ដើម្បីកុំឲ្យ​ស្មុគស្មាញ​ច្រើន អង្គការ NASA គ្រោង​បង្កើតរោងចក្រ​ផលិតឥន្ធនៈ​នៅលើ​ភពអង្គារ​ផ្ទាល់តែម្តង!

0

 

(វ៉ាស៊ីនតោន)៖ មូលដ្ឋានស្វ័យ​ប្រវត្តិមួយ ដែលកំពុងស្ថិតក្រោម​ការអភិវឌ្ឍ​របស់​ទីភ្នាក់ងារ​អវកាស NASA ត្រូវគេ​រំពឹងថា នឹងអាធ​ធ្វើ​ការទាញយកធនធាន​នានាពីផ្ទៃដី និងបរិយាកាស​ភពអង្គារ (Mars) ដែលចាំបាច់​ក្នុងការផលិត​ជាឥន្ទនៈ ដោយ​វា​អាច​ជា​​ប្រយោជន៍​​ធំ​មួយ សម្រាប់​​បេសកកម្មណាមួយ​នាថ្ងៃអនាគត​ ឆ្ពោះទៅកាន់ដែនដីនោះ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅ​ព្រឹក​​ថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។

អ្នកវិទ្យាសាស្រ្តមួយ​ក្រុមនៅ NASA ទំនងជាបានរកឃើញ​មធ្យោបាយមួយ ដើម្បីបំលែង​ដីរបស់ភពក្រហម​នេះ ឲ្យប្រែក្លាយទៅជា​​​ឥន្ទនៈសម្រាប់ប្រើប្រាស់​ជាមួយគ្រាប់រ៉ុក្កែត​បាន ខណៈបើជោគជ័យ​បេសកកម្មនា​ពេលអនាគត​ទៅកាន់ភពអង្គារ អាចនឹងលែង​ត្រូវ​ការដាក់ស្តុកឥន្ទនៈ​បន្ថែម​ សម្រាប់ការធ្វើដំណើរត្រឡប់មក​វិញទៀត​ហើយ។

មុខងាររបស់ប្រព័ន្ធ​រោងចក្ររ៉ូបូតខាងលើ គឺចម្រាញ់យកទឹកចេញ​ពីស្រទាប់ដី​របស់​ភពអង្គារ ហើយ​ប្រើបច្ចេកទេស​គីមីសាស្រ្ត​ហៅ​ថា Electrolysis ដើម្បីប្រែក្លាយ​សារធាតុរាវនេះ​ ឲ្យទៅជាអ៊ីដ្រូសែន និងអុកស៊ីសែន។ បន្ទាប់មក​អុកស៊ីសែននោះ នឹងត្រូវលាយ​បញ្ចូល​​ជាមួយកាបូន​ ដែលទាញយកពី​បរិយាកាស​របស់ Mars ដើម្បីផលិតចេញ​ជាមេតាន ដែលអាចប្រើសម្រាប់​ធ្វើជា​ឥន្ទនៈបាន។

ទោះជាបែបនេះក្តី ​ក្រុមអ្នកវិទ្យាសាស្រ្ត​​ខាងលើ​បាន​សង្កត់ធ្ងន់ថា នៅមានបញ្ហាប្រឈម​ផ្នែកបច្ចេកទេស​​ជាច្រើន​ទៀត​​ដែលត្រូវ​ដោះស្រាយ ដើម្បីអាចធានាថា ​​កិច្ចខិតខំប្រែងប្រែងនេះ​នឹងទទួលបាន​ជោគជ័យ។ កាលពីប៉ុន្មានឆ្នាំ​​កន្លងទៅនេះ ក្រុមអ្នកវិទ្យាសាស្ត្រ​ធ្លាប់បានអះអាងថា បច្ចេកវិទ្យានាំ​មនុស្សទៅភព​អង្គារ​អាចនឹងមិនមែន​ជារឿងត្រូវឈឺក្បាល​ឡើយ ប៉ុន្តែការនាំ​មនុស្សពីភពអង្គារ​មកផែនដីទៅវិញ​នោះទេ ទើបជារឿង​ដែលលំបាក​បំផុត។

គួរបញ្ជាក់ថា អង្គការ NASA បាន​ងាករេចង្កូត តាមការបញ្ជារបស់​រដ្ឋបាល​លោក ដូណាល់ ត្រាំ ក្នុងការនាំមនុស្សជាន់ឋានព្រះច័ន្ទនោះ​ហើយ ប៉ុន្តែទោះបីជា​បែបនេះក្តី​ការនាំមនុស្ស​ទៅភពអង្គារ​ដែលជាគោលដៅធំ គឺនៅតែស្ថិតនៅក្នុងការអភិវឌ្ឍជាបណ្តើរៗ ប៉ុន្តែវាត្រូវបានពន្យារពេលទៅដល់ឆ្នាំ២០៤០ ឯណោះ៕

ចែករំលែក