មិនទាន់ទៅដល់​គោលដៅផង​ យាន Solar Parker បំបែកកំណត់ត្រា​មួយបាត់ទៅ​ហើយ!

0

 

(វ៉ាស៉ីនតោន)​៖ ទីភ្នាក់ងារអវកាស​អាមេរិក NASA បានឲ្យដឹងថា នាថ្ងៃចន្ទ​សប្តាហ៍នេះ យាន​ Parker Solar Probe បានបំបែក​​កំណត់ត្រា​ថ្មីក្លាយវត្ថុបង្កើតឡើង​ដោយមនុស្ស ដែលស្ថិតនៅជិត​ព្រះអាទិត្យបំផុត និង​កំពុង​​ត្រៀមហោះឆ្វែល​ដុំបាល់​ភ្លើង​យក្ស​នេះជាលើកដំបូង​នៅថ្ងៃពុធ​សប្តាហ៍នេះ។ នេះបើ​តាមការដកស្រង់​ការផ្សាយ​ចេញ​ពីទីភ្នាក់ងារ​ព័ត៌មានចិន ស៉ីនហួរ នៅ​រសៀល​ថ្ងៃ​អង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។

បើតាម NASA ​នាថ្ងៃចន្ទ​សប្តាហ៍នេះ​យានអវកាស Paker Solar Probe បានបំបែកកំណត់ត្រា​ចាស់​របស់​យានអវកាស​អាល្លឺម៉ង់​-អាមេរិក Helios 2 ដែលបានទៅ​ដល់ចម្ងាយ ​៤២.៧៣លានគីឡូម៉ែត្រ​ពីផ្ទៃព្រះអាទិត្យ កាលពី​ខែ​មេសា ឆ្នាំ១៩៧៦។ យានដែល​​មាន​តម្លៃ ​១.៥ពាន់លានដុល្លារនេះ ត្រូវបានបាញ់​បង្ហោះកាលពីខែសីហា​កន្លងទៅ ​ក្នុងដំណើរបេសកកម្ម​ការពារភពផែនដី តាមរយៈការ​សិក្សាស្រាវជ្រាវ​ ដើម្បីទម្លាយអាថ៌​កំបាំង​​នៃ​ព្យុះព្រះអាទិត្យ​ដ៏គ្រោះថ្នាក់។

គោលដៅរបស់ Parker Solar Probe នឹងធ្វើការហោះឆ្វែល​ព្រះអាទិត្យចំនួន ២៤លើក ក្នុងអំឡុងពេល ០៧ឆ្នាំ ដោយការហោះឆ្វែល​​លើកទីមួយរបស់វា ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅ​នាថ្ងៃពុធ​សប្តាហ៍នេះ ខណៈការហោះឆ្វែល​លើកចុងក្រោយ​ ទៅដល់កៀក​ព្រះ​អាទិត្យតែម្តង គឺនៅរយៈចម្ងាយ ០៦លានគីឡូម៉ែត្រ​ពីគ្នានោះ នឹងកើតមាន​នៅឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ Parker Solar Probe ក៏នឹងត្រៀមបំបែកកំណត់ត្រាមួយផ្សេងទៀតផងដែរ គឺក្នុងនាមជា​យានធ្វើដំណើរកាត់​ព្រះ​អាទិត្យ​ក្នុងល្បឿនលឿនជាងគេបង្អស់ ដោយកំណត់ត្រាចាស់គឺជាស្នាដៃរបស់យាន Helios 2 ដដែល ដែលមានល្បឿន​២៤៦,៩៦០​គីឡូ​ម៉ែត្រក្នុងមួយម៉ោង៕

ចែករំលែក