តាមពិត Hubble តម្រូវឲ្យបំពេញការងារតែ​១៥ឆ្នាំ​ប៉ុណ្ណោះ តែជាក់ស្តែងវានឹងអាចឈាន​ដល់ជិត​៤០ឆ្នាំ…

0

 

(វ៉ាស៉ីនតោន)៖ កែវយឺត​អវកាស Hubble បានត្រឡប់មក​ដំណើរការជា​ធម្មតាដូចដើមវិញ​ហើយ បន្ទាប់ពីឧបករណ៍​តម្រង់ទិស ​និង​ទប់​លំនឹង Gyroscope របស់វា​ត្រូវបានជួលជុល​រួចរាល់ ដែលប្រការនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថា វានឹងអាច​បន្តការងារ​អង្កេត​ទីអវកាស​​លើសពីផែនការ​កំណត់។ នេះបើតាមសេចក្តីប្រកាស​របស់អង្គការ NASA ដកស្រង់​ខ្លឹមសារ​ដោយ​​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៉ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។

បើតាម NASA ឧបករណ៍ Gyroscope របស់ Hubble បានជួប​បញ្ហាកាលពី​ថ្ងៃទី០៥ ខែតុលា រហូតទាល់តែដល់​ថ្ងៃសុក្រ​​សប្តាហ៍នេះ ទើបអាចជួលជុល​ហើយរួចរាល់។ Hubble ក៏បានធ្វើសកម្មភាព​អង្កេត ស្រាវជ្រាវ និង​ប្រមូលទិន្នន័យ​​ផ្នែក​វិទ្យាសាស្រ្ត​ជា​​លើក​ដំបូង​​ ផងដែរ គិតចាប់តាំងតែពី​ពេលនោះមក។

គួរជម្រាបថា Gyroscope គឺជាឧបករណ៍​​​ដែលកំណត់​ល្បឿន​ងាក​ទៅមក​​ (ចង្អុលទិស) របស់ Hubble ដោយវាគឺជារឿងចាំបាច់​ដើម្បីជួយឲ្យ​កែវយឺត​អវកាសនេះ ធ្វើចលនា និងផ្តោតទៅលើគោលដៅថ្មីៗ ទៅតាមការ​ចង់បានរបស់ក្រុមបញ្ជាការ Hubble នៅឯទីស្នាក់ការ​របស់​អង្គការ NASA លើ​ភពផែនដី។

Hubble ដែលដំបូងឡើយ​តម្រូវឲ្យធ្វើការ​បានត្រឹមតែរយៈពេល ១៥ឆ្នាំនោះ សព្វថ្ងៃនេះ បានទម្លាញអាថ៌កំបាំង​ផ្នែកវិទ្យាសាស្រ្តជាច្រើន​ក្នុងរយៈពេលរហូតដល់ជាង​ ២៨ឆ្នាំហើយ ខណៈអ្នកវិទ្យាសាស្រ្ត​រំពឹងថា វានឹង​អាច​​​បន្តបង្កើតរបក​គំហើញអស្ចារ្យយ៉ាងសន្ធឹកសន្ធាប់​ថែមទៀត នាអំឡុងពេលយ៉ាង​តិចមួយទសវត្សរ៍​ខាងមុខ៕

ចែករំលែក