(អាមេរិក)៖ ថ្មីៗនេះទីភ្នាក់ងារអវកាស NASA និងកងទ័ពអាកាសអាមេរិកបានធ្វើតេស្តជាលើកដំបូងនូវ ប្រព័ន្ធទ្រទ្រង់ និងថែរក្សាជីវិត (Survival System) សម្រាប់ពេលអវកាសយានិក ត្រឡប់ចុះពីទីអវកាសមកដល់ផែនដីវិញ គិតចាប់តាំងតែពីកម្មវិធី Space Shuttles ត្រូវបានបិទបញ្ចប់កាលពីឆ្នាំ២០១១។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។
ការធ្វើតេស្តនេះ គឺជាផ្នែកមួយនៃការត្រៀមរៀបចំរបស់ NASA សម្រាប់ការបញ្ជូនមនុស្សឡើងទីអវកាសជាលើកទីមួយ តាមរយៈយានអវកាស Orion របស់ខ្លួន ដែលរចនាឡើងដើម្បីនាំយកអវកាសយានិក ឡើងទៅកាន់ទីអវកាសដែលនៅក្បែរភពយើង ព្រមទាំងគោលដៅឆ្ងាយៗដូចជាព្រះច័ន្ទ និងភពអង្គារ (Mars) ជាដើម។
ស្ថានភាពនៃការធ្វើតេស្តខាងលើ ត្រូវបានផ្តោតទៅលើប្រព័ន្ធ ដែលមានតួនាទីការពារអវកាសយានិក ក្នុងការចុះមកលើដែនសមុទ្រនៅក្រោមលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។ នាអំឡុងនៃការធ្វើតេស្ត NASA និងទ័ពអាកាសអាមេរិក បានសិក្សាទៅលើឧបករណ៍ពោងអណ្តែតលើផ្ទៃទឹក ដែលអនុញ្ញាតឲ្យក្រុមអវកាសយានិក ចាកចេញពីយាន Capsule ព្រមទាំងប្រព័ន្ធបាញ់សញ្ញា (Beacon System) ដែលជួយឲ្យក្រុមអ្នកសង្រ្គោះ អាចកំណត់ទីតាំងក្រុមអវកាសយានិកបាន។
ការធានាសុវត្ថិភាពអវកាសយានិក បានក្លាយជារឿងចម្បងគេបន្ទាប់មានការទទួលបរាជ័យ នៃការបាញ់បង្ហោះយានរុស្ស៉ី Soyuz កាលពីថ្ងៃទី១១ ខែតុលា ដែលបានធ្វើឲ្យអវកាសយានិកពីរនាក់ ត្រឡប់ចុះមកផែនដីវិញ ក្រោយពីគ្រាប់រ៉ុក្កែតរបស់ពួកគេ ត្រូវបាញ់បង្ហោះចេញពីផែនដីបានប៉ុន្មាននាទីប៉ុណ្ណោះ។ ប្រព័ន្ធសុវត្ថិភាពដែលផ្តាច់យាន Capsule ចេញពីគ្រាប់រ៉ុក្កែតមានបញ្ហានោះ មិនធ្លាប់ត្រូវបានប្រើប្រាស់ឡើងក្នុងពេល ៣៥ឆ្នាំ ចុងក្រោយនេះ។
គួរជម្រាបថា យានអវកាស Orion របស់ NASA ត្រូវបានរចនាឡើង ដើម្បីហោះហើរលើគ្រាប់រ៉ុក្កែត SLS ដែល NASA ផលិតមិនទាន់ហើយនោះទេ។ សម្រាប់ការបញ្ជូនអវកាសយានិកឡើងទីអវកាសតាមរយៈយាននេះ ត្រូវគេកំណត់ថា នឹងចាប់ផ្តើមនៅដើមទសវត្សរ៍២០២០ ដែលជាហេតុធ្វើឲ្យ NASA មានពេលវេលាច្រើន ដើម្បីធ្វើការធានាប្រព័ន្ធសុវត្ថិភាពទាំងអស់ អាចដំណើរការទៅបានជាធម្មតា នៅក្រោមលក្ខខណ្ឌមិនអំណោយផលនានា៕