រកឃើញ​កាឡាក់ស៊ីតូចមួយ ស្ថិត​នៅក្បែរកាឡាក់ស៊ី​យើង ដែល​កំពុងជិតផុតរលត់ជីវិត!

0

 

(ស៊ីដនី)៖ ក្រុមតារាវិទូនៃ​សាកវិទ្យាល័យជាតិ​អូស្រ្តាលី (ANU) និងទីភ្នាក់ងារស្រាវជ្រាវ​វិទ្យាសាស្រ្ត នៃរដ្ឋាភិបាលអូស្រ្តាលី CSIRO បានប្រទះឃើញ​កាឡាក់ស៊ីមួយ ដែលកំពុងការបាត់បង់​ថាមពល ដោយសារ​ដំណើរការ​បង្កើតផ្កាយ។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយ​ចេញពី​វែបសាយ Phys.org នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការសិក្សាទៅលើ​កាឡាក់ស៊ីតូចមួយមាន​ឈ្មោះថា Small Magellanic Cloud ឬ SMC ដែលនៅក្បែរ​កាឡាក់ស៊ី Milky Way របស់​យើងបានប្រើប្រាស់រូបភាព ដែលថតបាន​ដោយ​​តេឡេស្កូបតាមដានរលកវិទ្យុសកម្មដ៏មានឥទ្ធិពល ASKAP របស់​ទីភ្នាក់ងារ CSIRO។ ប្រការនេះ​បានឲ្យអនុញ្ញាតឲ្យ​​ក្រុមអ្នកស្រាវជ្រាវ ធ្វើការស្វែង​យល់ពីប្រតិកម្ម​រវាងកាឡាក់ស៊ី SMC និងបរិស្ថាន​ជុំវិញវា​បានលម្អិត​ និង​​ត្រឹមត្រូវជាង​មុនឆ្ងាយ។

ដោយយោង​តាមការអង្កេតលើលំហូរ​ដ៏ខ្លាំងសម្បើម​នៃ​ឧស្ម័ន​អ៊ីដ្រូសែន ដែលបញ្ចេញពី SMC កាឡាក់ស៊ីខ្នាត​តូចមួយនេះ ត្រូវ​​​បានគេ​ទស្សន៍ទាយថា នៅទីបំផុតនឹងលែង​មានសមត្ថភាព​បង្កើតផ្កាយថ្មីបានទៀត​ឡើយ ប្រសិនបើវា​បាត់បង់រាល់ឧស្ម័ន​អវកាសទាំង​អស់។ កាឡាក់ស៊ីដែល​ឈប់បង្កើតផ្កាយ គឺប្រៀបដូចជាកាឡាក់ស៊ី​ដែលស្លាប់​មួយ។

គួរជម្រាបថា កាឡាក់ស៊ី SMC មាន​ចម្ងាយ​ ១៩៩,០០០ឆ្នាំពន្លឺពីផែនដី និងមាន​មុខ​កាត់​ប្រវែង ​៧,០០០ឆ្នាំពន្លឺ។ កាឡាក់ស៊ីតូចនេះ​​មានផ្ទុក​ផ្កាយ​​ត្រឹម​ប៉ុន្មានរយលាន​ដួងប៉ុណ្ណោះ បើធៀបនឹង​ Milky Way ដែលអាច​មានផ្កាយចន្លោះពី ២០០ ទៅ ៤០០ពាន់លានដួង ហើយវាមានម៉ាស់​ធំជាងព្រះអាទិត្យ ០៧ពាន់លានដង។ កាឡាក់ស៊ី SMC ក៏ត្រូវបាន​ចាត់ទុកជា​កាឡាក់ស៊ីមិនគ្រប់​លក្ខណៈផងដែរ ដោយសារ​​តែវាមាន​ទំហំតូច៕

ចែករំលែក