ពេលរន្ធត់​ជិតមក​ដល់! មួយខែទៀតយាន InSight នឹងទៅដល់ភពអង្គារ ហើយ​ការចុះចត​ដ៏ប្រថុយប្រថាននឹង​កើត​ឡើង…

0

 

(អាមេរិក)៖ នៅសល់តែមួយខែ​ទៀតប៉ុណ្ណោះ យានអវកាស​សម្រាប់ស្រាវជ្រាវ​នៅភពអង្គារ (Mars) ថ្មីបំផុត​របស់អង្គការ NASA នឹង​ទៅដល់​ទីនោះ ហើយនៅពេល​វាទៅដល់អ្នកវិទ្យាសាស្រ្តសង្ឃឹមថា នឹងអាចបំបែកអាថ៌កំបាំង​នៅស្រទាប់​ខាងក្នុងនៃ​ភពក្រហម​នេះ​។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅយប់ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។

InSight ដែលជា​យានថ្មីចុងក្រោយ​បំផុតដែល NASA បានបញ្ជូនឲ្យឆ្ពោះ​ទៅកាន់ភពអង្គារ កំពុងពាំនាំយក​ឧបករណ៍ទំនើបៗ ដើម្បី​​ជួយអ្នកវិទ្យាសាស្រ្ត​សិក្សាស្វែងយល់​លម្អិតពីអ្វីៗ ដែលស្ថិត​ពីខាងក្រោម​នៃផ្ទៃ​​របស់ Mars។ ដូចជា​ផែនដីដែរ ភពអង្គារ​មានសំបក​រឹង (ស្រទាប់ខាងក្រៅ) ប៉ុន្តែនៅពីក្រោម​ផ្ទៃផែនដី មានវត្តមានសំណុំ​ស្រទាប់ដែលក្តៅរាវ និងស្នូល​លោហៈដែលរាវ ដោយទាំង​នេះ​ គឺជាអ្វីដែលជំរុញ​ឲ្យមានបាតុភូតរញ្ជួយដី និង​ការប្រែប្រួលនៃស្រទាប់ទិចតូនិច ក៏ដូចជាដែនម៉ាញេទិច​ដ៏មានឥទ្ធិពល ដែលការពារ​ពួកយើងពីកាំរស្មីអវកាស Cosmic Ray ហើយអាចឲ្យជីវិតអាចកើតមានបាន។ យ៉ាងណាមិញ សំណួរដ៏សំខាន់មួយនោះគឺថា តើ​ Mars មានស្នូលដូចផែនដីឬអត់ ឬមួយក៏ស្នូលរបស់វាបានប្រែក្លាយទៅជារឹង ដូចការសង្ស័យរបស់អ្នកជំនាញ។

បច្ចុប្បន្ន​យាន InSight ស្ថិតនៅចម្ងាយ ១០៥លានគីឡូម៉ែត្រ​ពីផែនដី និងត្រូវធ្វើដំណើរ​ចម្ងាយ ​០៨លានគីឡូម៉ែត្រទៀត​ទើបទៅដល់​​​ភពអង្គារ ដែល NASA បានព្យាករណ៍ថា ​នឹងកើតមានឡើងនៅក្នុង​រយៈពេល ៣២ថ្ងៃខាងមុខ ពោលគឺ​នៅថ្ងៃទី២៦ ខែវិច្ឆិកា។ InSight ដើរដោយ​ថាមពលពន្លឺ​ព្រះអាទិត្យ ហើយមានដៃរ៉ូបូត​មួយប្រវែង ១.៨ម៉ែត្រ​នៅពីលើវា​ ដែលអាច​ប្រើសម្រាប់​ដាក់ចេញ​ឧបករណ៍​ផ្សេងៗ និងផ្តិត​យករូបភាព។

គួរជម្រាបថា InSight ត្រូវបានបាញ់បង្ហោះ​ចេញពីសហរដ្ឋអាមេរិក កាលពីខែឧសភា កន្លងទៅ។ នៅពេល​ទៅដល់ Mars វានឹង​ត្រូវ​ប្រើពេល ៣០ថ្ងៃ ដើម្បីដាក់ចេញ​នូវឧបករណ៍​នានា ហើយចាប់ផ្តើម​សកម្មស្រាវជ្រាវវិទ្យាសាស្រ្ត​ប្រចាំថ្ងៃរបស់វា។ InSight ក៏មាន​ផ្ទុក​នូវឧបករណ៍​ដ៏ពិសេសមួយ សម្រាប់ខួងចូលក្នុងផ្ទៃភពអង្គារ​ផងដែរ។

ដោយឡែក InSight មិនមែនជា​យានតែមួយគត់ដែលនឹង​ទៅដល់ Mars នៅខែក្រោយ​នេះឡើយ ដោយមានយានខ្នាត​តូចពីរគ្រឿង​ទៀត​ហៅថា Mars Cube One ឬ MarCO ក៏បានអមដំណើរ​ទៅជាមួយវាផងដែរ។ NASA បានបញ្ជាក់ថា ខ្លួននឹង​ធ្វើតេស្ត​សមត្ថភាព​​ទំនាក់ទំនង​ ​​នៃឧបករណ៍តូចៗនេះ​ហើយសង្ឃឹមថា នឹងអាចបម្រើ​ប្រយោជន៍​សម្រាប់​បេសកកម្មដទៃ​ទៀត​នាថ្ងៃ​អនាគត៕

ចែករំលែក