លទ្ធផលសិក្សាលម្អិត៖ មានភាគរយ​ច្រើនបញ្ជាក់​ថា Oumuamua អាចជា​យានអវកាស​របស់​អេលៀន…

0

 

(វ៉ាស៉ីនតោន)៖ អ្នកវិទ្យាសាស្រ្ត​នៅលើពិភពលោក បានកើតក្តីងឿង​ឆ្ងល់ជាខ្លាំង ចាប់តាំងតែ​ពី​វត្ថុអវកាសចម្លែក​ ​​​ដែលគេដាក់ឈ្មោះ​ឲ្យថា អូម័រម័រ (Oumuamua) បានធ្វើដំណើរឆ្លងកាត់​​ព្រះអាទិត្យ កាល​ពីចុងឆ្នាំ២០១៧។ ដោយសារតែ​ល្បឿនលឿន និងគន្លងធ្វើដំណើរ​ខុសប្រក្រតី​របស់វា វត្ថុអាថ៌កំបាំង​ទំហំប៉ុនស្តាតកីឡាអន្តរជាតិ​មួយនេះ ច្បាស់ណាស់​គឺមានប្រភពមកពីខាងក្រៅប្រព័ន្ធ​​ព្រះអាទិត្យ​​របស់​យើង​​។
ប៉ុន្តែរូបរាងទ្រវែង​-សំប៉ែត និងរៀបដែល​វាបង្កើនល្បឿនក្នុងពេល​ធ្វើដំណើរ​ឆ្លងកាត់ប្រព័ន្ធសូឡាយើង បានធ្វើឲ្យ​វត្ថុនេះខុសប្លែក​​ឆ្ងាយ​ពីអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយ​ធម្មតាៗ ដូចដែល​ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រ​ធ្លាប់អង្កេតរាប់​ទសវត្សរ៍មក​នេះ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មាន NBC News នៅព្រឹក​ថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

អ្នកស្រាវជ្រាវ​ពីររូបមកពីសាកល​វិទ្យាល័យ Harvard កំពុងបង្កើន​លទ្ធភាពដែលថា Oumuamua អាចជាយានអវកាស​មួយរបស់ពួក​​អេលៀន។ អ្នកវិទ្យាសាស្រ្ត​ទាំងពីរបានរៀបរាប់​ នៅលើ​ឯកសារស្រាវជ្រាវ​របស់ពួក​គេថា វត្ថុអវកាសពោរពេញ​ដោយអាថ៌កំបាំង​​នេះ​ ប្រហែលជា​យានមានសមត្ថភាព ​ធ្វើប្រតិបត្តិការពេញលេញ​មួយ ដែលត្រូវបាន​បញ្ជូនមកប្រព័ន្ធព្រះអាទិត្យ​ដោយចេតនា ពីសំណាក់​​​ពួក​អេលៀន។

ការអះអាងនេះ​ត្រូវបានធ្វើឡើង បន្ទាប់ពីមានការវិភាគ​បែបគណិតវិទ្យា​យ៉ាងហ្មត់ចត់​បំផុត ជុំវិញរបៀប​ដែល Oumuamua ​បង្កើន​ល្បឿន អំឡុងពេលដែល​វាហោះកាត់​ព្រះអាទិត្យ។ ក្រុមអ្នកវិទ្យាសាស្រ្ត​នៃសាកលវិទ្យាល័យ Harvard បាន​និយាយថា Oumuamua អាចជាយាន​អវកាស ដែលត្រូវបានរុញ​ច្រានដោយថាមពលពីពន្លឺព្រះអាទិត្យ​ទៅលើផ្ទៃរាងសំប៉ែត​របស់ តាមរយៈបច្ចេកវិទ្យា​​ម៉្យាង​ដែល​គេ​ហៅថា LightSail ជាបច្ចេកវិទ្យា​ដែលនៅមានភាពក្មេងខ្ចីខ្លាំង​ នៅលើភពផែនដី​យើង។

គួរជម្រាបថា យ៉ាងណា​ក៏ដោយ អាថ៌កំបាំងពិត​នៅពីក្រោយ Oumuamua ប្រហែលជាពិបាក​នឹងទម្លាយបានណាស់ ដោយសារតែ​វាបានចាកចេញ​ពីប្រព័ន្ធព្រះអាទិត្យបាត់​ទៅហើយ និងពុំអាចមើលឃើញ​ដោយតេឡេស្កូប​ទៀតនោះទេ។ ប៉ុន្តែតាម​ការអង្កេត​យ៉ាង​ខ្លីទៅលើវា អាចឲ្យយើងដឹងថា វត្ថុចម្លែកបែបនេះ​ផ្សេងទៀតច្បាស់ជាមានវត្តមាន​នៅក្នុងទីអវកាស ដូច្នេះហើយ​អ្នកវិទ្យាសាស្រ្ត​​គួរ​តែ​ចាប់ផ្តើមការស្វែងរក​ពួកវា ដើម្បីបង្កើន​ការស្វែងយល់​បន្ថែម៕

ចែករំលែក