ទីបំផុតអង្គការ NASA និងអឺរ៉ុប​មាន​សំណាង​រកឃើញផ្កាយ​ក្មេងបំផុត​មួយ ដែល​កម្រ​មានបំផុត​ក្នុង​កាឡាក់ស៊ី!

0

(វ៉ាស៊ីនតោន)៖ ការរុករកមើល​ផ្កាយឆ្ងាយៗ​​អាចនិយាយ​បានថា ជារឿងងាយ​ស្រួលគួរសម​សម្រាប់​អ្នក​វិទ្យាសាស្រ្ត ដោយសារតែ​បច្ចេកវិទ្យា​តេឡេស្កូបសម័យ​ទំនើប ប៉ុន្តែការ​ស្វែងរកផ្កាយ​ដែលកំពុងស្ថិតក្នុងដំណាក់​កាលខុសៗគ្នា​ នៃ​ដំណើរជីវិតរបស់ពួកវា នៅតែជាបញ្ហា​ប្រឈមមួយដ៏លំបាកទៅវិញ។ ​ផ្កាយទើប​​រកឃើញថ្មីហៅថា Gaia 17bpi កំពុងផ្តល់ឱកាស​កម្រ​មួយសម្រាប់​ឲ្យអ្នកវិទ្យាសាស្រ្ត ធ្វើការអង្កេតមើល​​ផ្កាយវ័យជំទង់ ឆ្លងកាត់​ដំណាក់កាលប្រែប្រួល​យ៉ាងរហ័ស។ នេះបើតាមការវែបសាយផ្លូវការរបស់ NASA JPL ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។

ផ្កាយ​រណប Gaia 17bpi កំពុងឆ្លងកាត់​ដំណាក់ប្រែប្រួល​ និងលូតលាស់ក្នុងកម្រិតយ៉ាង​ឆាប់រហ័ស ដែលជា​រឿងកម្រ​មែន​ទែន​សម្រាប់​អ្នកវិទ្យាសាស្រ្តអាចអង្កេតឃើញបែ​បនេះ។ ផ្កាយមួយនេះ ត្រូវគេប៉ាន់​ប្រមាណថា មានអាយុកាល​ត្រឹមតែប៉ុន្មានលាន​ឆ្នាំប៉ុណ្ណោះ​ ដែលជាវ័យដ៏ក្មេងខ្ចីសម្រាប់ផ្កាយនៅក្នុងកាឡាក់ស៊ីមួយ ប៉ុន្តែវាកំពុងកើន​ម៉ាស់ក្នុងកម្រិត​យ៉ាងឆាប់រហ័ស​ផងដែរ។

នៅពេលដែល​​ផ្កាយឆ្លងកាត់ដំណាក់​កាលវិវត្តខ្លាំងបែបនេះ ជាទូទៅគឺពិបាក​នឹងប្រទះឃើញ​ណាស់ ពីព្រោះថា​ពួកវា​ជា​​រឿយៗត្រូវ​បានហ៊ុមព័ទ្ធដោយដណ្តុំពពក​ និងធូលីអវកាសធំៗ។ ដូច្នេះហើយ​ការមានឱកាស​អង្កេតមើល​ផ្កាយ​នៅចំ​ពេលវាប្រែប្រួលលូតលាស់ គឺជារឿងដ៏ពិសេស​សម្រាប់អ្នក​វិទ្យាសាស្រ្ត ដោយសារតែ​ព្រឹត្តិការណ៍បែបនេះ​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែលត្រូវ​បានកត់ត្រា​ទុក។

គួរជម្រាបថា អ្នកវិទ្យាសាស្រ្ត​អាចអង្កេត និងសិក្សាលើ​ផ្កាយ Gaia 17bpi គឺដោយសារ​កិច្ចប្រឹងប្រែង​រួម​​រវាង​ឧបករណ៍​បច្ចេក​វិទ្យាខ្លាំងៗ​ចំនួន ០២ នោះគឺកែវយឺត​អវកាស Gaia របស់ទីភ្នាក់ងារអវកាស​អឺរ៉ុប ESA ដែលជាអ្នកប្រទះ​ឃើញ​​វា ខណៈកែវយឺត​អវកាស NEOWISE របស់​អង្គការ NASA បានតម្រង់​ទិស​ឆ្លុះចំផ្កាយនោះ​តែម្តង នៅពេលវា​ចាប់ផ្តើម​បញ្ចេញ​ពន្លឺខ្លាំង។ ក្រោយមកទៀត កម្រងទិន្នន័យ​បានមកពី​កែវយឺត​អវកាស Spitzer របស់ NASA ក៏ត្រូវ​បានត្រួត​ពិនិត្យដើម្បីរកមើលតំរុយ​នៃផ្កាយ Gaia 17bpi ហើយ​​សំណាងល្អ តំរុយនៃការ​កើនពន្លឺនៃផ្កាយតែ​មួយដូចគ្នា ត្រូវ​បាន​មើល​ឃើញកាលពី​មួយឆ្នាំមុន៕

ចែករំលែក