បេសកកម្ម​សិក្សា​អាចម៍ផ្កាយ​ទាំង ៧ របស់​អង្គការ NASA ទទួលបាន​កញ្ចប់ថវិកា​ហើយ!

0

 

(វ៉ាស៉ីនតោន)៖ ទីបំផុត​បេសកកម្ម​មួយរបស់​អង្គការ NASA ដែលមានគោលដៅ​សិក្សាលើ​​អាចម៍ផ្កាយដល់​ទៅ​ ០៧ ខុសៗគ្នា ទទួល​បានកាលបរិច្ឆេទ​​បាញ់បង្ហោះ និងកញ្ចប់ថវិកា​ហើយ ក្រោយឆ្លងផុតដំណាក់​កាលវាយតម្លៃយ៉ាង​សំខាន់។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពីវែបសាយ Space.com នៅព្រឹក​ថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

បេសកកម្ម​នោះមាន​ឈ្មោះថា Lucy ហើយវានឹង​ត្រូវបាញ់បង្ហោះឡើងទីអវកាសនៅ​ខែតុលា ឆ្នាំ២០២១ ជា​ពេល​​ដែល​យាន​នេះ​នឹង​ត្រូវចាប់ផ្តើម​ដំណើរផ្សងព្រេង​រយៈពេល ១២ឆ្នាំ របស់វានៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ។ អំឡុង​ពេលនោះ Lucy នឹងឆ្ពោះទៅកាន់​ដុំថ្ម​​មួយ​នៅ​តំបន់ខ្សែក្រវាត់​អាចម៍ផ្កាយ និង​០៦ទៀត នៅក្នុងក្រុម​អាចម៍ផ្កាយម៉្យាង​ហៅថា Trojan ដែលស្ថិតលើ​គន្លង​​គោចរ​​ជាមួយ​ភព​ព្រហស្បតិ៍ (Jupiter)។

ជាដំបូងនៅ​ឆ្នាំ២០២៥ យាន Lucy នឹងហោះទៅកាន់​​តំបន់​ខ្សែក្រវាត់អាចម៍ផ្កាយ (Asteriod Belt) ដែលនៅចន្លោះ​ភពអង្គារ (Mars) និង Jupiter។ ន្ទាប់មកវានឹង​បន្តឆ្ពោះទៅភព​ព្រហស្បតិ៍ ដែលគោចរជុំវិញ​ព្រះអាទិត្យចន្លោះ​ចង្កោម​អាចម៍​ផ្កាយ Trojan ហើយ​នៅ​ចន្លោះ​​ឆ្នាំ​២០២៧ និងឆ្នាំ២០៣៣ Lucy នឹងហោះកាត់​អាចម៍ផ្កាយចំនួន ០៦ នៅទីនោះ។

គួរជម្រាបថា នៅពេលវាចាប់ផ្តើម​បេសកកម្ម យាន Lucy នឹងស្ថិតក្នុងចំណោម​បេសកកម្ម NASA ដទៃទៀត ដែលបានព្យាយាម​​ទម្លាយអាថ៌កំបាំង​​​​ នៃប្រព័ន្ធព្រះអាទិត្យ ដែលកប់ទុក​នៅក្នុងអាចម៍​ផ្កាយ រួមមានដូចជា​ បេសកកម្ម Dawn ដែលទើបតែ​បញ្ចប់​ការ​ស្រាវជ្រាវ​របស់វានៅជុំវិញភពមិន​ពេញលក្ខណៈ (Dwarf Planet) Ceres និង​បេសកកម្ម OSIRIS-REx ដែលបច្ចុប្បន្ន​នៅស្ថិត​នៅ​ចម្ងាយ​ ៣៣០គីឡូម៉ែត្រ ពី​អាចម៍​ផ្កាយ​ឈ្មោះថា Bennu៕

ចែករំលែក