គួរចាយលុយ​​រាប់ពាន់លានដុល្លារ មកអភិរក្ស​ភពផែនដី ឬទៅរកភព​ផ្សេង (អេលៀន)?

0

 

(ភ្នំពេញ)៖ នេះ​ជាបញ្ហា​ដែលប្រជាជន​លើ​ពិភពលោក ដែលនិយម​​តាមដាន​ការអភិវឌ្ឍ​បច្ចេក​វិទ្យាអវកាស តែងតែ​ធ្វើការ​សួរនាំប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុង​​ប្រទេសកម្ពុជា​យើងក៏មាន​ការលើកឡើងផងដែរ តាមរយៈការ​បញ្ចេញមតិយោបល់ ទៅលើរឿង​និមួយៗ​​ដែល Cambo Space បានធ្វើការ​បង្ហោះកន្លងមក។ តើវា​ជាការគួរ ឬមិនគួរ​ក្នុងការ​ចាយ​លុយយ៉ាងច្រើន​សន្ធឹកសន្ធាប់ក្នុង​មួយឆ្នាំៗ ដើម្បីស្រាវជ្រាវ​រកភពផ្សេង?

ក្នុងន័យនេះ​​យើងមិនមែន​សំដៅ​ទៅលើតែ ភពអេលៀនក្រៅប្រព័ន្ធ​​ព្រះអាទិត្យ​ប៉ុណ្ណោះទេ តែវាក៏សំដៅទៅ​លើការស្រាវជ្រាវភព និងទីឋាននានា​នៅក្នុងប្រព័ន្ធព្រះអាទិត្យ​របស់​យើង ដូចជា ភពអង្គារ សុក្រ ពុធ ព្រហស្បតិ៍ សៅរ៍ ភ្លុយតូ ឬក៏ព្រះច័ន្ទរបស់​ផែនដីយើង និងព្រះច័ន្ទរបស់ភពដទៃទៀតផងដែរ ព្រោះការចំណាយ​ពេលវេលា និងថវិកា​ទៅលើ​ការសិក្សាស្រាវជ្រាវ​ទាំងនោះ គឺបានចំណាយ​រាប់ពាន់ពាន់លានដុល្លារ​រួចទៅហើយ។

មតិមួយចំនួនបានលើកឡើងថា ឧទាហរណ៍ថាអាមេរិក និងអឺរ៉ុប​ចំណាយលុយជាង រាប់រយ​ពាន់លានដុល្លារ​ ​ដើម្បីការសិក្សា​តែ​ទៅលើភពអង្គារ ដែលស្ទើរតែ​គ្មានសង្ឃឹមថា នឹងអាចមា​នជីវិតណារស់នៅបាន ទោះត្រូវចំណាយ​ពេលរាប់រយឆ្នាំ​ទៀតនោះ ហើយងាក​មកយក​ថវិកានេះ​ធ្វើជាជំនួយ សម្រាប់ការលើកស្ទួយបរិស្ថាន ដើម្បីធ្វើឲ្យ​ភពផែនដី​មានតុល្យភាព និងជីវិតគ្រប់គ្នា​រស់នៅបានសុខសាន្ត​ឡើងវិញ តើវាមិនប្រសើរជាងទេឬ?

បន្ថែមពីខាង​លើនេះទៀត ប្រសិនបើអាមេរិក​ដក​កម្មវិធីសិក្សាភពផ្សេង (អេលៀន) ដែលមាន​ទាំង​កម្មវិធីផលិតកែវយឺត​អវកាសផ្សេងៗ តម្លៃរាប់​រយពាន់លានដុល្លារ ដើម្បីតែ​ត្រឹមដឹងថា ទីឋាននោះអាចមានជីវិតរស់នៅ ឬផ្កាយនោះមានភពប៉ុន្មាន​គោចរ​ជុំវិញ ហើយងាកយកថវិការាប់រយពាន់លានដុល្លារនោះ ទៅធ្វើការអភិរក្សភពផែនដី​ដើម្បីឲ្យ​មាននិរន្តរភាពឡើងវិញ តើវាមិនមែនជារឿងដែលគួរតែធ្វើទេឬ?

