បេសកកម្មធំៗ​០២ត្រូវបញ្ចប់​ទៅក៏​ពិតមែន តែ​អង្គការ NASA នៅមានបេសកកម្មតូចធំ ៦០ទៀត​នៅក្នុង​ដៃ (ស្វែងយល់)

0

 

(វ៉ាស៊ីនតោន)៖ ខណៈមួយរយៈ​ចុងក្រោយនេះ​មានដំណឹងថា យានអវកាសមួយ​ចំនួនបានគាំងដំណើរការ​មួយពេលខ្លី ខ្លះនៅ​តែ​មិន​ទាន់អាច​ទាក់ទងបាន ហើយបេសកកម្មធំៗ​ចំនួន ០២ បានឈានចូលដល់​ទេបញ្ចប់ថែម​ទៀតនោះ ប្រហែលជា​មានអ្នកព្រួយបារម្ភច្រើនជាក់​​ជា​មិន​ខានថា វាដូចជាពុំសូវមាន​រឿងល្អៗ​កើតឡើងក្នុង​វិស័យអវកាស​សោះឡើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីវែបសាយ Space.com នៅព្រឹក​ថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

យ៉ាងណាមិញ ទីភ្នាក់ងារ​អវកាសអាមេរិក NASA បានលើកឡើងថា ពុំមានរឿងអ្វីគួរ​ឲ្យបារម្ភជុំវិញបញ្ហា​ទាំងអស់នេះឡើយ ព្រោះថា​គម្រោង​បេសកកម្ម​ជាង ៦០គម្រោង​ទៀតឯណោះ កំពុងតែស្ថិត​ក្រោមការអភិវឌ្ឍ​នាខណៈពេលនេះ។ ថ្មីៗនេះ NASA ទើបតែបាន​ប្រកាស​​បិទ​បញ្ចប់បេសកកម្ម​រយៈពេលវែងចំនួន ០២ គឺ កែវយឺតអវកាស​ឆ្លុះភព Kepler និងយាន Dawn ដែលបានទៅសិក្សា​តំបន់អាចម៍ផ្កាយ។

ការឈានដល់​ទីបញ្ចប់នៃបេសកកម្ម​ទាំងពីរ បានកើតមាន​ឡើងចំពេល​យានអវកាសមួយ​ចំនួន បាននិងកំពុងជួបបញ្ហា​ថែមទៀត​។ ​យានរ៉ូវើ Opportunity នៅលើ​ភពអង្គារ (Mars) នៅតែពុំមានការ​ឆ្លើយតប​ជិត ០៥ខែហើយ ចាប់តាំងពីវាត្រូវបាន​គ្របដណ្តប់ដោយ​ព្យុះធូលី​នៅលើដែនដីនោះ រីឯកែវយឺត​អវកាស Hubble និង Chandra ក៏បានគាំងដំណើរការមួយពេលខ្លី កាលពី​ខែតុលាផងដែរ។

គួរជម្រាបថា ទន្ទឹមពេលដែល​បេសកកម្មធំៗចំនួន ០២ បានបញ្ចប់ទៅក៏​ដោយ បេសកកម្មផ្សេង​ទៀតរបស់ NASA បាននិងកំពុង​ចាប់​​​​ផ្តើម​ប្រតិបត្តិការ​របស់វាជាបណ្តើរៗ​ទៅហើយដែរ តួយ៉ាងដូចជា​កែវយឺតអវកាស TESS ដែលជាអ្នក​បន្តវេនពី Kepler បានចាប់ផ្តើមឆ្លុះ​រកភព​អេលៀន​ កាលពីចុងខែកក្កដា និងបានរកឃើញ​ភពចំនួនរួចបាត់​ទៅហើយ​ ដើម្បីបន្តវេន​ពីគ្រឿងយន្ត​មុនៗ ដែលដល់ពេល​ត្រូវសម្រាក។

ក្រៅពីនេះ​យាន Parker Solar Probe ដែលមាន​គោលដៅ​ទៅកៀក​ព្រះអាទិត្យបំផុតនោះ ទើបតែបានបាញ់​បង្ហោះឡើងទីអវកាសកាល​ពីខែសីហា និងកំពុងធ្វើដំណើរ​កាត់​​ផ្កាយ​​​របស់​យើងជា​ដំបូង។ ម៉្យាងវិញទៀត យានរ៉ូវើថ្មីសម្រាប់រុករក​លើភពអង្គារ ឈ្មោះថា InSight នឹងទៅដល់ភព​ក្រហមយក្សនេះ​នៅ​​​​ចុង​​ខែនេះ ខណៈយាន New Horizons នឹងផ្តល់​កាដូឆ្នាំ​ថ្មីតាមរយៈការហោះឆ្វែល​ដុំថ្មអវកាសមួយ នៅតំបន់ខ្សែក្រវាត់​អាចម៍ផ្កាយ Kuiper Belt ដែលនៅជាយ​ប្រព័ន្ធព្រះអាទិត្យ​ជាដើម។

