ជាអាចម៍​ផ្កាយ ឬជាផ្កាយ​ដុះកន្ទុយ ទើបមាន​ពណ៌ខៀវចម្លែក និងបង្កជា​បាតុភូតទេព្យច្យុត​លើផែនដីបែបនេះ?

0

 

(អាមេរិក)៖ អាចម៍ផ្កាយ​ចម្លែកមួយដុំមានពណ៌ខៀវ ដែលមើលទៅដូច​ជាអាចម៍ផ្កាយ​ដុះកន្ទុយ និងទំនងជាមូលហេតុ​នៅពីក្រោយ​​បាតុភូត​ទេពច្យុត Geminid ដែលកើតឡើង​ជារៀងរាល់ឆ្នាំនោះ ត្រូវអ្នកវិទ្យាសាស្រ្ត​បង្ហើបឲ្យដឹងនា​ពេលនេះថា ធ្លាប់បានហោះ​មក​កៀកផែនដី​កាលពីឆ្នាំមុន ដែលជាឱកាស​ពុំធ្លាប់មាន សម្រាប់​ឲ្យ​តារាវិទូសិក្សា​ដោយលម្អិតទៅ​លើដុំអវកាស​នេះ។ នេះបើតាម​ការ​ដក​ស្រង់​ការ​​ផ្សាយ​ចេញពី វែបសាយ Space.com នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។

អ្នកវិទ្យាសាស្រ្ត​បានរកឃើញថា អាចម៍មួយនោះក៏កាន់​តែមានលក្ខណៈចម្លែកជាង អ្វីដែលពួក​គេរំពឹងទុកទៅទៀត។ អាចម៍ផ្កាយ 3200 Phaethon គឺជាថ្មអវកាស​ពិសេសមួយដុំ ដែលមានពណ៌ខៀវ​យ៉ាងកម្រ និងមានគន្លង​គោចរប្លែកពីគេ ដែលធ្វើឲ្យ​វា​ធ្វើ​ដំណើរ​​​ក្នុងចម្ងាយយ៉ាងកៀក​ទៅនឹងព្រះអាទិត្យ ហើយក្រោយមក​ក៏ចេញហួសផុតពីគន្លង​របស់ភពអង្គារ (Mars)។ មួយជុំនៃ​គន្លងគោចរ​របស់វា ស្មើនឹង​ ១.៤ឆ្នាំនៅលើផែនដី ហើយគន្លង​ធ្វើដំណើរ​ប្រភេទនេះ ភាគច្រើនគឺសម្រាប់​តែផ្កាយដុះ​កន្ទុយ (Comet) ឯណោះ​​វិញទេ មិនមែន​អាចម៍ផ្កាយ (Asteriod) ឡើយ។

ប៉ុន្តែខណៈវាដើរតួដូចជា Comet រូបរាងរបស់វាមើលទៅ គឺមិនដូចនោះទេ។ នៅពេល​ដែល Comet ទៅកៀកនឹង​​ព្រះអាទិត្យ ពួកវា​តែង​បង្កើតចេញពី​សំណុំពពក​ដែលគេហៅថា «Coma» និងដាននៃធូលី​ក៏ដូចជាឧស្ម័នអវកាស ដែលប្រៀបដូច​ជាកន្ទុយដ៏វែងមួយ​ វែងអន្លាយនៅពីក្រោយវា។ ដោយ​ឡែក Phaethon តែងមើលទៅប្រៀបដូចជាចំណុច​តូចមួយ​រសាត់ក្នុងទីអវកាស ដោយមាន​ដានធូលីដ៏តូចឆ្មា​ៗប៉ុណ្ណោះ។

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ អាចម៍​ផ្កាយ Phaethon បានធ្វើដំណើរ​មកកៀកផែនដី​ជាលើកដំបូង គិតចាប់តាំង​ពីឆ្នាំ១៩៧៤ នៅ​រយៈចម្ងាយ​១០.៣លានគីឡូម៉ែត្រពី​ផែនដី។ នាពេល​នោះអ្នកវិទ្យាសាស្រ្ត ក៏បាន​ឆ្លៀតឱកាស​ស្វែងយល់ថែម​ទៀតពីលក្ខណៈ ​និងប្រភព​របស់​អាចម៍ផ្កាយ​នោះ។

លទ្ធផលមួយក្នុងចំណោមការរក​ឃើញ​ ដែលចេញការអង្កេត​របស់អ្នកវិទ្យាសាស្រ្ត​ទៅលើ Phaethon នៅពេល​វាហោះកាត់កៀក​​ផែនដី អាចនឹងធ្វើឲ្យ​ទ្រឹស្តីនាពេល​បច្ចុប្បន្នអំពី​ប្រភពរបស់ Phaethon មិនអាចយក​ជាការបាន។ តារាវិទូរហូត​មកទល់ពេល​នេះ​ បានសង្ស័យ​ជាយូរមកហើយថា Phaethon គឺជាបំណែក​នៃអាចម៍ផ្កាយពណ៌ខៀវ​ដ៏ធំមួយឈ្មោះថា Pallas។

