ការសិក្សាថ្មី៖ ភពស្ថិត​គន្លងគោចរ​ជិតៗគ្នា តើអាច​ផ្ទេរជីវិតឲ្យគ្នា​បាន ឬទេ?

0

 

(ឡុងដ៍)៖ ការសិក្សាវិភាគថ្មី​មួយត្រូវបានធ្វើឡើង​ទៅនឹងចម្ងល់ថា តើ​ជីវិតអាចចែក​រំលែក​បានយ៉ាង​ដូចម្តេច រវាង​​ភពមានគន្លងគោចរ​នៅជិតៗគ្នា​ ឬក៏ប្រព័ន្ធព្រះអាទិត្យ​ពីរដែលស្ថិត​នៅជិតគ្នានោះ។ នេះបើតាម​ការដកស្រង់​ការ​ផ្សាយ​ចេញពីវែបសាយ Space.com នៅល្ងាច​ថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

គំនិតដែលថា​ជីវិតមានវត្តមាននៅពាសពេញ​ចក្រវាឡ និងអាចធ្វើដំណើរដោយ​សេរីបាន គឺមានតាំងតែពីយូរណាស់​ហើយ និង​ត្រូវ​បានគេហៅ​ថា ទ្រឹស្តី Panspermia។ រហូត​មកទល់​ពេលនេះ មានការងឿងឆ្ងល់រាប់​មិនទាក់ទងនឹង​ទ្រឹស្តី Panspermia រួមការលើក​ឡើងថា តើជីវិតនាំចេញ​ និងយកទៅកាន់ភពផែនដី​ ដោយរៀបណា​ជាដើម។ កាលពីឆ្នាំ២០០៩ លោក Stephen Hawking ក៏ធ្លាប់បាន​​​និយាយផងដែរថា ជីវិតអាចរីកសាយ​ពីភពមួយទៅភព​មួយទៀត ឬពីប្រព័ន្ធផ្កាយមួយ​ទៅកាន់ប្រព័ន្ធផ្កាយ​មួយទៀតបាន តាមរយៈ​​​អាចម៍​ផ្កាយ។

លោក Dimitri Veras ដែលជាអ្នកវិទ្យាសាស្រ្ត​នៃសាកវិទ្យាល័យ Warwick នៅអង់គ្លេស និងជាប្រធានក្រុមស្រាវជ្រាវ​នាពេលថ្មីៗនេះ​​ ជុំវិញប្រធានបទ​ខាងលើ​បាននិយាយថា មួយសតវត្សរ៍ចុង​ក្រោយនេះ ទ្រឹស្តី Panspermia បានផ្តោតទៅ​លើ​ការដឹកជញ្ជូន​ជីវិតនៅ​ក្នុងប្រព័ន្ធសូឡា​របស់យើង​រួមទាំងផែនដី។

ដោយឡែក ប្រព័ន្ធ​ផ្កាយ TRAPPIST-1 ដែលនៅចម្ងាយ ៣៩ឆ្នាំពន្លឺពីផែនដី និងមានភព​ចំនួន ០៧​ស្ថិត នៅគន្លងគោចរបញ្ច្រៀតគ្នា​ក្នុងគន្លងគោចរ​តូចជាងគន្លង​ភពពុធ (Mercury) ទៅទៀត​នោះ បានផ្លាស់ប្តូរចំពោះ​គំនិតដែលផ្តោតលើ​ផែនដីនេះ។ ​ព្រះអាទិត្យ​នៃប្រព័ន្ធ​ផ្កាយនោះ​ គឺជាប្រភេទ​ផ្កាយពណ៌ក្រហម​ ដែលពុំសូវក្តៅប៉ុន្មាន​ឡើយ។ ដូច្នេះហើយ​ទោះបីជា ភពទាំង ០៧ ធ្វើគោចរនៅកៀកក៏ដោយ ពួកវាអាច​ស្ថិត​នៅក្នុងតំបន់ Habitable Zone ក្រោមសីតុណ្ហភាព​ខុសៗគ្នា អាស្រ័យទៅលើ​បរិយាកាស​របស់ភព​ទាំងនោះ។ ហេតុដូចនេះ វា​គឺ​ជាគំរូល្អ​ឥតខ្ចោះ សម្រាប់ការរុករក​​ទ្រឹស្តី Panspermia។

​បើតាម​លោក Veras ក្នុងប្រព័ន្ធភព​របស់យើង គោលការណ៍គ្រឹះ​នៃដំណើរការ​ទាក់ទងនឹង​ទ្រឹស្តី Panspermia ត្រូវបាន​បង្កើតឡើង ​ក្នុងនោះរួមមាន​ភស្តុតាងថា ជីវិតអាចឆ្លងកាត់​ការធ្វើដំណើរ ០៣ដំណាក់កាល ពីភពមួយទៅ​ភពមួយ គឺការចាកចេញពី​ភពចាស់ ការ​ធ្វើដំណើរ​ក្នុងទីអវកាស​រវាងភពទាំងពីរ និងការធ្លាក់ចុះ​ទៅដល់ភពថ្មី ដោយដំណាក់​កាលនីមួយ សុទ្ធតែជាបញ្ហា​ចោទសម្រាប់​លទ្ធ​ភាពរស់រាន​នៃជីវិត។

សព្វថ្ងៃនេះ​អ្នកវិទ្យាសាស្រ្តដឹង​​អំពីប្រព័ន្ធភពច្រើន​ ដែលអាចអង្កេតបាន​ដូចជា TRAPPIST-1 ដែលមានភពច្រើន​ជាងមួយនៅក្នុង​​តំបន់ Habitable Zone ដូច្នេះហើយ​លទ្ធផលនៃការ​សិក្សាវិភាគរបស់​លោក Veras នឹងយកទៅ​ប្រើប្រាស់​ ដើម្បីបង្កើន​ការស្វែង​យល់​ អំពីលទ្ធភាពដែលជីវិតអាចត្រូវចែករំលែក​រវាងភព នៅក្នុងប្រព័ន្ធព្រះអាទិត្យ​អេលៀន​ទាំងនេះ៕

ចែករំលែក