មានវិធីសាស្ត្រ​មួយអាចឲ្យអេលៀន​រកឃើញផែនដី​ឆាប់ៗ ប៉ុន្តែអ្នក​វិទ្យាសាស្ត្រ​ជាច្រើន​បានព្រមានមិនឲ្យធ្វើវាឡើយ…

0

 

(អាមេរិក)៖ ដូចយើងធ្លាប់ឃើញនៅក្នុងខ្សែភាពយន្ត នៅពេលដែលពួកអេលៀនមកដល់​ភពផែនដី ភាគច្រើនពុំដែល​មានរឿងល្អ​កើតឡើង​ឡើយ តួយ៉ាងសូម្បីតែលោក Stephen Hawking កាលនៅមាន​ជីវិត ក៏ធ្លាប់បានព្រមាន​ជាច្រើនដងផងដែរថា កុំព្យាយាម​ស្វែងរក​អេលៀន ព្រោះ​ពួកគេប្រាកដ​​ជាមាន​បច្ចេកវិទ្យា​ខ្លាំងជាង​មនុស្សយើង និងអាចឈ្លានពាន​យើងដោយវិធី​សាហាវៗបាន។ ទោះជា​បែប​នេះក្តីវាពុំអាចរារាំង​អ្នកវិទ្យាសាស្រ្ត​​មួយចំនួន ពីការរិះរក​មធ្យោបាយ ដើម្បីទាក់ទាញ​​អេលៀន​​មក​កាន់​ផែន​ដី​​​បាន​ឡើយ។

ការសិក្សាលទ្ធភាព​ថ្មីមួយ​បានលើកឡើងថា ពួកយើងអាច​បាញ់កាំរស្មី​ឡាស៊ែរឡើង​ទៅក្នុងទីអវកាស ដើម្បីធ្វើជាភ្លើង​សញ្ញាសម្រាប់ឲ្យពួកអេលៀន​ ស្វែងរកភពយើង​ឃើញបានកាន់តែលឿន ហើយ​ឡាស៊ែរទាំងនោះ​ គឺជាវិធីសាស្ត្រមួយ​​ដែលអាចមានការ​ចំណាយតិច​ជាងការបង្ហោះយាន​ទៅទៀត។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីវែបសាយ BGR នៅរសៀល​ថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការសិក្សាខាងលើ​ដែលត្រូវបានចុះផ្សាយលើទស្សនាវដ្តី​វិទ្យាសាស្រ្ត The Astrophysical Journal បានឲ្យដឹងថា បច្ចេកវិទ្យាដែល​​មាន​ស្រាប់នាពេលបច្ចុប្បន្ន អាចប្រើប្រាស់​ដើម្បីផលិតកាំរស្មី​ប្រភេទ Infrared មួយ​ដែលភ្លឺគ្រប់គ្រាន់​ដើម្បីអាចឲ្យ​ក្រុមជីវិតអេលៀន​​ឆ្លាតវៃអាចប្រទះ​ឃើញបាន។ នៅពេល​កាំរស្មីនោះត្រូវប្រទះ​ឃើញ វាប្រៀបដូចជា​សញ្ញានាំផ្លូវសម្រាប់ឲ្យអេលៀន​ ធ្វើដំណើរ​មកកាន់​ភពផែនដីដូច្នោះឯង។

យ៉ាងណាមិញ​បញ្ហាចោទធំបំផុត​ ចំពោះការប៉ុនប៉ង​បង្កើតកាំរស្មីបែបនេះ ដែលអាចមើល​ឃើញដោយអេលៀន គឺការធ្វើឲ្យវាមាន​​អានុភាពគ្រប់គ្រាន់ ដើម្បីអាចមើល​ឃើញបានពីរយៈពេល​ចម្ងាយឆ្ងាយ សូម្បីនៅក្រោម​ស្ថានភាព នៃការប្រជែង​ពីពន្លឺព្រះអាទិត្យ​​​ក៏ដោយ។ ការសិក្សាខាងលើ​បានបកស្រាយថា កាំរស្មីឡាស៊ែរ​ពី ១ ទៅ ២មេហ្គាវ៉ាត់ អាចមានលទ្ធភាព​គ្រប់គ្រាន់​ប្រសិនបើវាត្រូវ​​​បាញ់​ចេញ ពី​កែវយឺតអវកាស​ដែលមានទំហំ ៤៥ម៉ែត្រ។

គួរជម្រាបថា សព្វថ្ងៃនេះពុំទាន់មាន​ផែនការច្បាស់លាស់ណាមួយ​នៅឡើយទេ ដើម្បីដាក់ដំណើរការ​នូវ​កាំរស្មីបែបនេះ។ មនុស្ស​លោកយើងក៏បានបញ្ជូនយាន​មួយចំនួន​ដូចជា Voyager ដែលមាន​ផ្ទុកផែនដី​មកកាន់ផែនដី ទៅកាន់តំបន់ Interstellar Space ហួស​ពីប្រព័ន្ធអាទិត្យ​របស់យើងរួចស្រេចទៅហើយដែរ ក្រោមក្តីសង្ឃឹមថា អ្វីម៉្យាងនឹងអាចរកឃើញ​យានអវកាសនោះ ហើយ​​ធ្វើដំណើរ​មកកាន់​ផែនដី។

ថាមិនត្រូវដែរ បើជីវិតនៅ​ក្រៅភពផែនដី ពិតជាមាន​មែននោះថ្ងៃណាមួយនាពេល​អនាគតពួកអេលៀនទាំងនោះ​ ​ប្រហែលជាអាចរកយើងឃើញ មិនថាតាមរបៀប​ខាងលើ ឬក៏ដោយចៃដន្យទាំងស្រុង​ឡើយ។ យ៉ាងណា​ក៏ដោយ សម្រាប់ពួកអេលៀន​​ដែលអាចមក​រកផែនដី​យើងឃើញ នោះពួកគេប្រាកដ​ជាមានបច្ចេកវិទ្យាខ្ពស់លើសយើងដាច់ ហើយប្រាកដ​ណាស់ ពួកគេមកទីនេះគឺមានគោលដៅមួយយ៉ាងពិតប្រាកដ…៕

ចែករំលែក