តើចំណុចព្រំដែន​នៃបរិយាកាស​​ផែនដី និង​​ទីអវកាស មានសភាពដូចម្តេច? ​យានមួយ​នេះនឹងឆ្លើយ​រាល់សំនួរ​ទាំងអស់…

0

 

(អាមេរិក)៖ យានផ្កាយរណប​ដែលមានឈ្មោះថា ICON នឹងត្រូវបាញ់បង្ហោះ​​ទៅកាន់​គន្លងគោចរនៃភពផែនដី នៅ​ព្រឹកព្រហាមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយវានេះហើយ គឺនឹងក្លាយជាអ្នក​ឆ្លើយ​សំនួរអំពីស្ថានភាព នៃតំបន់ព្រំដែន​រវាងបរិយាកាសផែនដី និងទីអវកាស​​ដែលជាតំបន់ពិសេសបំផុត ដែលការពារផែនដី​ពីព្យុះព្រះអាទិត្យ។ នេះបើតាម​ការចេញផ្សាយ​ដោយវែបសាយ Space នាល្ងាចថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការបាញ់​បង្ហោះ ICON ឡើងទៅទីអវកាស នឹងត្រូវធ្វើឡើងដោយ​ប្រើប្រាស់​គ្រាប់រ៉ុក្កែត Pegasus XL ចេញពីមូលដ្ឋាន​ទ័ពអាកាស Cape Canaveral នៃរដ្ឋផ្លូរីដា សហរដ្ឋអាមេរិក នៅវេលាម៉ោង ៤៖៣០នាទីព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅទីក្រុង​វ៉ាស៊ីនតោន) ដែល​ជាពេល​​បរិយាកាសផែនដី នៅតំបន់នោះ​មានសភាព​ល្អបំផុត។ គ្រាប់រ៉ុក្កែត​នេះនឹងត្រូវបាញ់ ដើម្បីផ្តាច់ចេញ​ពីយន្តហោះ Stargazer L-1011 នៅរយៈកម្ពស់ ១២គីឡូម៉ែត្រ ឡើងទៅកាន់គន្លង​តារាវិថីនៃភពផែនដី។

ផ្កាយរណប ICON នឹងត្រូវធ្វើគោចរ​នៅក្នុងរយៈកម្ពស់ ៥៧៤គីឡូម៉ែត្រ ពីផ្ទៃភពផែនដី ដើម្បីធ្វើការសិក្សា​អំពីព្រំដែននៃបរិយាកាស​ផែនដី និង​ទីអវកាស ថាតើវាស្ថិតនៅត្រង់​ណាឲ្យ​ប្រាកដ។ វាក៏មានជាប់ពាក់ព័ន្ធ​ទៅនឹងការស្វែងយល់​ អំពីស្រទាប់បរិយាកាស​ក្រៅ​បំផុតរបស់​ភពផែនដី ដែលជាខែលទប់ទល់​ទៅនឹងភាគល្អិត នៃពន្លឺ​ព្រះអាទិត្យ​ជះមកផែនដី តាមរយៈព្យុះ​ព្រះអាទិត្យ​ដែលតែងតែ​កើតមាន​​ជារឿយៗ។

គួរបញ្ជាក់​ផងដែរថា យាន​ផ្កាយរណប ICON មាន​តម្លៃសិក្សា និង​ផលិតសរុប ២៥០លានដុល្លារ​អាមេរិក ដោយមានតួនាទីសិក្សា​លម្អិតអំពីបរិយាកាស​ផែនដី ពន្លឺអូរ៉ូរ៉ា ព្យុះព្រះអាទិត្យ និងការរអាល់រអួល​អគ្គិសនីលើភពផែនដី នៅពេលកើត​​មានព្យុះ​ព្រះអាទិត្យ​ដ៏ខ្លាំងក្លាម្តងៗ។ ចំពោះផ្កាយរណប ICON នេះត្រូវបាន​ពន្យារពេលមួយ​ឆ្នាំរួចមកហើយក្នុង​ការបាញ់បង្ហោះ ដោយសារ​តែគ្រាប់រ៉ុក្កែត​មានបញ្ហា៕

ចែករំលែក