ហេតុអ្វីរាប់ទសវត្សរ៍​មកហើយ យើងនៅ​មិនទាន់រកឃើញ​អេលៀន​ទៀត?

0

 

(អាមេរិក)៖ សម្រាប់រយៈពេល​រាប់ទសវត្សរ៍ មនុស្សលោក​យើងបានតាមស្វែង​រកវត្តមាន នៃសញ្ញាជិវិត​ឆ្លាតវៃនៅ​ក្នុងទីអវកាស ប៉ុន្តែ​រហូតមក​ទល់ពេលនេះ​ ផ្ទៃមេឃនៅតែមានភាព​ស្ងប់ស្ងាត់​ដដែល។ យ៉ាង​ណាមិញ បើតាមការ​សិក្សាថ្មី គឺមកពីពួកយើងមិន​​ទាន់បានប្រឹងប្រែង​ ឲ្យ​អស់ពីសមត្ថភាពនៅឡើយ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពីវែបសាយ Space.com នៅព្រឹក​ថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។

ដូចយើង​បានដឹងហើយថា នៅក្នុងខ្សែភាពយន្ត​ជាច្រើន កាឡាក់ស៊ីពោពេញ​ទៅដោយ​ទម្រង់នៃជីវិត​ឆ្លាតវៃ ដែលធ្វើដំណើរឆ្លង​កាត់​​ទីអវកាស ដោយ​ប្រើប្រាស់យានអវកាសធំៗ និងមានបង្ហាញសញ្ញា​នៃវត្តមានរបស់ពួកគេ ដោយស្តែងៗ​តែម្តង។ ក្នុងជីវិត​ពិតវិញ កម្មវិធីរុរកអេលៀន​ដូចជា Search for Extraterrestrial Intelligence (SETI) មិនធ្លាប់​បានប្រទះឃើញរលក​សញ្ញាណាមួយ គួរឲ្យ​​កត់​​សម្គាល់ ពីទម្រង់ជីវិត​ផ្សេងទៀត​នោះឡើយ។

តេឡេស្កូបប្រភេទ​ចាប់យករលក​វិទ្យុសញ្ញា (Radio Wave) ត្រូវអ្នកវិទ្យាសាស្រ្ត មើលឃើញថា ជាឧបករណ៍​ដ៏សាកសម សម្រាប់​ប្រើប្រាស់​ក្នុងយុទ្ធនាការរុករកបែបនេះ ដោយសារ​តែ Radio Wave អាចធ្វើដំណើរ​យ៉ាងងាយកាត់​ទីអវកាស។ ប៉ុន្តែបើតាមការ​សិក្សាថ្មី ទំហំនៃផ្ទៃមេឃ​ដែលអ្នកស្រាវជ្រាវ បានស្វែងរក​រលកសញ្ញាបែបនេះ គឺមិនធំធេងដូចការស្មាននោះ​ឡើយ។

ទន្ទឹមនេះ ការរុករកនាពេល​បច្ចុប្បន្នរបស់កម្មវិធី SETI ក៏កំពុងផ្តោតទៅ​លើរលកសញ្ញាបែបអុបទិច​ផងដែរ ដោយយោងលើ​​ការ​សន្និ​ដ្ឋាន​ថា ពួកអេលៀន​អាចបញ្ចេញកម្លាំងឡាស៊ែរ​អុបទិច ដ៏ខ្លាំង​ទៅក្នុងចក្រវាឡ ក្នុងទម្រង់ជា​សញ្ញា ឬក៏ជាមធ្យោបាយដើម្បី​រុញ​ច្រាន​យាន​​អវកាស​ធំៗ។

យ៉ាងណាមិញ ទោះបីជាយើងបាន​រុករក​រលកសញ្ញា​ទាំងបែប Optical ឬ Radio Wave ដោយហ្មត់ចត់​ក៏ដោយក្តី ផ្ទៃមេឃដែល​មា​វត្តមានពួកវាក៏​អាចធានាបាន​ថា ទំហំធំធេងនោះដែរ ពីព្រោះថា​ក្នុងដំណើរប្រវត្តិសាស្រ្ត​របស់ពួកគេ អេលៀនឆ្លាតវៃ​ប្រហែលជា​បានជួបប្រទះបាតុភូត​ចម្លែកៗជាច្រើន ដែលមនុស្សលោក​មិនធ្លាប់ជួប ហើយ​បាតុភូតខ្លះក្នុង​ចំណោមនោះ អាចមាន​ប្រយោជន៍​ក្នុង​ការបង្កើតចេញ​ជារលកសញ្ញា​ផ្សេងៗដែលយើងកំពុងព្យាយាមចាប់យក។

ក្រោពីនេះ ក៏អាចនៅមានគោលការណ៍​រូបវិទ្យាជាច្រើនផ្សេងទៀត ដែលយើងមិនទាន់​​អាចបកស្រាយ ឬយល់បានស៊ីជម្រៅ​នោះ​ដែរ ដូច្នេះហើយចូរ​គិតមើលថា ប្រសិនបើអ្នកព្យាយាមធ្វើការទាក់ទង​ជាមួយ​មនុស្សសម័យ​បុរេប្រវត្តិ ដោយប្រើប្រាស់​អាយកូម តើអ្នក​នឹង​​ទទួលបានការ​ឆ្លើយតបដែរ ឬអត់។ ដូច្នេះបើយើង​ប្រើការគិតនេះទៅលើ​អេលៀន នោះវាក៏អាច​មិនខុសគ្នានោះដែរ

សរុបសេចក្តីមក ការស្វែង​រកអេលៀន​របស់កម្មវិធី SETI សព្វថ្ងៃនេះ គឺប្រៀប​ដូចជា​ការសង្កេតមើល​ទឹក​​សមុទ្រមួយកែវ ហើយសន្និដ្ឋាន​​ថា​ វាអត់មានត្រីនោះទេ​នៅក្នុងមហាសមុទ្រ​​ដ៏ធំល្វឹងល្វើយ។ ប៉ុន្តែបើសិនជាយើង អាចពង្រីកទឹក​មួយកែវ ទៅជាទឹកស្រះ ឬបឹង ឬក៏អាចឈានដល់​សមុទ្រនោះ ចម្លើយ​យ៉ាងងាយ គឺគ្មាននរណាមួយជឿថា «សមុទ្រគ្មានត្រីនោះ​ឡើយ»។ ដូច្នេះ​វា​មានន័យថា ការប្រឹងប្រែង​របស់មនុស្សលោកបច្ចុប្បន្ន នៅមិនទាន់​ដល់កម្រិត៕

ចែករំលែក