តោះ! មកមើល​គំរូនៃស្ថានីយ​អវកាសចិន ដែលគ្រោង​នឹងលេចរូបរាង​នៅ​ឆ្នាំ២០២២ (រូបភាព​ខាងក្នុង)

0

 

(ប៉េកាំង)៖ គំរូជាក់ស្តែងនៃស្ថានីយ​អវកាសនាថ្ងៃអនាគតរបស់​​ប្រទេសចិន ត្រូវបានដាក់តាំងបង្ហាញ​ជាលើកដំបូង នៅក្នុងពិព័រណ៍​​ Airshow China នៅឯទីក្រុង ជូហៃ (Zhuhai) ដោយវាបានទាក់ទាញក្រសែភ្នែក​ភ្ញៀវទេសចរភ្លាមៗ ដែលបានទៅចូលរួម​ព្រឹត្តិការណ៍នោះ​។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

គំរូដែលត្រូវបាន​ដាក់តាំងបង្ហាញ​ខាងលើ គឺជាកំណាត់បន្ទប់​ធំ​​ប្រវែង ១៦ម៉ែត្រ ដែលជាកន្លែង​ធ្វើការងារ និងស្នាក់នៅរបស់​ស្ថានីយ​អវកាស​ចិនឈ្មោះ Tiangong ឬមានន័យវិមាន​ឋានសួគ៌។ ស្ថានីយអវកាស​ថ្មីនេះ ក៏មានបន្ទប់ពីរ​ផ្សេងទៀត សម្រាប់ការងារស្រាវ​ជ្រាវ​​ផ្នែកវិទ្យាសាស្រ្ត ដែលនឹងអនុញ្ញាត​ឲ្យ​អវកាសយានិក ធ្វើការពិសោធន៍​ផ្សេងៗនៅក្រោមលក្ខ​ខណ្ឌ​​​មាន​ទំនាញធម្មតា ក៏ដូចជា​លក្ខខណ្ឌមាន​ទំនាញតិចតួច​ផងដែរ។

គួរជម្រាបថា ស្ថានីយអវកាស​ទម្ងន់ ៦០តោននេះ ដែលមាន​សមត្ថភាពអាចផ្ទុក​អវកាសយានិកពី ០៣ ទៅ ០៦នាក់បាននោះ​ត្រូវ​គេ​រំពឹង​ថា ​នឹង​សាង​សង់ហើយជាស្ថាពរ​នៅពេលណាមួយ​ក្នុងឆ្នាំ២០២២។ ដោយមាន​អាយុធ្វើប្រតិបត្តិការ​ប្រហែល ១០ឆ្នាំ ស្ថានីយ​នេះ​​​​នឹងក្លាយជា​មន្ទីរសោធន៍អវកាស​ ជំនួសឲ្យស្ថានីយអវកាសអន្តរជាតិ ដែលនឹងត្រូវ​ចូលនិវត្តន៍នៅ​ឆ្នាំ២០២៤៕

ចែករំលែក