ទីបំផុតផ្កាយចាស់បំផុតក្នុងចក្រវាឡត្រូវបានរកឃើញ ដោយអាយុរបស់វាជិតស្នើនឹងបន្ទុះ Big Bang

0

 

(អាមេរិក)៖ អ្នកវិទ្យាសាស្រ្ត​បានអះអាង​ថា ពួកគេបានរកឃើញ​ផ្កាយមួយដួង​ ដែលទំនងជាមាន​អាយុ​​ ១៣.៥ពាន់លានឆ្នាំ ពោលគឺ​វា​​កើតនៅ​ក្រោយ​​ព្រឹត្តិការណ៍​បន្ទុះ Big Bang តែបន្តិច​ប៉ុណ្ណោះ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​វែបសាយ Space.com នៅ​ព្រឹក​ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ផ្កាយខាងលើ​ដែលមានឈ្មោះដ៏វែង​អន្លាយ 2MASS J18082002–5104378 B ត្រូវអ្នកវិទ្យាសាស្រ្ត​រំពឹងថា នឹងជួយការបង្កើនការយល់​ដឹង​ថែមទៀត ជុំវិញសម័យ​កាលដំបូងៗនៃ​ការបង្កើតចក្រវាឡ។ អ្វីដែលគួរឲ្យ​ចាប់អារម្មណ៍ខ្លាំង​សម្រាប់ផ្កាយនេះ គឺគន្លងគោចរ​យ៉ាងចម្លែក​​របស់វា​។ មិនដូចផ្កាយដែល​សម្បូរទៅដោយធាតុ​ស្រាលៗ​ដទៃទៀតឡើយ ផ្កាយនេះ​​​ធ្វើដំណើរមិន​ចម្ងាយ​ពី​តំបន់ Galactic Plane ដែល​ជា​កន្លែង​ប្រមូលផ្តុំម៉ាស់​របស់កាឡាក់ស៊ី ដូចនឹងព្រះអាទិត្យ​យើង​ទៅវិញ។

គួរជម្រាបថា ​ផ្កាយដែលសម្បូរ​ធាតុស្រាលៗ និងមិនមានធាតុធ្ងន់ៗ​​នេះ គឺជាមុខសញ្ញា​តាមប្រមាញ់រក​​​សម្រាប់ក្រុមតារាវិទូ ដោយ​សារតែពួកវា​បានចាប់កំណើតឡើង​ក្រោយបន្ទុះ Big Bang តែបន្តិច​ប៉ុណ្ណោះ មុនពេលដែលផ្កាយជា​ច្រើនដែលបានផ្ទុះ​ក្នុង​បាតុភូត Supernova ហើយចែកចាយ​​សារធាតុធ្ងន់ៗ នៅរាយប៉ាយ​ពាសពេញចក្រវាឡ។

ខណៈកន្លងទៅ​​អ្នកវិទ្យាសាស្រ្ត​ ក៏បានរកឃើញ​ផ្កាយចំណាស់ៗ​ខ្លាំងមួយចំនួន​ដែរនោះ ផ្កាយទើបរក​ឃើញថ្មីនេះ មានទំហំតូចជាង​​ផ្កាយមុនៗ​ទាំងនោះឆ្ងាយ និងមានម៉ាស់ត្រឹម ១៤ភាគរយ នៃម៉ាស់របស់ព្រះ​​អាទិត្យប៉ុណ្ណោះ ហើយពួកគេ​សង្ឃឹមថា ការរកឃើញ​ថ្មី​នេះ​នឹង​ជួយត្រួសត្រាយ​ផ្លូវ សម្រាប់ការអង្កេត​លើផ្កាយចាស់ៗ​បែបនេះ​ជាច្រើនផ្សេង​ទៀត៕

ចែករំលែក