តើយាន​អវកាស New Horizons ហោះទៅដល់ទីណាហើយ និងកំពុង​ត្រៀម​ធ្វើអ្វី?

0

 

(អាមេរិក)៖ មកដល់​ថ្ងៃទី២៤ ខែតុលា នេះ យាន​អវកាស New Horizons នៅតែ​កំពុង​ហោះទៅមុខ​​​យ៉ាងលឿនស្លេវ (៤០គីឡូម៉ែត្រ​ក្នុងមួយវិនាទី) ក្រោយពី​​វាបាន​ចាកចេញពីភព​ភ្លុយតូ កាលពី​ឆ្នាំ២០១៥ កន្លងទៅនេះ ដើម្បីសំដៅឆ្ពោះទៅ​កាន់តំបន់​ជាយបំផុត នៃប្រព័ន្ធព្រះអាទិត្យ​​របស់យើង។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មាន Space Ref នារសៀល​ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។

ឆាប់ៗនេះក្រុមការងារ​តាមដានយាន New Horizons របស់អង្គការ NASA នឹងធ្វើការ​ទាក់ទងទៅកាន់​យាននេះម្តងទៀត មុខនឹងវាទៅដល់វត្ថុអវកាស​ធំមួយឈ្មោះ Ultima Thule ស្ថិតនៅតំបន់​ខ្សែក្រវ៉ាត់អាចម៍ផ្កាយ Kuiper Belt នៅអំឡុងដើម​ឆ្នាំ២០១៩ ព្រមទាំងធ្វើការហោះព័ទ្ធ​ជុំវិញវត្ថុអវកាសនោះ ដើម្បីថតរូប និងស្រង់​យក​ទិន្នន័យ​សំខាន់ៗដែលអំណោយ​ផលដល់ការសិក្សា​ផងដែរ។

ការហោះព័ទ្ធជុំវិញ Ultima Thule នឹងត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ហើយវានឹងក្លាយជាការហោះព័ទ្ធជុំវិញវត្ថុអវកាស ស្ថិតនៅឆ្ងាយបំផុតមិនធ្លាប់មាន​យាន​ណាបានធ្វើនោះឡើយពីមុនមក រួមទាំងយាន Voyager ទាំងពីរគ្រឿង។ សម្រាប់​ថ្ងៃ​ហោះព័ទ្ធជុំវិញនោះ ក្រុមការងាររបស់អង្គការ NASA ក៏នឹងមានការបើកទូលាយឲ្យ​មហាជន សួរសំនួរគ្រប់យ៉ាងពាក់ព័ន្ធនឹងបេសកកម្មរបស់ New Horizons ផងដែរ។

កាលពីថ្ងៃទី០២ ខែតុលា អង្គការ NASA ធ្លាប់បាន​ប្រកាសថា ការហោះព័ទ្ធ​ជុំវិញអាចម៍​ផ្កាយយក្ស Ultima Thule នឹងត្រូវធ្វើ​ឡើង​នៅរយៈពេល ១០០ថ្ងៃទៀត ពោលគឺ​នៅចំថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះតែម្តង។ Ultima Thule មានមុខ​កាត់ជិត ៤០គីឡូម៉ែត្រ ស្ថិតនៅគោចរ​ឆ្ងាយពីភពភ្លុយ​តូប្រមាណ ១.៦ពាន់​លានគីឡូម៉ែត្រ​ឯណោះ (ភ្លុយតូបច្ចុប្បន្ន​មានចម្ងាយពី​ព្រះអាទិត្យ ៤.៤ពាន់លាន​គីឡូម៉ែត្រ)។

យានអវកាស New Horizons នឹងគោចរជុំវិញ Ultima Thule ក្នុងរយៈចម្ងាយជាង ៣,៥០០គីឡូម៉ែត្រ ហើយវានឹងប្រើប្រាស់កាមេរ៉ា Zoom ទៅរកផ្ទៃ​របស់អាចម៍​ផ្កាយយក្ស​នេះតែម្តង ទើបបញ្ជូនរូបភាពមកផែនដីវិញជាក្រោយ។ ក្រុមការងារ New Horizons ក៏បានសម្រេចជ្រើស​រើស​អាចម៍ផ្កាយ Ultima Thule ឬ 2014 MU69 ព្រោះដោយសារវាស្ថិតក្នុងទីតាំងអំណោយ​ផលមួយ នៅឆ្ងាយពីភ្លុយតូ ហើយមិនត្រូវ​ការប្រើប្រាស់ឥន្ទនៈច្រើន ដើម្បី​ឲ្យ New Horizons ផ្លាស់ប្តូរ​គន្លង​ធ្វើ​ដំណើររបស់វា ដើម្បីទៅ​ជួបដុំ​ថ្ម​អវកាសនេះ​ឡើយ។

គួរបញ្ជាក់ថា យានអវកាស New Horizons ត្រូវបានបាញ់​បង្ហោះចេញពីភពផែនដី​កាលពី​ឆ្នាំ២០០៦ និងទៅដល់ប្រព័ន្ធភពភ្លុយតូកាលពីខែកក្កដា ឆ្នាំ២០១៥។ យាន​នេះបានថត​រូបពិតមិនធ្លាប់មាន​របស់ភពភ្លុយតូ ក្រោយពីភពបម្រុង​នេះត្រូវបាន​តេឡេស្កូបលើផែនដី​រកឃើញកាលពី​ឆ្នាំ១៩៣០។ ភពភ្លុយតូបាន​របូតនាមជាភព​ទី ៩ នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យកាលពីឆ្នាំ២០០៦ ដោយសារតែ​វាមានទំហំតូចពេក និង​មានគន្លង​ល្អៀង​គោចរ​​ជុំវិញព្រះអាទិត្យ បើធៀបនឹង​ភពទាំង ៨ ទៀត៕

ចែករំលែក