ជាការពិតគ្រប់ភាគី​សុទ្ធតែមានហេតុផល និងការអះអាង​ត្រឹមត្រូវរៀងៗខ្លួន ប៉ុន្តែសូមបង​ប្អូនចង​ចាំថា ថវិកាសិក្សា​ទាំងអស់នោះ មិនមែនជា​របស់អន្តរជាតិ ឬប្រទេសក្រីក្រ​​ជាអ្នក​អនុម័តនៅក្នុង​ការអភិវឌ្ឍកម្មវិធី​អវកាសនីមួយៗឡើង​នោះឡើយ គឺវាកើតចេញ​ពីថវិកា​ជាតិ​របស់ប្រទេស​មហាអំណាចជាម្ចាស់កម្មវិធី ដែលមានសក្តានុពលស្រាប់​ក្នុងការចែក​រំលែកធនធាន​ពួកគេ ក្នុងការ​សិក្សាស្រាវជ្រាវ​ ដើម្បីផលប្រយោជន៍​រួមរបស់​ពិភពលោក រួមទាំង​ប្រទេស​ក្រីក្រផងដែរ។

ម្យ៉ាងវិញទៀត ការសិក្សា​ស្រាវជ្រាវ​ទាំងនោះ គឺក្រុមអ្នកវិទ្យាសាស្ត្រ​មានទស្សនវិស័យ​វែងឆ្ងាយណាស់ អាចថាមិនដើម្បី​រយៈពេល​រាប់រយឆ្នាំខាងមុខនោះទេ ប៉ុន្តែគឺអាចឈាន​ចូលរាប់ពាន់​ និងរាប់ម៉ឺនឆ្នាំក៏ថាបាន។ ទស្សនវែងឆ្ងាយ​ គឺតែងតែជាប្រយោជន៍ ដែលមនុស្សគ្រប់ជំនាន់​នឹងទទួល​បាន​ ​ក្នុងករណីដែល​ភពផែនដី​លែងក្លាយជា​ទីសុខសាន្តសម្រាប់មនុស្ស​តទៅទៀត ព្រោះតែក្រុមអ្នកវិទ្យាសាស្ត្រ​ប្រកាន់ទស្សនមួយថា ផែនដី​នឹងមិនមែនកន្លែងដែល​អាចផ្តល់​ក្តីសុខ​ជារៀងរហូត​នោះឡើយ ដូចជាបាតុភាព​ដែលចាប់ផ្តើមវិវឌ្ឍន៍​អាក្រក់ឡើងៗ​ មួយរយៈនេះ​ឲ្យយើងឃើញ​ស្រាប់។

ដូច្នេះ​ប្រការនេះ​មិនគួរក្លាយជា​ការរារាំង ដល់​ក្រុមអ្នក​វិទ្យាសាស្ត្រ​ក្នុងការសិក្សាស្រាវជ្រាវ​ទីអវកាស ដើម្បីផលប្រយោជន៍​រួមនោះឡើយ ប៉ុន្តែប្រទេស​ក្រីក្រ​ក៏អាចមាន​សំណូមពរ​ចំពោះបញ្ហានេះផងដែរ នោះគឺសូមឲ្យកម្មវិធី​ទាំងអស់ ធ្វើឡើង​ដោយ​ត្រឹមត្រូវ និង​មិនបង្កឲ្យមាន​ផលប៉ះពាល់អវិជ្ជមាន ដល់មនុស្សជាតិ​លើភពផែនដី​ក្នុងការប្រការ​ណាមួយ​នោះឡើយ។ ចុះសម្រាប់​បងប្អូនវិញ តើមានគំនិត​បែបណាចំពោះ​បញ្ហានេះ?

ចែករំលែក