មិនធម្មតា! ក្រុមតារាវិទូធ្វើការអង្កេត «ចលនាជុំវិញប្រហោងខ្មៅយក្ស នៅកណ្តាល​កាឡាក់ស៊ី​យើង» ដែល​មាន​ចលនាស្រូប​ទាញយ៉ាងកញ្ជ្រោលបំផុត!

0

 

(វ៉ាស៊ីនតោន)៖​ ក្រុមតារាវិទូជា​លើកដំបូងបានធ្វើការ​អង្កេត ទៅលើ​បណ្តុំឧស្ម័នដែល​ស្ថិតនៅជាប់​ប្រហោងខ្មៅ​យក្ស ​នៅ​ចំ​កណ្តាល​បេះដូង​​នៃ​កាឡាក់ស៊ី Milky Way។​ នេះបើតាមការដកស្រង់​ការផ្សាយចេញពី​វែបសាយ Space.com នៅរសៀលថ្ងៃ​សៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

អ្នកវិទ្យាសាស្រ្តគិតថា នៅចំកណ្តាល​កាឡាក់ស៊ី Milky Way មានប្រហោងខ្មៅធំ​មួយឈ្មោះថា Sigittarius A*។ ការអង្កេតថ្មីៗ​នេះ​​ទៅ​លើតំបន់នោះ បានបង្ហាញឲ្យ​ឃើញពី​បណ្តុំឧស្ម័នអវកាស ធ្វើចលនាក្នុងល្បឿន ៣០ភាគរយ​នៃល្បឿនពន្លឺ ក្នុងគន្លង​រាងវង្វង់ នៅ​ជាប់មាត់​ច្រកពេលវេលា (Event Horizon) របស់​ប្រហោងខ្មៅ​នោះតែម្តង។

លទ្ធផលអង្កេត ​តាមរយៈការប្រើប្រាស់​ប្រព័ន្ធតេឡេស្កូប​ដ៏មានអានុភាព​ នៅភាគខាងត្បូងទ្វីបអឺរ៉ុប មិនត្រឹមបញ្ជាក់​ពីវត្តមាននៃ​​ប្រហោង​ខ្មៅ Sagittarius A* នៅ​កណ្តាល​ Milky Way ប៉ុណ្ណោះទេ វាក៏បានបង្ហាញ​ផងដែរថា បណ្តុំឧស្ម័ន​អវកាស​កំពុងធ្វើគោចរ​យ៉ាងកៀក​ ទៅនឹងមាត់​របស់ប្រហោងខ្មៅ​ដ៏ធំនោះ។

គួរជម្រាបថា ប្រហោងខ្មៅធំៗ​ត្រូវគេជឿជាក់​ថា មានវត្តមាន​នៅចំកណ្តាល នៃកាឡាក់ស៊ី​ភាគច្រើននៅក្នុង​ចក្រវាឡ។ កម្លាំង​ទំនាញ​​នៃ​បាតុភូតអវកាស​ធំៗទាំងនេះ ស្រូបទាញឧស្ម័ន និងធូលីអវកាស​ដែលនៅជុំវិញ។ រូបធាតុភាគ​ច្រើនក្នុងតំបន់រាង​ដូចបន្ទះ​ឌីស ដែល​​គេ​ហៅ​ថា Accretion Disc នៅជុំវិញ​ប្រហោង​ខ្មៅ Sagittarius A* ធ្វើគោចរ​នៅរយៈចម្ងាយ ដ៏មាន​សុវត្ថិភាពមួយ។

ប៉ុន្តែអ្វីៗដែលនៅ​ទៅ​កៀកខ្លាំង​ពេក ប្រឈមនឹង​ការស្រូបចូល​ទៅក្នុងមាត់របស់ប្រហោងខ្មៅ​នោះ ជាទីកន្លែងដែល​ពុំអាចគេចចេញពីកម្លាំង​ទំនាញ​របស់​​ Sagittarius A* បានឡើយ។ សម្រាប់សំណុំ​ឧស្ម័នដែលតារាវិទូទើប​អង្កេតឃើញថ្មីៗនេះ គឺស្ថិតនៅចម្ងាយ​ជិតមាត់របស់​ប្រហោងខ្មៅ​ Sagittarius A* បំផុត៕

ចែករំលែក