គួរបញ្ជាក់ថា ទីភ្នាក់ងារ​អវកាសអាមេរិក NASA បានសម្រេច​ឲ្យ​កែវយឺតអវកាស Kepler ចូលនិវត្តន៍​ ដោយសារតែការ​អស់ឥន្ទនៈ​ចាំបាច់សម្រាប់បន្តប្រតិបត្តិការ​ស្រាវជ្រាវ​ទៅមុខទៀត កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ កែវយឺត​អវកាស Kepler បានចំណាយពេល​ ០៩ឆ្នាំ នៅក្នុងលំហ​អវកាស និងបាន​រក​ឃើញ​​ភពអេលៀននៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា Exoplanet ជាង ២,៦០០ភព ដោយក្នុងចំណោម​នោះមានភព​មួយចំនួន អាចជាកន្លែង​ទ្រទ្រង់ជីវិត​បានថែមទៀត​​ផង។ បើតាមសេចក្តី​ប្រកាស​របស់ NASA កែវយឺតអវកាស​នេះ នឹងចូល​និវត្តន៍​ នៅក្នុងគន្លងគោចរ​សុវត្ថិភាពបច្ចុប្បន្ន​របស់វា ដែល​នៅ​ឆ្ងាយ​​​ពីផែនដី។

NASA បានឲ្យ​ដឹងថា នៅពេលរៀបចំ​បង្កើតគម្រោងបេសកកម្មនេះ ​ជាលើកដំបូងកាលពី ៣៥ឆ្នាំមុន អ្នកវិទ្យាសាស្រ្ត​មិនដឹងថា មាន​ភពណាមួយនៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ​របស់យើងឡើយ ប៉ុន្តែឥឡូវនេះមនុស្ស​គ្រប់គ្នាដឹងថា ភពមាននៅ​គ្រប់ទីកន្លែង ហើយ​ Kepler បានជួយរៀបចំ​បង្កើតវិថីមួយ ដែលពោរពេញដោយ​ក្តីសង្ឃឹមសម្រាប់មនុស្ស​ជំនាន់ ដើម្បី​ធ្វើ​ការ​រុក​រក​​កាឡាក់​ស៊ី​​របស់​យើង​។ កែវយឺត Kepler ត្រូវបានបាញ់​បង្ហោះឡើងទីអវកាស​កាលពី​ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០០៩ ដោយមានបំពាក់​នូវបច្ចេកវិទ្យា​ទំនើបៗ​​ ​ក្នុង​ការវាស់ស្ទង់កម្រិតពន្លឺរបស់ផ្កាយ រួមជាមួយ​កាមេរ៉េឌីជីថល​ធំបំផុតនាសម័យ​នោះ ដែលសាកសម​ឥតខ្ចោះ​​សម្រាប់​ការ​​អង្កេត​ក្នុង​​ទីអវកាស។

សម្រាប់គ្រឿងយន្តអវកាសមួយទៀតនោះ គឺ Dawn ដែលបានគោចរជុំវិញ​ដុំថ្មអវកាសធំៗចំនួន ០២ នៅតំបន់ខ្សែក្រវាត់​​អាចម៍​ផ្កាយ​ ឈ្មោះ Vesta និង Ceres ​និងសម្រេចបាន​សមិទ្ធផលជា​ច្រើននោះ ទីបំផុតអស់​ឥន្ធនៈ​​ និង​បាន​ឈាន​ដល់​ទី​បញ្ចប់​បាត់​​ទៅ​ហើយដែរ នាដើមខែវិច្ឆិកា ឆ្នាំ២០១៨ នេះតែម្តង។​ ការបញ្ចប់​បេសកកម្ម Dawn គឺជារឿងគួរឲ្យសោកស្តាយ​ថ្មីមួយទៀត​ ចំពោះអ្នកគាំទ្រ​វិស័យអវកាស

យានអវកាស Dawn ដែលមាន​តម្លៃ ៤៦៧លានដុល្លារ ត្រូវបានបញ្ជូនឡើង​អវកាសកាលពី​ខែកញ្ញា ឆ្នាំ២០០៧ ដើម្បីសិក្សា​ទៅលើ​អាចម៍ផ្កាយ​យក្ស Vesta (មុខកាត់ ៥៣០គីឡូម៉ែត្រ) ដែលត្រូវចាត់​ថ្នាក់ជា Protoplanet និង Ceres (៩៥០គីឡូម៉ែត្រ) ដែល​ត្រូវ​ចាត់​​ថ្នាក់​ជា Dwaft Planet។ អ្នកវិទ្យាសាស្រ្ត​បានចាត់ទុកដុំថ្ម​ទាំងពីរនេះថា ជាវត្ថុដែលនៅ​សេសសល់ពីសម័យកាល​នៃការកកើតភព​នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង ដូច្នេះហើយទើបបេសកកម្ម​នេះ មាន​ឈ្មោះថា Dawn ដែលមានន័យថា ព្រឹកព្រលឹម ឬការ​ចាប់​ផ្តើម​ដំបូង។

ចែករំលែក