អស្ចារ្យ! បច្ចេកវិទ្យា​សម្គាល់មុខ AI លើ Facebook កំពុងត្រូវ​បំលែង ដើម្បីអាចចាប់​សញ្ញា​ប្រហោងខ្មៅ ដោយ​ក្រុមអ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី!

0

 

(ស៉ីដនី)៖ អ្នកវិទ្យាសាស្រ្ត​អូស្រ្តាលី នាថ្ងៃពុធនេះ​បានឲ្យដឹងថា ពួកគេបានកំពុង​បំលែងកម្មវិធីកុំព្យូរទ័រ​ឆ្លាតវ័យមួយ (Artificial Intelligence ឬ AI) ​ដែល​កន្លងមកត្រូវ​ប្រើប្រាស់ដើម្បីចំណាំមុខមនុស្ស នៅលើបណ្តាញ​ទំនាក់ទំនង​សង្គម Facebook នោះ ឲ្យទៅជាអាច​តាម​​​រក​មើល​កា​ឡាក់ស៉ី និងជួយដល់ការស្រាវជ្រាវរុករក​ក្នុងចក្រវាឡ​បានថែម​ទៀត។ នេះបើតាម​ការ​​ដក​ស្រង់​​ការ​ផ្សាយ​ចេញ​​ពី​ទីភ្នាក់​ងារ​ព័ត៌​មាន​​ចិន​ ស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។​

កម្មវិធី A.I. នេះ​អាចស្គែនមើលរូបភាព​ដែលថតបាន ដោយបណ្តា​តេឡេស្កូបប្រភេទ​តាមដានរលកវិទ្យុ (Radio Telescope) ហើយ​តួនាទីរបស់វា​គឺតាមស្វែងរក​កាឡាក់​ស៉ី​នានា​ ដែលបញ្ចេញខ្សែ​រលកវិទ្យុដ៏មានឥទ្ធិពល ចេញពីប្រហោងខ្មៅយក្ស​ ដែលមានម៉ាស់ធំ​​ជាង​ព្រះអាទិត្យពីរាប់សែន​រហូតដល់រាប់ពាន់​លានដង នៅកណ្តាល​បេះដូង​របស់ពួកវា។

ក្រុមអ្នកវិទ្យាសាស្រ្ត​នៃសាកលវិទ្យាល័យ Western Australia បានឲ្យដឹងថា ខ្សែរលកវិទ្យុ​ទាំងនោះ អាចលាតសន្ធឹង​ចេញឆ្ងាយ​​​ពី​កាឡាក់ស៉ីមេរបស់ពួកវា ដែលជាហេតុអាច​បង្កការលំបាក សម្រាប់​កម្មវិធីកុំព្យូរទ័រ​ធម្មតាៗធ្វើការកំណត់ថា តើកាឡាក់ស៉ីដែលជា​​ប្រភពពួកវាស្ថិត​នៅទីណា។ ដូច្នេះហើយ ទើបមានការ​សម្រេចអភិវឌ្ឍន៍​កម្មវិធី AI ដែលមាន​សមត្ថភាពខ្ពស់។

គួរជម្រាបថា កម្មវិធីកុំព្យូទ័រ​បែបឆ្លាតវៃនេះ កើតចេញពីកម្មវិធី​បើកទូលាយ​មួយ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Microsoft និង​កម្មវិធីតាម​ដានវត្ថុរបស់ក្រុមហ៊ុនបណ្តាញសង្គម Facebook ហើយវាត្រូវបានធ្វើការកែលម្អថ្មីទាំងស្រុង និងត្រូវបានហ្វឹកហាត់ឲ្យរៀនចំណាំ​កាឡាក់ស៉ីជំនួសមុខមនុស្សវិញ៕

ចែករំលែក