ស្វែងយល់៖ នៅ​ថ្ងៃមុខព្រះច័ន្ទ Charon​ របស់​ភពភ្លុយតូ អាចនឹង​ត្រូវប្រើប្រាស់​ឲ្យមានប្រយោជន៍ពិសេស!

0

 

(អាមេរិក)៖ អ្នកវិទ្យាសាស្រ្ត​បានកំណត់ថា បេសកកម្មនាពេល​អនាគត​អាចប្រើប្រាស់​ព្រះច័ន្ទ​ឈ្មោះថា Charon របស់​ភ្លុយតូ (Pluto) សម្រាប់ការផ្តល់​កម្លាំងរុញច្រាន ដើម្បីជួយសន្សំ​សំចៃឥន្ទនៈ ដែលប្រការនេះ​អាចអនុញ្ញាត​ឲ្យមានការសិក្សាស្រាវជ្រាវ​ លើប្រព័ន្ធ​នៃ​​ភពមិនពេញ​លក្ខណៈនេះ (Dwaft Planet) បានគ្រប់ជ្រុង​ជ្រោយ និងលម្អិតជាងមុន ឬក៏អាចឲ្យ​បេសកកម្មនោះ ​បន្តទៅ​ស្រាវជ្រាវ​ដល់​ចុង​​ប្រព័ន្ធ​ព្រះអាទិត្យ​ថែមទៀត។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពី​វែបសាយ Space.com នៅព្រឹក​ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។

កាលពីខែកក្កដា ឆ្នាំ២០១៥ យាន New Horizons របស់អង្គការ NASA បានហោះកាត់ Pluto និងបានថតយករូបភាព ក៏ដូចជាប្រមូល​ទិន្នន័យមួយចំនួន ដោយមិនបានឈប់នោះឡើយ ខណៈភាពងឿងឆ្ងល់ជុំវិញអាថ៌កំបាំងនៃភពតូចនេះ កាន់តែកើនឡើងថែម​ទៀត​​។

អ្នកវិទ្យាសាស្រ្ត​គិតថា យាន​ប្រភេទ Orbiter មួយ អាចនឹងសិក្សាស្វែង​យល់កាន់ច្បាស់ពី​ Pluto និង​​ព្រះច័ន្ទ​មួយ​ចំនួនរបស់វា ហើយ Charon គឺជាគន្លឹះសំខាន់​សម្រាប់បេសកកម្ម​បែបនេះ។ ព្រះច័ន្ទ Charon ដែលមានទំហំ​ស្ទើរតែពាក់កណ្តាលទំហំ​របស់ Pluto អាច​ផ្តល់កម្លាំង​រុញច្រាន​ក្នុងអំឡុងបេសសកម្ម​នេះ ដូចជាទៅនឹងអ្វីដែល​ព្រះច័ន្ទ Titan របស់​ភពសៅរ៍ (Saturn) បានផ្តល់ឲ្យ​​យាន Cassini។

គួរជម្រាបថា ព្រះច័ន្ទ Charon ក៏អាចជួយជំរុញឲ្យការរុករកនេះ​បន្តទៅដល់​តំបន់ខ្សែក្រវាត់​អាចម៍ផ្កាយ Kuiper Belt ផងដែរ ដែល​ស្ថិតនៅគែមនៃប្រព័ន្ធព្រះអាទិត្យ។ សម្រាប់ការប្រើកម្លាំងភព ឬព្រះច័ន្ទ (ម៉ាញេទិច) គឺជារឿងធម្មតាទៅហើយ​នៅក្នុង​បេសកកម្មស្រាវជ្រាវនៅទីអវកាស ដោយសារតែយានទាំងនោះ មិនអាចដឹកឥន្ធនៈ​ជាប់ខ្លួន​សម្រាប់បំពេញ​បេសកកម្មទាំងមូល​រាប់ឆ្នាំនោះឡើយ។

ឧទាហរណ៍​ដូចជា យានអវកាស Voyager ទាំងពីរគ្រឿង, New Horizons, Pioneer និង​យានជាច្រើន​ៗ​ទៀតតែងតែប្រើប្រាស់​ដែនម៉ាញេទិច​នៃភពយក្សនានា រួមទាំងកម្លាំង​នៃព្យុះព្រះអាទិត្យ​ ដើម្បីរុញល្បឿន​ពួកវាទៅមុខ ហេតុដូច្នេះ​ហើយទើបបេសកកម្ម​មួយៗត្រូវប្រើពេលយូរ ព្រោះតែយាន​ទាំងអស់នោះ មិនអាចហោះត្រង់​ទៅរកគោលដៅតែម្តងនោះ​ឡើយ ដោយវា​ត្រូវហោះទៅចូល​គន្លងរបស់ភព​នីមួយៗសិន ទៅតាមតំណាក់កាល ដើម្បីសម្រួល​ការប្រើប្រាស់​កម្លាំង​ម៉ាញេទិច​នៃភពទាំងនោះ រុញផ្លោះទៅភព​មួយទៀត ទើបអាចទៅដល់គោលដៅកំណត់៕

ចែករំលែក