បាតុភូត Big Rip អាចនឹងកើត​ឡើងនៅ ២២​ពាន់លានឆ្នាំ​ទៀត ដែលនឹង​ហែកចក្រវាឡ​ជា​បំណែកៗ…

0

(អាមេរិក)៖ អ្នកវិទ្យាសាស្រ្ត​អាមេរិកម្នាក់​ឈ្មោះ Ethan Siegel នៃ​សាកលវិទ្យាល័យ Lewis & Clark ក្នុងរដ្ឋ Oregon បាន​ប្រកាស​ឲ្យដឹងថា បាតុភូត Big Rip ដែលជា​ព្រឹត្តិការណ៍មួយក្នុង​ទីអវកាសស្រដៀងគ្នា​ទៅនឹងបន្ទុះ Big Bang ប្រហែល​អាចកើតឡើងនៅ ២២ពាន់លានឆ្នាំ​ខាងមុខ ដោយបាតុភូតនេះ​នឹងហែកចក្រវាឡយើង​ជាបំណែក។ នេះបើ​តាមការដក​ស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។

ទ្រឹស្តីនៃ​បាតុភូត «Big Rip» ធ្លាប់ត្រូវបានលើក​ឡើង​ជាលើកដំបូងបំផុត​ កាលពីឆ្នាំ២០០៣ ដោយ​អ្នកវិទ្យាសាស្រ្ត​មួយក្រុម​​នៅក្នុងការសិក្សាស្រាវជ្រាវ​មួយមាន​ឈ្មោះថា «Phantom Energy and Cosmic Doomsday (ថាមពលខ្មោច និង​ទីអវសាន​​នៃ​ចក្រ​វាឡ)» ដែលបាន​សន្និដ្ឋានថា ប្រសិនបើចក្រវាឡ​នៅតែបន្ត​ពង្រីកខ្លួន នាថ្ងៃអនាគត​វានឹងឈានដល់ចំណុច​​មួយ​ ដោយពេលនោះ​រាល់កម្លាំងទាំងអស់ ដែលផ្តល់ស្ថិរភាព​ទៅឲ្យវា នឹងត្រូវគ្រប​ដណ្តប់ដោយថាមពល​ងងឹង (Dark Energy)​​។ Phantom Energy គឺជាទម្រង់សម្មតិកម្ម​មួយនៃ Dark Energy។

គួរជម្រាបថា បើតាមលោក Siegel ប្រសិនបើ​ទ្រឹស្តី Big Rip ត្រឹមត្រូវមែននោះ អ្វីៗទាំងអស់​ក្នុងចក្រវាឡ​នឹងត្រូវរលាយ​​ថយក្រោយ ទៅរកដូច​ពេលដំណាក់កាលដំបូងបំផុត​នៃបាតុភូតបន្ទុះ Big Bang ប៉ុន្តែអ្នកវិទ្យាសាស្រ្តរូបនេះ​បានអះអាង​ថា ខណៈដែលអ្នក​គាំទ្រទ្រឹស្តីនេះមួយ​ចំនួន ជឿជាក់ថា Big Rip នឹងក្លាយជាទីបញ្ចប់​នៃ​ចក្រវាឡរបស់​យើងនោះ វានឹងវិវត្តន៍​ទៅរក​ព្រឹត្តិការណ៍ Big Bang ជាថ្មីម្តងទៀត​ទៅ​វិញទេ៕

ចែករំលែក