មាននរណា​មកកាត់ទេដឹង បានជាត្រឹម​ស្មើយ៉ាងនេះ! NASA ផ្តិតរូបភាព​ផ្ទាំងទឹកកក​ចម្លែក​នៅប៉ូល​ភពផែនដី (រូបភាពខាងក្នុង)

0

 

(អាមេរិក)៖ កាលពីសប្តាហ៍​មុនមនុស្សនៅទូទាំង​ពិភពលោក ទើបបានឃើញ​កំណាត់ទឹកកក (Iceberg) មួយផ្ទាំង​ ដែល​មាន​រាង​យ៉ាង​ចម្លែក​មួយ នៅក្នុងរូបភាព​ដែលថត​បានដោយ​អ្នកវិទ្យាសាស្រ្ត​នៃអង្គការ NASA លោក ជែរេមី ហាប៊ែក (Jeremy Harbeck) នៅ​លើ​តំបន់ភាគ​ខាង​ជើង​​ឧបទ្វីប​​អង់​​​តាក​​ទិច​​។ នេះបើតាម​ការដកស្រង់ការផ្សាយចេញ​ពីវែបសាយ Space.com នៅរសៀល​ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។

ប៉ុន្តែ Iceberg មួយនោះ​ពុំមែនមានតែឯងឡើយ ដោយលោក Harbeck ក៏បានប្រទះ​ឃើញកំណាត់ផ្ទាំងទឹកកក​ចម្លែកៗ​​បែបនេះ​ មួយ​ចំនួន​ទៀតផងដែរ។ ​ផ្ទាំងទឹកកក​រាងចម្លែកទាំងនេះ ត្រូវគេហៅថា តាប៊ូឡា អាយស្បឺក «Tabular Iceberg»។

បើតាមរូបភាពថ្មី​ដែល​អ្នក​វិទ្យា​សាស្រ្ត​រូប​នេះ​​ទើប​តែបញ្ចេញ គេមើលឃើញ​ជ្រុងមួយផ្នែក​របស់ Iceberg មួយផ្ទាំងមាន​​រាង​ជាចតុ​កោណ​កែង ​ហៅថា «Tabular A» ដែល​លោក Harbeck បានប្រទះឃើញ​កាលពីសប្តាហ៍មុន និង Iceberg មួយផ្ទាំងថ្មី​ទៀតហៅថា Tabular B នៅចំកណ្តាល។ ក្នុងរូបភាពនោះ​ ​​​ផ្ទាំងទឹកកកយក្ស​ដែលមានឈ្មោះថា A68 ក៏បានបង្ហាញខ្លួន​ពីចម្ងាយផងដែរ។

បើតាម NASA Iceberg រាងចតុកោណកែងទាំងនេះ ទំនងជាទើបតែរបូតចេញ​ពីផ្ទាំងទឹកកក Larsen C ជាផ្ទាំង​ទឹកកកមេ ដែល​ផ្ទាំងទឹកកក​យក្ស A-68 បានផ្តាច់ខ្លួនចេញ​កាលពីកក្កដា ឆ្នាំ២០១៧។ គួរជម្រាបថា រូបភាពនៃ Iceberg រាងចម្លែកៗនេះ ត្រូវបានធ្វើឡើង​ក្នុងអំឡុងប្រតិបត្តិការ​ជិះយន្តហោះអង្កេតពី​ផ្ទៃអាកាស​ឈ្មោះថា Operation IceBridge ដែលស្ថិតក្រោម​កិច្ចប្រឹងប្រែង ដើម្បីកត់ត្រាការប្រែប្រួល​ នៃផ្ទាំងទឹកកកនៅ​ប៉ូលខាងត្បូង៕

ចែករំលែក