ក្រៅពីនេះ អ្នកស្រាវជ្រាវបាន​រកឃើញទៀតថា ផ្ទៃរបស់ Phaethon គឺមានពណ៌​ខៀវស្មើៗគ្នា ដែលមានន័យថា ផ្នែកនៃ​ថ្មអវកាសនេះ​បានទទួលរង​ការដុតកម្តៅពីព្រះអាទិត្យ​ ដោយស្មើឥតលម្អៀង​កន្លែងណា​នោះទេ។ ពណ៌ខៀវ​​របស់ Phaethon គឺជាភស្តុតាង​​បង្ហាញ​ថា អាចម៍ផ្កាយនេះ​នៅពេលទៅ​កៀកព្រះអាទិត្យ អាចបានទទួល​រងកម្តៅដល់​ទៅ​ ៨០០អង្សាសេ។

ទាក់ទិននឹងបាតុភូត​ទេពច្យុត Geminid ដែលតែងកើតមាន​ជារៀងរាល់ខែធ្នូវិញ គឺជាបាតុភូតទេពច្យុត​តែមួយគត់ ដែលទំនងជា​មាន​​ប្រភពមកពីវត្ថុផ្សេង​ក្រៅពី​ Comet។ Comet គឺជាថ្មអវកាសដ៏​ត្រជាក់ដែលមាន​ផ្ទុក​ទឹកកក ថ្ម ធូលី និងឧស្ម័ន ហើយនៅពេល​ដែលវា​​នៅកៀក​ព្រះអាទិត្យ រូបធាតុទាំងនេះ​មួយចំនួននឹងហួត ហើយបំណែកតូចៗ​របស់វានឹងប្រេះរបូតចេញ ដែលជាហេតុបង្ក​ឲ្យ​មានដាន​​នៃកម្ទេចកម្ទីរ​រូបធាតុរបស់ Comet នៅក្នុង​ទីអវកាស ខណៈនៅពេល​ផែនដីគោចរកាត់​ដានកម្ទេចកម្ទីរ​ទាំងនោះ ពួកយើងក៏​បាន​មើលឃើញ​បាតុភូត​ទេពច្យុត។

ចំណែក Asteroid ដូចជា Phaethon វិញគឺជាថ្ម​អវកាសដែលរឹង និង​ពុំមានប្រតិកម្ម​ដូចជា​ Comet នៅពេលពួកវា​ទៅកៀកព្រះអាទិត្យ​​ឡើយ ហើយអ្នកវិទ្យាសាស្រ្ត​នៅតែមិនទាន់ច្បាស់​នោះទេថា តើ Phaethon បានបង្កើតបាតុភូត​ទេពច្យុត Geminid យ៉ាងដូចម្តេច។ ​​​ខណៈដែល​រូបធាតុខ្លះៗ​អាចជ្រុះចេញពី​ផ្ទៃរបស់ Phaethon ក៏ដោយ ប៉ុន្តែគឺមិន​គ្រប់គ្រាន់​សម្រាប់ការ​កើតមាននៃបាតុភូត​ទេពច្យុត Geminid នោះទេ។​​
មុនពេលរកឃើញ Phaethon កាលពីឆ្នាំ១៩៨៣ អ្នកស្រាវជ្រាវ​ពុំដឹងថា ទេពច្យុត Geminid មកពីខាង​ណានោះទេ ប៉ុន្តែក្រោយពី​បាន​​តាមដានឃើញថា គន្លងគោចរ​របស់ Phaethon គឺត្រូវគ្នាជាមួយដាន​កម្ទេចកម្ទីរ​ ដែល​បង្កឡើង​ដោយ​បាតុភូត​ទេព​​​ច្យុត​​​ប្រចាំ​​ឆ្នាំ​នេះ តារាវិទូក៏បាន​កំណត់ថា Phaethon ច្បាស់ជាប្រភព​នៃបាតុភូតទេពច្យុត​នេះ។

ជុំវិញចម្ងល់នៅពី​ការកកើតឡើង នៃទេពច្យុត Geminid អ្នកវិទ្យាសាស្រ្ត​បានលើកឡើងលទ្ធភាព​មួយចំនួន ក្នុងនោះរួមមាន​ការ​សង្ស័យថា Phaethon អាចបុកគ្នាជា​មួយវត្ថុមួយផ្សេងទៀត​ក្នុងទីអវកាស ហើយ​បាតុភូត​ទេពច្យុត Geminid កើតចេញពី​​ហេតុ​ការណ៍​ប៉ះទង្គិចគ្នានោះ។ រីឯមួយ​ទៀត គឺ Phaethon អាច​ Comet ដែលផុត​ពូជ ឬជា Comet ដែលបានវិវត្តន៍​ខ្លួនទៅជា Asteriod ក្នុងអំឡុងពេល​ដ៏យូរមួយ។

គួរជម្រាបថា លទ្ធផល​នៃការសិក្សាថ្មីនេះ នឹងផ្តល់​អត្ថប្រយោជន៍ ​សម្រាប់អ្នកវិទ្យាសាស្រ្ត​នៃទីភ្នាក់ងារអវកាស​ជប៉ុន JAXA ដែល​​កំពុងតែរៀបចំគម្រោង​បេសកកម្ម​មួយឆ្ពោះ​ទៅកាន់ Phaethon។ បេសកកម្មនោះ​មានឈ្មោះថា DESTINY+ ដែលនឹង​ត្រូវបញ្ជូន​ឡើងទៅទីអវកាស​នៅឆ្នាំ២០២២ ដើម្បីទៅសិក្សា​លើអាចម៍ផ្កាយ Phaethon និងថ្មអវកាស​ដទៃទៀត ដែល​នៅក្បែរផែនដី៕

ចែករំលែក