កែវយឺត​អវកាស James Webb ទទួលការ​វេចខ្ចប់យ៉ាង​ពិសេស និងត្រូវពិនិត្យបន្ថែម មុនធ្វើ​ការបាញ់​បង្ហោះនៅ​ឆ្នាំ២០២១

0

(អាមេរិក)៖ ដោយត្រូវចល័ត​ទៅកាន់ទីតាំងផ្សេង​​ដើម្បីធ្វើតេស្ត​ជាបន្តទៀតនោះ កែវយឺត​អវកាស James Webb របស់​អង្គការ NASA ត្រូវបានអ្នកវិទ្យាសាស្រ្ត​ផ្តល់ការវេចខ្ចប់យ៉ាងពិសេស​ម៉្យាង ដើម្បីធានា​ការពារឧបករណ៍បច្ចេកវិទ្យា​ដ៏ទំនើប​​នេះ។ នេះបើ​តាមការដក​ស្រង់ការផ្សាយចេញពី​វែបសាយ rdmag.com នៅរសៀលថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។

​គ្រប់ផ្កាយរណប និងប្រព័ន្ធអង្កេត​មើលទីអវកាស សុទ្ធតែត្រូវបង្កើត​ឡើងក្នុង​បន្ទប់ពិសេស​ដែលគេហៅថា Cleanroom​​។ ក្នុង​បន្ទប់ Cleanroom ទាំងនោះ ត្រូវបានសម្អាត​ចេញនូវរាល់វត្ថុធាតុ​​ដែលបំពុល​ផ្សេងៗ ពីព្រោះថា​សូម្បី​តែកម្ទេចធូលី​ដ៏តូចមួយ ឬក៏ស្នាម​ក្រយៅដៃ អាចធ្វើឲ្យឧបករណ៍​ងាយរងការប៉ះពាល់ទាំង​អស់នោះ ខូចបាន​យ៉ាងងាយដែរ។ ដូច្នេះហើយ​​ដើម្បី​ផ្លាស់ទី​​ឧបករណ៍​ទាំងនោះ​ ពីកន្លែងមួយទៅមួយ ពួកវាត្រូវ​ក្រោមការវេចខ្ចប់ដែល​គេហៅថា Mobile Cleanroom។

គួរជម្រាបថា នៅពេលកែវយឺត​អវកាស James Webb ត្រូវបាញ់បញ្ជូន​ឡើងទីអវកាសកាលពី​ឆ្នាំ២០២១ វា​ត្រូវ​គេរំពឹង​ថា​នឹង​ជួយ​អ្នក​វិទ្យាសាស្រ្តបកស្រាយ​អាថ៌កំបាំងសំខាន់ៗ​នៃចក្រវាឡ រួមជាមួយការ​បង្កើតរបកគំហើញ​រាប់មិនអស់។ កែវយឺត​នេះ​ត្រូវបានគេគ្រោង​បាញ់បង្ហោះតាំងតែ​ពីឆ្នាំ២០១៥ តែក្រោយ​មកត្រូវបាន​ពន្យារពេល​មក​ឆ្នាំ២០១៨ រហូតដល់​ឆ្នាំ២០១៩ និងចុង​ក្រោយ​គឺនៅឆ្នាំ២០២១ ខាងមុខនេះតែម្តង។

បញ្ហាចម្បង​​ដែលបានធ្វើឲ្យ​អង្គការ NASA ពន្យារពេល​ម្តងហើយម្តងទៀតនោះ​ គឺដោយ​សារវាមាន​ទំហំធំធេង​ពេក (បើលាតត្រដាង​ខ្លួនអស់ គឺប៉ុនទីលាន​វាយតេនីសតូចមួយ) ដែលពិបាក​ក្នុងវេចខ្ចប់ដាក់ក្នុងរ៉ុក្កែត ដើម្បីបាញ់បង្ហោះទៅកាន់ទីអវកាសណាស់ ហើយ​មួយវិញទៀត ប្រព័ន្ធដំណើរការ​នៅលើវាក៏ហាក់​មិនទាន់​រលូន ទៅតាម​គំរោងនោះដែរ ទើបក្រុមជំនាញផលិត និងគ្រប់គ្រង​កម្មវិធី James Webb ត្រូវការពេល​បន្ថែម​ទៀត៕

ចែករំលែក