ចិនជំទាស់​ដាច់ខាត​ចំពោះ​អាមេរិក ជុំវិញផែនការបង្កើតទ័ពអវកាស និង​សព្វាវុធ​​អវកាស!

0

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាល​ចិន បានសម្ដែង​ការប្រឆាំងជំទាស់យ៉ាងខ្លាំង​ នឹងការអភិវឌ្ឍសព្វាវុធអវកាស ដោយរិះគន់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ សម្រាប់ការចេញបញ្ជាឱ្យ​បង្កើតទីបញ្ជាការថ្មី​មួយ ដើម្បីគ្រប់គ្រង​ប្រតិបត្តិការយោធា​អវកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន​នៅថ្ងៃពុធ​សប្ដាហ៍នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួ ឈុនយីង (Hua Chunying) បានលើក​ឡើងយ៉ាងដូច្នេះថា «ចិនស្នើឱ្យ​មានការប្រើប្រាស់​ទីអវកាសប្រកបដោយ​សន្តិភាព ហើយប្រឆាំងជំទាស់​ជាដាច់ខាត​ចំពោះគំរោងការអភវិឌ្ឍ និងបំពាក់អាវុធអវកាស និងការរត់​ប្រណាំងប្រឆាំង​ផ្នែកសព្វាវុធ​អវកាស… ព្រោះវាអាចនឹង​ប្រែក្លាយទីអវកាស​ទៅជាការ​សមរភូមិ​ប្រយុទ្ធ​ថ្មីមួយ»។

គួរបញ្ជាក់ថា ប្រតិកម្មរបស់​ក្រសួងការបរទេស​ចិន បានកើតមានឡើង​បន្ទាប់ពីលោក​ ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញបញ្ជាឱ្យបង្កើតទីបញ្ជាការអវកាសថ្មីមួយ ដើម្បីឱ្យមន្ទីរបញ្ចកោណ​ងាយស្រួល​ ក្នុងការគ្រប់គ្រង​ប្រតិបត្តិការយោធា​ទីអវកាស។ ប៉ុន្តែទីបញ្ជាការ​ថ្មីនេះមិនទាន់​ត្រូវបានបញ្ជាក់​ ពីទីតាំងយក​ធ្វើជាទីស្នាក់ការ​ឡើយ ខណៈមាន​សេចក្ដីរាយការណ៍​ខ្លះថា ទីបញ្ជាការកងទ័ពអវកាស​អាចនឹងលក្ខណៈ​ប្រហាក់ប្រហែល​ ដូចជាទីបញ្ជាការកងទ័ព​អាមេរិកក្នុងតំបន់​មជ្ឈិមបូព៌ា និងទីបញ្ជាការ​​ឥណ្ឌូ-ប៉ាស៊ីហ្វិក​នៅអាស៊ី៕

ចែករំលែក