(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA ទើបតែបានបញ្ចេញរូបភាពថ្មីមួយទៀត ដែលថតបានដោយកែវយឺតអវកាស Spitzer ដែលមានបានឆ្លុះមើលទៅកាឡាក់ស៊ី Milky Way ដើម្បីស្វែងរកតំបន់បង្កើតផ្កាយឈ្មោះថា Cat’s Paw និងពពុះអវកាសដ៏ធំ ដែលវាកំពុងបន្តបំប៉ោងឲ្យកាន់តែធំឡើងៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ BGR នៅព្រឹកថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។
តំបន់ Cat’s Paw Nebula មានឈ្មោះបែបនេះ គឺដោយសារតែរូបរាងប៉ោងៗរបស់ ប្រៀបដូចជាដានជើងសត្វឆ្មា។ ដុំប៉ោងៗទាំងនោះ ត្រូវអ្នកវិទ្យាសាស្រ្តជឿជាក់ថា គឺជាឧស្ម័នអវកាសដែលកើនឡើងកម្តៅ នៅជុំវិញក្រុមផ្កាយទើបកកើតឡើងថ្មី ដែលទិដ្ឋភាពបែបនេះ គឺងាយនឹងចាប់បានដោយកែវយឺតអវកាស។
NASA បានធ្វើការបកស្រាយថា បន្ទាប់ពីសំណុំឧស្ម័ន និងធូលីអវកាសនៅក្នុងតំបន់នោះ បានរួមបញ្ចូលគ្នាបង្កើតចេញពីផ្កាយថ្មីៗ ផ្កាយទាំងអស់នោះប្រហែលជាបង្កើនកម្តៅនៃឧស្ម័ន ដែលរងសម្ពាធនៅជុំវិញពួកវា ហើយជំរុញឲ្យឧស្ម័ននោះរីកខ្លួនទៅក្នុងទីអវកាស និងកើតចេញឡើងដុំពពុះតែម្តង។
គួរជម្រាបថា គែមជិតបំផុតនៃ Cat’s Paw Nebula ស្ថិតនៅចម្ងាយប្រហែលព ៤,២០០ឆ្នាំពន្លឺពីផែនដី ប៉ុន្តែលាតសន្ធឹងរហូតដល់ចម្ងាយ៥,៥០០ឆ្នាំពន្លឺពីភពរបស់យើង ខណៈកាឡាក់ស៊ី Milky May ត្រូវគេជឿជាក់មានមុខកាត់ប្រវែងចន្លោះពី ១៥០,០០០ឆ្នាំពន្លឺ ទៅ ២០០,០០០ឆ្នាំពន្លឺ៕