រឿងធំៗពីរដែលយាន OSIRIS-REx ត្រូវប្រយ័ត្នខ្លាំងបំផុត ពេលជិតទៅអាចម៍ផ្កាយ Bennu

0

 

(អាមេរិក)៖ បន្ទាប់ពីក្រុម​ជំនាញដ៏ធំមួយ​របស់អង្គការ NASA បានចំណាយ​ពេលវេលា និងថវិកាសរុប ៨០០លានដុល្លារ ដើម្បីកសាងយាន​អវកាស OSIRIS-REx នោះ ពួកគេពេលនេះ​ក៏កំពុងតែប្រយ័ត្នប្រយែង​បំផុតដែរ ក្នុងការធ្វើយ៉ាងណា​ឲ្យយាននេះ អាចទៅដល់​អាចម៍ផ្កាយ Bennu ដោយសុវត្ថិភាព និងមិនបុកទង្គិច​ជាមួយដុំថ្មអវកាស​ណាមួយជាយថាហេតុ​នោះឡើយ។ នេះបើតាមការ​ចេញផ្សាយដោយ​វែបសាយ Space នាយប់​ថ្ងៃចន្ទ ទី២២​ ខែតុលា ឆ្នាំ២០១៨។

បើតាមការបញ្ជាក់របស់ក្រុមគ្រប់គ្រងបេសកកម្ម OSIRIS-REx យាននេះនៅសល់តែ​ជិត ១លានគីឡូម៉ែត្រទៀតប៉ុណ្ណោះ នឹងទៅដល់អាចម៍ផ្កាយ Bennu ហើយ ដោយពេលនេះ​ក្រុមការងារទាំង​មូលកំពុងតែប្រយ័ត្នប្រយែងបំផុត ព្រោះបើធ្វេស​ប្រហែសតែបន្តិច យើងអាចបាត់បង់​វាទៅតែម្តង។ រឿងធំៗបំផុត​ពីរដែល NASA កំពុងព្រួយបារម្ភ នោះគឺកម្ទេច​ធូលីអាចចូលក្នុងយាន និងមួយទៀត គឺយាន OSIRIS-REx អាចប៉ះទង្គិច​ជាមួយដុំថ្មអវកាស​តូចៗ (ព្រះច័ន្ទ) របស់​អាចម៍ផ្កាយ Bennu។

សម្រាប់ពេល​វេលាជាក់លាក់នោះ គឺមិនទាន់ត្រូវបាន​បញ្ជាក់នោះឡើយ ប៉ុន្តែបើតាម​ក្រុម​ជំនាញ OSIRIS-REx និងចាប់ផ្តើម​រៀបចំគន្លង​គោចរជុំវិញ Bennu ដើម្បីធ្វើ​ជាផ្កាយ​រណបអង្កេតជុំវិញ​អាចម៍ផ្កាយ​នោះតែម្តង នៅអំឡុង​ខែធ្នូ ចុងឆ្នាំ២០១៨ ហើយវានឹង​ត្រូវហោះហើរ​យ៉ាងហោចណាស់​ពី ៤០ ទៅ ៥០គីឡូម៉ែត្រពី Bennu ដើម្បីធ្វើ​ការ​សិក្សា​អំពី​លក្ខណៈទូទៅ នៃអាចម៍ផ្កាយដែល​មានមុខកាត់​ជាង ៤០០ម៉ែត្រនេះ។

គួរបញ្ជាក់ថា អាចម៍ផ្កាយ Bennu ត្រូវបានរកឃើញ​កាលពីខែកញ្ញា ឆ្នាំ១៩៩៩ និងមាន​គន្លងគោចរ​ព័ទ្ធ​ជុំវិញព្រះអាទិត្យដូចជាភព​ផែនដីដែរ ប៉ុន្តែមួយឆ្នាំរបស់វា គឺមានរយៈពេល ៤៣៨ថ្ងៃ បើធៀបនឹងភពផែនដី ៣៦៥ថ្ងៃ។ បេសកកម្ម​កាន់តែគួរឲ្យចាប់អារម្មណ៍ នៅឆ្នាំក្រោយនេះ OSIRIS-REx នឹងហោះពីលើ Bennu ក្នុងរយៈកម្ពស់តែ ៥គីឡូម៉ែត្រ​ប៉ុណ្ណោះ ដើម្បីធ្វើការផ្តិតរូបភាព និងសិក្សា​ឲ្យកាន់តែស៊ីជម្រៅ។

យានខាងលើ ដែលមានតម្លៃ៨០០លានដុល្លារ និងមានឈ្មោះពេញថា Origins, Spectral Interpretation, Resource Identification, Security, Regolith Exploer ដ៏វែងនោះ ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ចេញពីរដ្ឋផ្លូរីដា។ ប្រសិនអ្វីៗ​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក​ទាំងអស់ យាន OSIRIS-REx នឹង​ទៅដល់គោលដៅ​នៅដើមខែធ្នូ​ចុងឆ្នាំនេះ រួចធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​​លើ​អាចម៍​ផ្កាយ Bennu ពីចម្ងាយ​សម្រាប់​មួយរយៈពេល ហើយនឹងចូល​ទៅកៀក​​ដើម្បីប្រមូល​យក​​គំរូ​តាង​ពី​ផ្ទៃ​នៃ​ដុំថ្មអវកាស​​នេះ នៅខែកក្កដា ឆ្នាំ២០២០។ គំរូតាង​​ដែល​ប្រមូលបាន​ទាំងប៉ុន្មាន ក្រោយមកនឹង​ត្រូវបញ្ជូន​មកកាន់​ផែនដី តាមរយៈយាន​កាប់ស៊ុល (Capsule) ពិសេសមួយ​នៅខែកញ្ញា​ ឆ្នាំ២០២៣។

ប្រសិនបើអ្វីៗ​ប្រព្រឹត្តទៅដោយរលូន​តាមការគ្រោងទុកទាំងអស់ យានស្រាវជ្រាវ​នេះ ​នឹងធ្វើការសិក្សា​ទៅលើ Bennu ពី​​​​គន្លង​របស់វា​សម្រាប់រយៈពេលជាង ០២ឆ្នាំ តាមរយៈការ​ប្រមូលយកទិន្នន័យ​ជាច្រើន។ OSIRIS-REx ក៏នឹងត្រូវចុះ​ទៅយកគំរូតាង​​របស់​អាចម៍ផ្កាយផងដែរ មុនពេល​ចាកចេញពី​ Bennu វិញនៅ​ខែមីនា ឆ្នាំ២០២១ ហើយ​គំរូ​តាងនោះ​នឹងត្រូវបញ្ជូន​ចុះមកផែនដី​តាមយាន​ Capsule ពិសេសមួយ​នៅខែកញ្ញា ឆ្នាំ២០២៣៕

ចែករំលែក