រកឃើញ​ទេក្នុងស្នាមញញឹមរូបមួយ​សន្លឹកនេះ? Hubble ថតបាន​ស្នាមញញឹមនៃចក្រវាឡ (រូបភាពខាងក្នុង)

0

 

(អាមេរិក)៖ រូបភាពថ្មី​របស់កែវយឺតអវកាស Hubble ដែលទើបត្រូវបាន​ដាក់តាំងពី​បង្ហាញ​ជាសាធារណនៅ​ក្នុងសប្តាហ៍នេះ ពិតជាបានធ្វើឲ្យគ្រប់គ្នា​ភ្ញាក់ផ្អើល និងប្រឹងសម្លឹងមើល​មិនដាច់ភ្នែក ដើម្បីស្វែងរកមើលថា​តើចំណុចណាទៅ ជាស្នាមញញឹម​របស់ចក្រវាឡ។ នេះបើតាមការចេញផ្សាយ​ដោយ CNET នាល្ងាច​ថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

វាជាភាពអស្ចារ្យ​នៃកែវយឺតអវកាស Hubble របស់អង្គការ NASA ដែលមាន​សមត្ថភាព​វែកញែក​នូវពន្លឺនៃចក្រវាឡ​របស់យើង​ឲ្យមានភាពភ្លឺថ្លា និងរបៀបរៀបរយ​នៅក្នុងរូបភាព​នីមួយៗ​ដែលខ្លួន​ថតបាន ហើយរូបភាពដោយ​ចៃដន្យថ្មីមួយនេះ យើងអាចមើលឃើញ​ច្បាស់​នូវ​កាឡាក់ស៊ីចំនួនបី​ត្រួតលើគ្នា ហើយបង្កើតចេញ​ជាមាត់ញញឹម និងភ្នែក​មួយគូ ដែលតាមពិត​ទៅវាគ្រាន់តែភាព​ចៃដន្យនៃតំបន់ដែលផែនដីយើង​ស្ថិតនៅ អាចមើលឃើញ​ទៅជាបែបនោះ​ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណា​ក៏ដោយ គ្រប់គ្នានៅតែរីករាយ និងកោតសរសើរ​សមត្ថភាព​របស់ Hubble ព្រមទាំងភាព​អស្ចារ្យនៃចក្រវាឡ ដែលជាបណ្តុំ​នៃកាឡាក់ស៊ីរាប់រយ​ពាន់លាន និងមានអាថ៌​កំបាំងច្រើនអនេក​ ដែលមិនអាចបកស្រាយ​អស់។ វាស្ថិតនៅក្នុង​ចង្កោម​កាឡាក់ស៊ី​ដែលមាន​ឈ្មោះថា SDSS J0952+3434 និងត្រូវបានថត​ដោយកាមេរ៉ា WFC3 ឬ កាមេរ៉ាទី ៣ របស់ Hubble ដែលមាន​សមត្ថភាពសម្រាំងនូវពន្លឺងងឹត​ខ្ពស់បំផុត។

បន្ថែមពីនេះរូបភាពថ្មីៗ​នៅ​អំឡុងបេសកកម្ម​​របស់ Hubble ពិតជា​បានបកស្រាយ​​នូវរឿង​រ៉ាវ​អាថ៌កំបាំង​ជា​ច្រើន​ទៀត ជាពិសេសគឺពាក់ព័ន្ធ​​ទៅហ្នឹងការ​បង្កើត​ផ្កាយ ឬប្រព័ន្ធព្រះអាទិត្យ​ថ្មី ក្រោយបន្ទុះ​សូពើណូវ៉ា។ នៅក្នុងក្នុង​បេសកកម្មនេះ​មានតែ កាមេរ៉ា WFC3 របស់ Hubble ដែលអាចចាប់​យករូបភាពទំហំធំ និងបញ្ជូន​មកផែនដីវិញ ដើម្បីឲ្យក្រុមអ្នកជំនាញ​​ធ្វើការស្វែងរក​កន្លែង​ដែលតារាណាមួយកំពុង​កកើត ដូច្នេះពួកគេ​អាចសិក្សា​បន្ថែម​អំពីវា។

គួរបញ្ជាក់ថា Hubble ដែលដំបូងឡើយ​តម្រូវឲ្យធ្វើការ​បានត្រឹមតែរយៈពេល ១៥ឆ្នាំនោះ សព្វថ្ងៃនេះ បានទម្លាយអាថ៌កំបាំង​ផ្នែកវិទ្យាសាស្រ្តជាច្រើន​ក្នុងរយៈពេលរហូតដល់ជាង​ ២៨ឆ្នាំហើយ ខណៈអ្នកវិទ្យាសាស្រ្ត​រំពឹងថា វានឹង​អាច​​​បន្តបង្កើតរបក​គំហើញអស្ចារ្យ​យ៉ាងសន្ធឹកសន្ធាប់​​ថែមទៀត នាអំឡុងពេល​យ៉ាង​តិចមួយ​ទសវត្សរ៍​ខាងមុខ។ កែវយឺត​​អវកាស Hubble បានត្រឡប់មក​​ដំណើរការជា​ធម្មតាដូចដើមវិញ​​ហើយ បន្ទាប់ពីឧបករណ៍​​តម្រង់ទិស ​និង​​ទប់​លំនឹង Gyroscope របស់វា​ត្រូវបាន​ជួលជុល​រួចរាល់៕

ចែករំលែក