បច្ចេកវិទ្យា​អវកាសដ៏មហា​អស្ចារ្យ​ទាំង ៥ ដែលអ្នកអាច​ត្រឹមឃើញ​ក្នុងខ្សែភាពយន្តប៉ុណ្ណោះ (រូបភាពខាងក្នុង)

0

 

(ភ្នំពេញ)៖ ការស្រម៉ៃរបស់មនុស្សលោក ជាពិសេស​គឺផលិតករខ្សែភាពយន្តអន្តរជាតិ​ល្បីៗ មិនដែល​ចេះអស់ និងច្រំដែល​នោះឡើយ ដោយពួកគេ​ព្យាយាមរិះរកគោល​គំនិតថ្មីៗ ដើម្បីទាក់ទាញ​អ្នកអានសៀវភៅ និងទស្សនាខ្សែភាពយន្ត​របស់ពួកគេ នៅពេលផលិតរួច​ម្តងៗ។ តួយ៉ាងដូចជា​បច្ចេកវិទ្យា​អស្ចារ្យទាំង ៥ ខាងក្រោមនេះ ក៏បាន​ធ្វើឲ្យមនុស្សមួយចំនួន​ធ្លាប់​គិតថា ថ្ងៃណាមួយ​អាចនឹងកើតមាន​ពិតប្រាកដ ហើយអ្នកខ្លះ​ទៀតបែរជា​គិតថា គ្មានថ្ងៃនឹង​អាចលេចរូបរាង​ផងដែរ៖

 

១. យានក្នុងរឿង Elysium ឆ្នាំ២០១៣៖ យាននេះគឺ​ជាស្ថានីយអវកាស​ដ៏ធំមហិមាមួយ ដែលមើលទៅ​ប្រៀបដូចជាភពឋាន​សួគ៌ក្នុង​​​​ទីអវកាស ដែលមានតែអ្នកមានស្តុកស្តម្ភ​ប៉ុណ្ណោះដែលអាចទៅរស់​នៅ និងកម្សាន្ត​សប្បាយទៅ​ទីនោះបាន។ នៅពេល​អ្នកចុះឈ្មោះ​ជា​សមាជិក​របស់យាននេះ វាត្រូវបានបញ្ចូល​កម្មវិធីដោយស្វ័យប្រវត្តិ​ ដើម្បី​បញ្ជូន​ យានខ្នាតតូចឲ្យ​ទៅដឹកអ្នកឡើង-ចុះផែនដី​​បាន​ដោយ​​ងាយ​ស្រួល។

 

២.យាន Millennium Falcon ក្នុង​រឿង Star Wars៖ យានអវកាស​នេះអាចចាត់ទុកថា គឺជាសញ្ញាសម្គាល់​យ៉ាងលេច​ធ្លោ​មួយ​នៅ​​​ក្នុង​​ចំណោម​អ្នក​គាំទ្រ​នៃស្រឡាយ​ខ្សែភាពយន្ត Star Wars។ យានអវកាស​នេះ មានល្បឿនលឿន ​និង​អាច​បត់​បែន​បាន​​គ្រប់​​កាលៈ​ទេសៈ​។ Millennium Falcon អាចធ្វើដំណើរ​ក្នុងចន្លោះក៏ដូចជា​ច្រកតូចៗ និង​ធ្វើការប្រយុទ្ធ​ទាំងនៅលើភព ឬក្រៅភព​ក៏បាន។

 

៣. យានរបស់ពួក​អម្បូរអេលៀន Heptapods ក្នុងរឿង Arrival ឆ្នាំ២០១៦៖ យានចម្លែកនេះ​ពុំត្រូវបានគេដឹងលក្ខណៈច្បាស់​ឡើយ ដោយវាអាចនៅ​សំកាំងពីលើផ្ទៃដី ដោយហាក់ដូច​ជាពុំមានម៉ាស៊ីននោះទេ។ និយាយរួមយាន​របស់ពួកអេលៀននេះ​​មើល​ទៅ​អស្ចារ្យ ​និង​ពោរ​ពេញ​ដោយភាពអាថ៌កំបាំង ដែលពិបាកបកស្រាយ។

 

៤. ​យាន Death Star និង Starkiller Base ក្នុងរឿង Star Wars៖ យានអវកាស​នេះគឺផ្តោតទៅលើកម្លាំ​ងថាមពលសុទ្ធសាធ គឺថា​​វា​មានសមត្ថភាព​កម្ទេចភព​ឬប្រព័ន្ធភពមួយ​ឲ្យរលាយបាត់​ ក្នុងរយៈពេលត្រឹមមួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ។

 

៥. យាន USCSS Prometheus ក្នុងរឿង Prometheus ឆ្នាំ២០១២៖ Prometheus ជាយានទំនើប​បំផុត​ដែលមានល្បឿនធ្វើ​ដំណើរ​លឿនជាង​​ពន្លឺ។ វាជាប្រភេទ​យានធ្វើដំណើរ​ចម្ងាយឆ្ងាយ ដែលមានបន្ទប់​ឲ្យមនុស្សសម្រាក​លង់លក់ក្នុង​លក្ខណៈ Hypersleep ​មានយានខ្នាត​តូចជាច្រើនធ្វើការរុករក​នៅលើភពផ្សេងៗ មានយាន​សម្រាប់គេចខ្លួន និងមានអង់តែន​ទំនាក់ទំនង​​ឆ្លង​​កាឡាក់ស៊ី​ថែម​ទៀត។ ​

 

ពិតប្រាកដណាស់ យ៉ាងទាំងឡាយខាងលើនេះ ពិតជាធ្វើឲ្យអស់​លោកអ្នករំភើប ដោយ​គ្រាន់តែឃើញរូប និងដឹងពីសមត្ថភាព​ ប៉ុន្តែសម្រាប់​សមត្ថភាពបែបប្រឌិតយ៉ាងនេះ ពេលខ្លះក៏មិនអាចគណនាបានដែរថា វានឹងអាចទៅរួចដោយរបៀបណា។ ទោះបីជា​មនុស្សលោកមានលទ្ធភាព និងរូបមន្តផលិតឧបករណ៍ទាំងនោះមែន ប៉ុន្តែសំនួរធំមួយនោះ​គឺថា តើនរណា​​នឹងទៅចំណាយ​ធនធាន ដើម្បីផលិតវាឡើង?

 

ចែករំលែក