អាចម៍ផ្កាយ​រហស្សនាម​ដំរីទឹក ទើបហោះ​មកក្បែរភពផែនដី​បំផុត មិនធ្លាប់​មានក្នុង​រយៈពេល​៤០០ឆ្នាំ

0

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាស​អាមេរិក NASA បានឲ្យដឹងថា មានអាចម៍ផ្កាយ​មួយដុំរាងដូចជា​សត្វដំរីទឹក បានហោះ​​​មកកាត់​ផែនដីនាពេល​ថ្មីៗនេះ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​សារព័ត៌មាន ABC News នៅព្រឹក​ថ្ងៃ​អង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។

បើតាម​អង្គការ NASA ដុំថ្មអវកាសមាន​ឈ្មោះថា 2003 SD220 កាលពីថ្ងៃសៅរ៍​កន្លងទៅ បានហោះកាត់ផែនដី​ក្នុងចម្ងាយ​ ២.៩​លានគីឡូ​ម៉ែត្រ គឺ​ប្រហែល ​៧.​៥​ដង​​នៃ​គម្លាត​ពី​ភពរបស់យើង​ទៅកាន់ឋាន​ព្រះច័ន្ទ។ នេះជារយៈ​ចម្ងាយ​​កៀកផែនដី​បំផុត ដែល​​អាចម៍ផ្កាយ​ខាង​លើ​ធ្លាប់បាន​មកក្បែរភពយើង ក្នុង​អំឡុងពេល ៤០០ឆ្នាំ​កន្លងចុងក្រោយ​នេះ។

គួរជម្រាបថា អាចម៍ផ្កាយ 2003 SD220 មានបណ្តោយ​ប្រវែង ​១.៦គីឡូម៉ែត្រ​។ វានឹងត្រឡប់​មកក្បែរផែនដីជាថ្មីម្តង​​ទៀត​នៅ​ឆ្នាំ២០៧០ ក្នុងរយៈចម្ងាយ​កៀកជាងលើក​នេះបន្តិច។ ពុំមាន​ព័ត៌មានបន្ថែមអំពី​អាចម៍ផ្កាយខាង​លើនេះឡើយ ជាពិសេស​​គឺ​ទាក់ទង​ទៅនឹងលក្ខណៈ​សម្បត្តិរបស់វា ប៉ុន្តែ​សម្រាប់​វត្ថុអវកាសធំៗ​បែបនេះ គឺក្រុម​អ្នក​វិទ្យាសាស្ត្រ និងតារាវិទូ​​មិនអាចមើលរំលង​នោះឡើយ ចំពោះ​គន្លងធ្វើដំណើរ​របស់វា៕

ចែករំលែក