HOT NEWS: ទីបំផុតកែវយឺតអវកាស Kepler បញ្ចប់ជីវិតជាផ្លូវការហើយ!

0

 

(វ៉ាស៉ីនតោន)៖ ទីបំផុតទីភ្នាក់ងារ​អវកាសអាមេរិក NASA បានសម្រេច​ឲ្យ​កែវយឺតអវកាស Kepler ចូលនិវត្តន៍​ហើយ ដោយសារតែការ​អស់ឥន្ទនៈ​ចាំបាច់សម្រាប់បន្តប្រតិបត្តិការ​ស្រាវជ្រាវ​ទៅមុខទៀត។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មាន​ចិន ស៉ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។

កែវយឺត​អវកាស Kepler បានចំណាយពេល​ ០៩ឆ្នាំ នៅក្នុងលំហ​អវកាស និងបាន​រក​ឃើញ​​ភពអេលៀននៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា Exoplanet ជាង ២,៦០០ភព ដោយក្នុងចំណោម​នោះមានភព​មួយចំនួន អាចជាកន្លែង​ទ្រទ្រង់ជីវិត​បានថែមទៀត​​ផង។ បើតាមសេចក្តី​ប្រកាស​របស់ NASA កែវយឺតអវកាស​នេះ នឹងចូល​និវត្តន៍​ នៅក្នុងគន្លងគោចរ​សុវត្ថិភាពបច្ចុប្បន្ន​របស់វា ដែល​នៅ​ឆ្ងាយ​​​ពីផែនដី។

NASA បានឲ្យ​ដឹងថា នៅពេលរៀបចំ​បង្កើតគម្រោងបេសកកម្មនេះ ​ជាលើកដំបូងកាលពី ៣៥ឆ្នាំមុន អ្នកវិទ្យាសាស្រ្ត​មិនដឹងថា មាន​ភពណាមួយនៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ​របស់យើងឡើយ ប៉ុន្តែឥឡូវនេះមនុស្ស​គ្រប់គ្នាដឹងថា ភពមាននៅ​គ្រប់ទីកន្លែង ហើយ​ Kepler បានជួយរៀបចំ​បង្កើតវិថីមួយ ដែលពោរពេញដោយ​ក្តីសង្ឃឹមសម្រាប់មនុស្ស​ជំនាន់ ដើម្បី​ធ្វើ​ការ​រុក​រក​​កាឡាក់​ស៊ី​​របស់​យើង​។

កែវយឺត Kepler ត្រូវបានបាញ់បង្ហោះឡើងទីអវកាសកាលពី​ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០០៩ ដោយមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ​​ ​ក្នុង​ការវាស់ស្ទង់កម្រិតពន្លឺរបស់ផ្កាយ រួមជាមួយ​កាមេរ៉េឌីជីថលធំបំផុតនាសម័យនោះ ដែលសាកសម​ឥតខ្ចោះ​សម្រាប់​ការ​អង្កេត​ក្នុង​​ទីអវកាស។

គួរជម្រាបថា ការចូលនិវត្តន៍​របស់ Kepler ពុំមែនជាទីបញ្ចប់នៃ​យុទ្ធនាការប្រមាញ់​រុករកភពអេលៀន​ឡើយ។ ​កែវយឺតអវកាស​​​ជំនាន់​ក្រោយ​ឈ្មោះថា Transiting Exoplanet Survey Satellite ឬ TESS ដែលជាអ្នក​បន្តវេនរបស់វា ត្រូវបានបញ្ជូន​ឡើងទីអវកាសកាលពី​​ខែមេសា កន្លងទៅ។ គោលដៅ​របស់ TESS គឺធ្វើការរុករកភព​នៅជុំវិញផ្កាយ​ភ្លឺ និងនៅកៀកផែនដី​បំផុត​ប្រហែឡ ២០០,០០០ដួង ហើយកន្លង​មកនេះ TESS ក៏បានរកឃើញ​ភពអេលៀនមួយចំនួន​ រួចជាស្រេចទៅហើយ​ផងដែរ៕​​​

ចែករំលែក