ក្រិចធ្វើខួបឲ្យបំណែក​អាចម៍ផ្កាយ ដែល​បានធ្លាក់មកលើប្រទេសនេះ​កាលពី ២០០ឆ្នាំមុន (រូបភាពខាងក្នុង)

0

 

(អាតែន)៖ បំណែកអាចម៍ផ្កាយតែមួយគត់ ដែលធ្លាក់នៅក្រិច​ត្រូវបានដាក់តាំង​បង្ហាញជាលើកដំបូង​នៅសារមន្ទីរ ហ៊ែរ៉ាកឡៃដន (Herakleidon) នៅ​ក្នុង​​រដ្ឋធានីអាតែន​ នាថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

បំណែក​អាចម៍ផ្កាយ Seres ត្រូវបាននាំយកមកពី​សារមន្ទីរប្រវត្តិសាស្រ្ត​ធម្មជាតិ NHM នៅទីក្រុងវីយែន នៃប្រទេសអូទ្រីស ក្រោយពី​​​​​​​​​​​​ធ្លាក់នៅក្រិច​កាលពី ២០០ឆ្នាំមុន។ សម្រាប់ការផ្ទេរមកដាក់តាំង​បង្ហាញ សម្រាប់រយៈពេលប៉ុន្មានថ្ងៃនៅទីក្រុងអាតែន គឺដើម្បីអបអរឱកាស​ខួប​ ២០០ឆ្នាំនេះផងដែរ។

គួរជម្រាបថា បំណែកអាចម៍​ផ្កាយនេះ​មានទម្ងន់ ​៨.៥គីឡូក្រាម។ វាបានបញ្ចប់ការ​រសាត់អណ្តែងក្នុង​ទីអវកាស​ កាលពី​ខែមិថុនា ឆ្នាំ១៨១៨ នៅពេលដែលវា​បានជាប់ក្នុងដែន​ទំនាញផែនដី ហើយធ្លាក់នៅភាគខាង​ជើងក្រិច ក្បែរទីក្រុង ស៊ែរែស (Serres)។

ទិន្នន័យ​ជាក់​លាក់​​អំពីការធ្លាក់​របស់វា​ ពុំមានអ្នកដឹងច្បាស់ជាងនេះ​ឡើយ ហើយនៅឆ្នាំ១៨៤៤ បំណែក​អាចម៍ផ្កាយនេះ ក៏បានលេចរូបរាង​ឡើងក្នុង​​សារ​មន្ទីរ NHM នៅវីយែនតែម្តង ជាទីដែលវាត្រូវ​បានរក្សាទុក​ រហូតមកជាមួយ​បំណែកអាចម៍ផ្កាយ​ជាច្រើនផ្សេង​ទៀត៕

ចែករំលែក