ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA៖ ចំនួន​ភពអេលៀន​ដែលអាចទ្រទ្រង់​ជីវិតបាន មិនច្រើន​ដូចអង្គការ NASA អះអាង​នោះ​ឡើយ…

0

 

(អាមេរិក)៖ ចំនួនភព​អេលៀន (Exoplanet) ស្ថិតក្នុងគន្លង​ត្រឹមត្រូវ (Habitable Zone) ដែលកន្លងមកនេះ ត្រូវបានរកឃើញដោយ​​កែវយឺតអវកាស Kepler របស់ NASA ប្រហែលជាមិនច្រើនដូចការរក​ឃើញនេះ​ឡើយ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពីវែបសាយ Space.com នៅព្រឹក​ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។

រហូតមក​ទល់ពេលនេះ Kepler បានរក​ឃើញ Exoplanet ទំហំប្រហាក់ប្រហែងផែនដី​ ដែលស្ថិតនៅតំបន់ Habitable Zone (រយៈចម្ងាយ​​​ដែល​អនុញ្ញាតឲ្យ​មាន​ទឹក​លើ​​ផ្ទៃ​​របស់វា ពោលគឺមិនក្តៅ ឬត្រជាក់ខ្លាំងពេក) ពីផ្កាយមេរបស់វា​ចំនួនប្រមាណ​ជា ៣០ភព។ ដោយឡែក លទ្ធផលនៃការ​អង្កេតថ្មី​ពី​​កែវយឺតអវកាស Gaia របស់ទីភ្នាក់ងារ​អវកាសអឺរ៉ុប ESA បានលើក​ឡើងថា ចំនួនពិតប្រាកដ​នៃភពទាំង​នោះ អាចតិចជាង​នេះឆ្ងាយ គឺប្រហែលចន្លោះ ០២ភព និង ១២ភពប៉ុណ្ណោះ។

កែវយឺត​អវកាស Gaia ត្រូវបានបាញ់បង្ហោះ​កាលពីខែធ្នូ ឆ្នាំ២០១៣ ដើម្បីផលិត​ផែនដី 3D មួយនៃ​កាឡាក់ស៊ី Milky Way។ មកទល់​​ពេលនេះ កាឡាក់ស៊ីដ៏មហាអស្ចារ្យនេះ មានផ្ទុកព័ត៌មាន​ទីទាំង​​របស់ផ្កាយចំនួន ១.៧ពាន់លានដួង និងទិន្នន័យរយៈចម្ងាយ​​នៃផ្កាយ​ប្រហែល​ ១.៣ពាន់លានដួង។

លទ្ធផលអង្កេតរបស់​ Gaia បានលើកឡើងថា ​ផ្កាយមេមួយ​ចំនួនដែល Kepler ឆ្លុះឃើញ មានពន្លឺភ្លឺនិងទំហំធំជាង​ការស្មានកន្លងមក​​ ហើយភពដែលគោចរជុំវិញផ្កាយបែបនេះ តែងមានទំហំធំនិងក្តៅខ្លាំង។

គួរជម្រាបថា ប្រមាណ ៧០ភាគរយនៃ Exoplanet ប្រហែល ៣,៨០០ភព ដែលអ្នកវិទ្យាសាស្រ្ត​បានស្គាល់ គឺជាស្នាដៃរកឃើញ​​របស់ Kepler។ បច្ចុប្បន្ន ដំណើរ​ឆ្លុះរកភព​អេលៀនរបស់ Kepler កាន់តែកៀកទីបញ្ចប់ហើយ ប៉ុន្តែកែវយឺតអវកាសថ្មី ដែលមានតួនាទីដូច​គ្នា ក៏ត្រូវបានបាញ់បង្ហោះឡើងទីអវកាសរួចស្រេច​ទៅហើយដែរ៕

ចែករំលែក