កុំទាន់​ស្លាប់អី! អង្គការ NASA កំពុង​ព្យាយាម​ដាស់យាន Opportunity លើ​ភពអង្គារ ឲ្យរស់ឡើង…

0

 

(វ៉ាស៊ីនតោន)៖ អង្គការ NASA បានឲ្យដឹងថាក្តីសង្ឃឹម​សម្រាប់យាន Opportunity ដែលកំពុងស្ថិត​នៅភពអង្គារ (Mars) គឺមិនទាន់​អស់ឡើយ ដោយទីភ្នាក់ងារអវកាស​អាមេរិក បានបញ្ជាក់ថា នឹងបន្តព្យាយាម​ដាស់យានរ៉ូវើនេះ យ៉ាងហោចណាស់​​រហូតដល់​ខែ​មករា​ ឆ្នាំ​ក្រោយ ដោយសង្ឃឹមថា វាអាចនឹងភ្ញាក់ឡើងវិញ។ នេះបើតាមការដកស្រង់ការ​ផ្សាយចេញពី​វែបសាយ Space.com នៅយប់ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។

នៅថ្ងៃទី១១ ខែកញ្ញា NASA បានចាប់ផ្តើមយុទ្ធនាការ​មួយមានរយៈពេល ៤៥ថ្ងៃ ហៅថា Active Listening ដើម្បីព្យាយាម​ជំរុញ​ឲ្យ​យាន ដើរដោយថាមពល​ព្រះអាទិត្យដំណើរការ​ឡើងវិញ ក្រោយពីវាបាន​រលត់ស្ងាត់ឈឹងកាល​ពីថ្ងៃទី១០ ខែមិថុនា ដោយសារតែ​​ការកើតមានបាតុភូត​ព្យុះធូលីដ៏ធំសម្បើម ដែលបានគ្របដណ្តប់​លើផ្ទៃនៃ​ភពអង្គារ។

យុទ្ធនាការខាងលើបាន​ផុតកំណត់កាលពីចុង​សប្តាហ៍មុន ប៉ុន្តែ NASA បានបញ្ជាក់ថា ខ្លួននឹងបន្ត​យុទ្ធសាស្រ្ត Active Listening នេះ ដែល​ទាក់ទងនឹងការបញ្ជូន​បញ្ជាទៅកាន់ Opportunity និងការរង់ចាំស្តាប់​សំឡេងឆ្លើយតបមកវិញពី​យានកង់ ០៦នេះ សម្រាប់រយៈ​ពេល​ប៉ុន្មាន​ខែទៀត គឺអាចដល់​ខែមករា ឆ្នាំ២០១៩។

យានរុករក Opportunity បានចុះ​ទៅដល់ Mars កាលពីខែមករា ឆ្នាំ២០០៤ គឺនៅប៉ុន្មាន​សប្តាហ៍ក្រោយ​យានភ្លោះ​របស់វាឈ្មោះថា Spirit ដោយយានទាំងពីរ​បានធ្វើការស្រាវជ្រាវ​នៅលើតំបន់ខុសគ្នា នៃភពក្រហមយក្សនេះ ដើម្បីស្វែងរកសញ្ញា​នៃដានទឹក​​ពី​អតីតកាល និងបានរកឃើញភស្តុតាង​ជាច្រើន។

បេសកកម្មស្នូល​របស់ Spirit និង Opportunity ត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅតែ​០៣ខែប៉ុណ្ណោះ ប៉ុន្តែយានភ្លោះ​ទាំងពីរគ្រឿង​បាន ​បន្តធ្វើការរុករកនៅលើភពអង្គារ​ដល់ទៅរាប់ឆ្នាំ។ យាន Spirit បានធ្វើការទាក់ទង​លើកចុងក្រោយ​ ជាមួយ​ក្រុមការងាររបស់វា​នៅលើ​ផែនដីកាលពី​ឆ្នាំ២០១០ និងត្រូវប្រកាសថា លែងដំណើរការ​​​នៅមួយឆ្នាំក្រោយ។ ទោះជាបែប​នេះក្តី យាន Opportunity នៅតែរឹងមាំ​ដដែល រហូតទាល់តែដល់​ពេល​មានការវាយលុក​ ដោយមហាព្យុះធូលី​នារដូវក្តៅឆ្នាំនេះ។

ព្យុះធូលីនោះបាន​គ្របដណ្តប់លើភពអង្គារទាំងមូល នៅថ្ងៃទី២០ ខែមិថុនា ប៉ុន្តែវាបានចាប់ផ្តើមថមថយទៅវិញ នៅមួយខែក្រោយ ហើយផ្ទាំងធូលី​បានរំសាយកាន់​តែខ្លាំងនៅថ្ងៃទី១១ ខែកញ្ញា ដែលជំរុញឲ្យ​​ក្រុមការងារ Opportunity គិតថា យានរុករកនេះ​ប្រហែល​ជាអាច​ស្រូបយក​ពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដើម្បីសាកថ្មវា​បានហើយ ដូច្នេះ​យុទ្ធនាការ Active Listening ក៏បានចាប់ផ្តើមប្រព្រឹត្តទៅ​។

គួរជម្រាបថា យាន Opportunity បានឆ្លងកាត់ទុក​​លំបាក​ជាច្រើន ក្នុងអំឡុងការបំពេញ​បេសកកម្មរបស់វា នៅក្រោមអាកាសធាតុ​​ដ៏​ត្រជាក់ នាពេលយប់​នៅលើភពអង្គារ ដោយពុំមានឧបករណ៍ ​ដើម្បីជួយរក្សាគ្រឿង​អេឡិចត្រូនិច​របស់វាមានភាពកក់ក្តៅ​ឡើយ។ ហេតុដូចនេះ Opportunity អាចនឹងត្រជាក់​រហូតដល់កកខូច ឬក៏មិនអាចងើបពី​មុខងារ​ក្នុងគ្រាអាសន្ន «Fault Mode» វិញបាន ប៉ុន្តែ​​​យើងមិនទាន់​ដឹងច្បាស់មួយ​ភាគរយឡើយ៕

ចែករំលែក