មួយទៀត​ហើយ… យានអវកាស Dawn ទើបបញ្ចប់​ជីវិត​នៅតំបន់ខ្សែ​ក្រវ៉ាត់​អាចម៍​ផ្កាយ!

0

 

(វ៉ាស៉ីនតោន)៖ យាន​អវកាស Dawn របស់​អង្គការ NASA ដែលបានគោចរជុំវិញ​ដុំថ្មអវកាសធំៗចំនួន ០២ នៅតំបន់ខ្សែក្រវាត់​​អាចម៍​ផ្កាយ​ ឈ្មោះ Vesta និង Ceres ​និងសម្រេចបាន​សមិទ្ធផលជា​ច្រើននោះ ទីបំផុតអស់​ឥន្ធនៈ​​ និង​បាន​ឈាន​ដល់​ទី​បញ្ចប់​បាត់​​ទៅ​ហើយ។​ នេះបើតាមសេចក្តីប្រកាសរបស់ NASA ដកស្រង់ខ្លឹមសារ​ដោយវែបសាយ Space.com នៅរសៀល​ថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការបញ្ចប់​បេសកកម្ម Dawn គឺជារឿងគួរឲ្យសោកស្តាយ​ថ្មីមួយទៀត​ ចំពោះអ្នកគាំទ្រ​វិស័យអវកាស។ កាលពីចុងខែតុលា​ថ្មីៗ​នេះ NASA ទើបតែបានធ្វើសេចក្តីប្រកាស​ហើយប៉ុណ្ណោះថា កែវយឺតអវកាស Kepler ដែលបានរកឃើញ​ភព​ប្រមាណ ៧០ភាគ​រយ​នៃ​ភព​អេលៀនចំនួន ៣,៨០០ ដែលយើងស្គាល់នោះ ក៏អស់ឥន្ធនៈហើយ​ត្រូវបញ្ចប់​បេសកកម្ម​ផងដែរ។ បេសកកម្ម​របស់ Kepler នឹងត្រូវ​បោះបង់ចោល​​ជា​ផ្លូវ​ការ​នៅមួយសប្តាហ៍ ឬពីរសប្តាហ៍​ក្រោយ។

យានអវកាស Dawn ដែលមាន​តម្លៃ ៤៦៧លានដុល្លារ ត្រូវបានបញ្ជូនឡើង​អវកាសកាលពី​ខែកញ្ញា ឆ្នាំ២០០៧ ដើម្បីសិក្សា​ទៅលើ​អាចម៍ផ្កាយ​យក្ស Vesta (មុខកាត់ ៥៣០គីឡូម៉ែត្រ) ដែលត្រូវចាត់​ថ្នាក់ជា Protoplanet និង Ceres (៩៥០គីឡូម៉ែត្រ) ដែល​ត្រូវ​ចាត់​​ថ្នាក់​ជា Dwaft Planet។ អ្នកវិទ្យាសាស្រ្ត​បានចាត់ទុកដុំថ្ម​ទាំងពីរនេះថា ជាវត្ថុដែលនៅ​សេសសល់ពីសម័យកាល​នៃការកកើតភព​នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង ដូច្នេះហើយទើបបេសកកម្ម​នេះ មាន​ឈ្មោះថា Dawn ដែលមានន័យថា ព្រឹកព្រលឹម ឬការ​ចាប់​ផ្តើម​ដំបូង។

យាន Dawn បាន​ទៅដល់ Vesta នៅ​ខែកក្កដា ឆ្នាំ២០១១ និងបានចំណាយ​ពេល ១៤ខែ ដើម្បីសិក្សាលើវា​ពីចម្ងាយ។ Dawn បានចាក​​ចេញពី Vestan នៅខែកញ្ញា ឆ្នាំ២០១២ និង​ទៅដល់ Ceres នៅ​ខែមីនា ឆ្នាំ២០១៥។ Dawn បានក្លាយជាយាន​អវកាសមុនគេដែល​បានគោចរ​ជុំវិញ ភពបម្រុង (Dwarf Planet) និងជាយាន​ដំបូងបង្អស់​ ដែលធ្វើដំណើរជុំវិញ​វត្ថុចំនួនពី​រ នៅក្រៅប្រព័ន្ធផែនដី-ព្រះច័ន្ទ។

ក្នុងអំឡុងការធ្វើប្រតិបត្តិការ​របស់វា Dawn បានប្រើប្រាស់​សារធាតុ Hydrazine ធ្វើជាឥន្ធនៈសម្រាប់តម្រង់ទិស ដូច្នេះនៅពេលឥន្ធនៈ​នេះអស់ យាន​អវកាស Dawn លែងអាចតម្រង់​ខ្លួនសិក្សាលើ Ceres ​ដើម្បីបាញ់បញ្ជូន​ទិន្នន័យមក​កាន់ផែនដី ឬក៏ដើម្បី​សាក​ផ្ទាំង​សូឡា​​របស់វា​បាន​ទៀត​ឡើយ។

គួរជម្រាបថា ​តទៅមុខយាន​អវកាស Dawn នឹងស្ថិតនៅ​ក្នុងគន្លង​ជុំវិញ Ceres សម្រាប់រយៈពេល​យ៉ាងតិច ២០ឆ្នាំ ឬ​អាច​យូរ​ជាង​​នេះ​ក៏​ថា​​បាន​។ ក្រុមការងារបេសកកម្ម​ធ្លាប់បាន​និយាយថា វាមានលទ្ធភាព​ខ្ពស់លើសពី ៩៩ភាគរយ​ទៅទៀតថា យានអវកាសនេះ​នឹង​មិន​ធ្លាក់​ទៅ​ទង្គិច​ជាមួយ Ceres ឡើយ យ៉ាងហោចណាស់​សម្រាប់រយៈពេល​ ០៥ទសវត្សរ៍ខាងមុខ។

ការបញ្ចប់បេសកកម្ម​នៃយាន Dawn និង Kepler ពុំមែនជារឿង​គួរឲ្យភ្ញាក់ផ្អើល​សម្រាប់អ្នកវិទ្យាសាស្រ្ត​ឡើយ ដោយ​ក្រុម​ការងារ​នៃ​បេសកកម្ម​ទាំងពីរ បានដឹងជាយូរ​ខែមកហើយថា បេនស្តុកឥន្ធនៈរបស់យានអវកាសទាំងពីរ​ គឺកាន់តែរីងទៅៗ ដោយរង់ចាំតែ​ថ្ងៃ​អស់​​រលីង​ប៉ុណ្ណោះ​៕

ចែករំលែក