រុស្ស៊ីមិន​ឲ្យអាមេរិក និងចិន​បានដៃឡើយ ដោយគ្រោង​បញ្ជូនមនុស្ស​យន្ត​ទៅស្រាវជ្រាវ​ព្រះច័ន្ទ​នៅអំឡុង​ទសវត្សរ៍ ២០៣០…

0

 

(ម៉ូស្គូ)៖ ប្រធានទីភ្នាក់ងារ​អវកាសរុស្ស៉ី លោក Dmitry Rogozin បានបង្ហើបឲ្យដឹងនា​ថ្ងៃអង្គារនេះថា រុស្ស៉ីគ្រោងនឹង​បង្កើត​មូលដ្ឋាន​សម្រាប់រយៈពេលយូរ​អង្វែងមួយ នៅលើផ្ទៃនៃព្រះច័ន្ទ ហើយនឹង​សិក្សាទៅលើ​ទីឋានរណបផែនដីនេះ​តាមប្រើជំនួយពីមនុស្ស​យន្ត។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅល្ងាច​ថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Rogozin បាននិយាយ​យ៉ាងដូច្នេះថា «នេះគឺជាគម្រោង​នៃការបង្កើតមូលដ្ឋាន​យូរអង្វែងមួយ ដែលទោះបីមិនអាច​ឲ្យមនុស្សរស់នៅ​បាន​ក៏ដោយ ប៉ុន្តែអាចទៅ​ទស្សនកិច្ចបាន។ និយាយរួមវា​គឺជាការផ្លាស់ប្តួរទៅរកប្រព័ន្ធ​មនុស្សយន្ត ដែលនឹងដោះស្រាយ​នូវការ​ងារ​ផ្សេងៗ​​នៅលើ​ផ្ទៃព្រះច័ន្ទ»។

លោក Rogizin បានបន្តថា គម្រោងខាងលើ​គឺមានមហិច្ឆតា​ធំ និងការទទួលខុសត្រូវ​ច្រើនជាងអ្វីដែល សហរដ្ឋអាមេរិក​បានជួបប្រទះកាលពីអំឡុង​កម្មវិធីរុករកលើឋានព្រះច័ន្ទ​របស់ពួកគេកាល​ពីចន្លោះទសវត្សរ៍​៦០ និង ៧០ នោះទៅទៀត ព្រោះកាលណោះ​អាមេរិកត្រឹមបញ្ជូន​មនុស្សទៅ និងមិនបានសិក្សា​ស៊ីជម្រៅខ្លាំងឡើយ។

ទោះជាបែបនេះក្តី ប្រធានទីភ្នាក់ងារ​អវកាសរុស្ស៉ី​ពុំបានបញ្ជាក់​ច្បាស់ថា តើ វានឹងមានរយៈពេល​យូរប៉ុណ្ណាឡើយ បន្ទាប់ពីការបញ្ជូន​​មនុស្ស​ទៅ​កាន់​ឋានព្រះច័ន្ទដែល​នឹងប្រព្រឹត្តទៅនា​ឆ្នាំ២០៣០ ទើបអាចមាន​ការបង្កើតមូលដ្ឋានពេញលេញ​មួយនៅលើទីនោះ ខណៈបច្ចុប្បន្នសហរដ្ឋអាមេរិក និងប្រទេសចិន​ហាក់ក្លាយ​ជាដៃគូប្រជែង​ខ្លាំងក្លាជាងគេ​ ក្នុងការរុករកនៅឋានព្រះច័ន្ទ។

គួរបញ្ជាក់ថា គំរោងធំៗរបស់ចិន​នៅឋានព្រះច័ន្ទ​នោះ គឺការបង្កើតមូលដ្ឋាន​ស្រាវជ្រាវ​អចិន្ត្រៃយ៍លើ​ផ្ទៃព្រះច័ន្ទ និងផ្កាយរណប​នៅទីនោះផងដែរ ដោយគ្រោង​សម្រេចលទ្ធផល​បណ្តើរៗនៅ​ទសវត្សរ៍ ២០២០។ ដោយឡែក​សហរដ្ឋអាមេរិកវិញ តាមការ​បញ្ជាផ្ទាល់​ពីលោក ដូណាល់ ត្រាំ ស្ថានីយច្រកទ្វារ​អវកាសឋាន​ព្រះច័ន្ទ (Lunar Orbital Space Platform Gateway) នឹងចេញជារូបរាងនៅ​អំឡុងទសវត្សរ៍ ២០២០ ដូចគ្នា៕

ចែករំលែក