លឹក​អាចឲ្យលោក​អ្នកយល់​បាន។

តាមរយៈរូបភាព ដែលត្រូវបានបង្កើត​ឡើងដោយក្រុមរូបវិទូ និងអ្នកវិទ្យាសាស្ត្រ​ដែលជឿជាក់​ថា អាចកើតមាន Wormhole នោះ យើងអាចឃើញ​នូវទម្រង់ប្រហោង​ស្រូបចូលគ្នា រវាងជាយ​នៃប្រព័ន្ធ​ព្រះអាទិត្យពីរ ឬអាចជាជាយនៃ​ប្រហោងខ្មៅ ដែលអ្នកនិយម​​តាមដានចំណេះដឹងផ្នែក​វិទ្យាសាស្ត្រតែងតែ​​ចោទសួរថា តើប្រហោងខ្មៅ​​ជាច្រកឆ្លងភព ឬឆ្លងពេលវេលា​​មែនទេ? នៅក្នុងន័យនេះ​វាក៏អាចទៅ​រួចដែរ​ ព្រោះការឆ្លងប្រព័ន្ធ​ព្រះអាទិត្យមួយ ទៅរកភព​ផ្សេងទៀត​ដែលគោលចរ​ជុំវិញប្រហោងខ្មៅ ដូចជាភាពយន្ត Interstellar នោះ នឹងធ្វើឲ្យពេលវេលា​​ទីនោះ ដើរយឺតជាង​ពេលធម្មតា ព្រោះនេះជាឥទ្ធិពល​នៃប្រហោងខ្មៅ។

ដូច្នេះច្រក Wormhole គឺជាកន្លែងដែលកាត់​បន្ថយពេលវេលានៃ​ការធ្វើដំណើរ ដោយទាញ​ប្រព័ន្ធ​ព្រះអាទិត្យ ឬប្រហោងខ្មៅពីរឲ្យនៅកៀកគ្នា តាមរយៈការបង្កើត​ច្រកស្រូប Wormhole នេះជាផ្លូវកាត់ ដូច្នេះហើយយើង​មិនចាំបាច់នៅក្នុងការត្រៀម​យានអវកាស ធ្វើដំណើរ​រាប់រយរាប់ពាន់ឆ្នាំ​ទៅរកភពផ្សេង ដែលស្ថិតនៅចម្ងាយ​រាប់សិបឆ្នាំពន្លឺពីយើង​នោះឡើយ។ ប៉ុន្តែតើ​ច្រក Wormhole នេះកកើតឡើង​ដោយរបៀបណា?

សម្រាប់ចម្លើយនោះ គឺច្រកនេះកើតឡើងនៅពេលដែលចរន្តនៃដែនម៉ាញេទិច ដែលយើង​មិនអាចមើលឃើញ ត្រូវបានបង្កើតចេញមកពីប្រហោងខ្មៅ ដ៏មានឥទ្ធិពលមួយនៅពេលដែល​ចលនាប្រមូលផ្តុំរបស់ដែនម៉ាញេទិចនោះ ឈានដល់ចំណុច​​ដែលគ្រប់គ្រង​លែងបាន ដោយបង្កើតទៅជា​មុខព្រួយនៃ​ដែន​​ម៉ាញេទិច សំដៅឆ្ពោះទៅកាន់​ប្រព័ន្ធ​ព្រះអាទិត្យមួយ​ផ្សេងទៀត ដែលនៅចំមុខព្រួញ​របស់វា​ដោយចៃដន្យ។ ហេតុដូច្នេះ​បើសិនជា​មានជីវិត​ឆ្លាតវៃ​ប្រកបដោយបច្ចេកវិទ្យា​ខ្ពស់ណាមួយ រកឃើញច្រក Wormhole ធម្មជាតិនោះ ពួកគេអាចឆ្លង​មកកាន់​ប្រព័ន្ធប្រហោងខ្មៅ ដែលជា​អ្នកបង្កើត Wormhole នេះបាន។ ស្តាប់ទៅ​ដូចជា​រវើ​រវាយ​ខ្លាំងណាស់ ប៉ុន្តែនេះក៏ជារឿង​ប្រឌិតតាមបែបវិទ្យាសាស្ត្រផងដែរ។

មួយវិញទៀតនៅក្នុងខ្សែ​វីដេអូឯកសារ ដែលជាគោល​​គំនិតត្រូវបានបង្កើតឡើងដោយ លោក Stephen Hawking ស្តីពីលទ្ធភាព​ដែលពពួកអេលៀន​អាចវាយលុក​ភពផែនដីនោះ ក៏បានបង្ហាញអំពី​​របៀប​នៃការបង្កើត Wormhole សិប្បនិម្មិត​នោះដែរ។ ទោះបីជាពួកគេ​គ្មានកម្លាំងម៉ាញេទិច​​ដ៏​ខ្លាំង​ណាពីប្រហោងខ្មៅ ដើម្បីបង្កើតចេញទៅជាច្រកឆ្លងប្រព័ន្ធផ្កាយ Wormhole តាមបែបធម្មជាតិ ប៉ុន្តែជីវិត​​អេលៀន​ដែលឈាន​ដល់សមត្ថភាពខ្លាំងក្លាបំផុតនោះ ពួកគេអាចរិះរកវិធី​ស្រូប​យកថាមពលពី​ផ្កាយ​ធម្មតា​របស់វាពួកគេរហូតដល់គ្រប់ចំនួន​កំណត់ ហើយបង្កើត​ចេញទៅជាច្រក Wormhole ឆ្លងមកកាន់​ភពផែនដី​យើងបាន ដោយប្រើពេលត្រឹម​តែមួយយប់​ប៉ុណ្ណោះ៕

ឯកសារយោង៖ វែបសាយ Live Science និង Space.com

ចែករំលែក