ការសិក្សាថ្មី៖ តាមពិតប្រហោងខ្មៅ (Black Hole) និងកាឡាក់ស៊ី ពិតជា​អាចរួមបញ្ចូលគ្នា!

0

 

(ឡុងដ៍)៖ លទ្ធផលនៃការសិក្សាថ្មីមួយ បានផ្តល់ការគាំទ្រថែមទៀត ដល់ទ្រឹស្តីដែលថា ប្រហោងខ្មៅ (Black Hole) និងកាឡាក់ស៊ី​នៅ​ក្នុងចក្រវាឡ​យើង ជាទូទៅគឺអាច​រួមចូលគ្នា ហើយបង្កើតចេញ​ទៅជា​កាឡាក់ស៊ី និងប្រហោងខ្មៅ​កាន់តែធំ​ឡើងៗ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។

តារាវិទូមកពីសាកលវិទ្យាល័យ​អង់គ្លេស ហឺតហ្វដស៊ឺ (Hertfordshire) សហការជាមួយ​អ្នកវិទ្យាសាស្រ្តអន្តរជាតិ​មួយក្រុម បានធ្វើការសិក្សា​ស្រាវជ្រាវ​រក​ឃើញនូវភស្តុតាង​នៃវត្តមាន​នៃប្រហោងខ្មៅ​ភ្លោះជាច្រើន ដែលអាចនឹង​ច្របាច់បញ្ចូលគ្នា​ ក្នុងអំឡុងពេល​ដ៏យូរណា​មួយ ហើយក្លាយ​ទៅជាប្រហោងខ្មៅធំៗមហិមា ដូចទ្រឹស្តីដែល​ក្រុមអ្នកតារាវិទូ ​បានលើកឡើងប៉ុន្មានទសវត្សរ៍មកនេះ។

ការ​សិក្សាដែល​ចេញផ្សាយនា​ថ្ងៃពុធសប្តាហ៍​នេះ កាន់តែគាំទ្រថែម​ទៀតដល់​ទ្រឹស្តីថា ប្រហោងខ្មៅ និងកាឡាក់ស៊ី​ក្នុងចក្រវាឡ​អាចរួម​ចូលគ្នា ហើយបង្កើត​ចេញពីកាឡាក់ស៊ី​ និងប្រហោងខ្មៅ​កាន់តែធំ​ជាងមុន ហេតុដូច្នេះបានជាការអង្កេតតាមរយៈតេឡេស្កូប កាន់តែមានភាពសកម្មជាងមុន ទៅលើបណ្តាប្រហោង​ខ្មៅដែលជាមុខសញ្ញា។

គួរជម្រាបថា របកគំហើញនៃវត្តមាន​ប្រហោងខ្មៅភ្លោះទាំងនេះ ត្រូវបានធ្វើ​ឡើងតាមរយៈ​ការតាមដានទិសដៅ​នៃ​កំសួលថាមពល​ ដែលចេញមកពី​ប្រហោងខ្មៅ ហើយក៏បានរកឃើញ​សញ្ញាថា ប្រហោងខ្មៅ​ជាច្រើន​កំពុងធ្វើគោចរ​នៅជុំវិញប្រហោង​ខ្មៅមួយ​ផ្សេង​​ទៀត៕

ចែករំលែក