អ្នកធ្លាប់​ហោះ​ជុំវិញ​ព្រះច័ន្ទ៖ «ការនាំ​មនុស្ស​ទៅភពព្រះអង្គារ គឺជា​រឿងដ៏គួរឲ្យ​អស់សំណើច…»

0

(វ៉ាស៊ីនតោន)៖ អវកាសយានិក​ដំបូងគេម្នាក់ ដែលបានទៅគោចរជុំវិញ​ឋានព្រះច័ន្ទ បានលើក​ឡើងថា ការបញ្ជូនមនុស្ស​​ទៅកាន់​ភពអង្គារ គឺស្ទើរតែជារឿង​គួរឲ្យអស់សំណើច​ និង​ពុំទំនងមួយ​ទាល់តែសោះ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយ​​ចេញផ្សាយចេញពី ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។

អតីតអវកាសយានិក​នៃទីភ្នាក់ងារអវកាស​អាមេរិក NASA លោក Bill Anders អាយុ ៨៥ឆ្នាំ គឺជាអ្នកបញ្ជា​យានអវកាសនៃ​​បេសកកម្ម Apollo 8 ​ដែលជា​ការធ្វើដំណើរ​​ដំបូងគេ​ដោយក្រុម​អវកាសយានិក​ក្នុងការ​​ចាក​​ចេញ​​ពី​ផែន​ដី​ ​ដើម្បី​ឆ្ពោះ​ទៅ​កាន់គន្លង​គោចរ​ជុំវិញ​ព្រះច័ន្ទកាល​ពីខែធ្នូ ឆ្នាំ១៩៦៨។ បេសកកម្មនេះ​មានសារសំខាន់​ជាខ្លាំង ក្នុងការត្រួសត្រាយ​ផ្លូវ​សម្រាប់ការ​ចុះ​ចត​​នៅលើឋានព្រះច័ន្ទ​ នៃបេសកកម្ម Apollo 11 នៅរយៈពេល ០៧ខែក្រោយ។

ដោយឡែក​មិត្តរួមការងាររបស់​លោក គឺ លោក Frank Borman ដែលជាប្រធាន​ក្រុមបេសកកម្ម Apollo 8 បាន​បង្ហាញ​ការ​ជឿជាក់ដែល​មានសុទិដ្ឋិនិយមជាង​រូបលោក។ លោក Borman បាន​និយាយថា យើងទាំងអស់គ្នា​ត្រូវធ្វើការរុករកឲ្យ​កាន់​តែសកម្ម​​ នៅក្នុងប្រព័ន្ធព្រះអាទិត្យ​របស់យើង ហើយលោកគិត​ថា មនុស្សគឺត្រូវតែជាផ្នែកមួយ​នៅក្នុង​គោលដៅនេះ។

គួរជម្រាបថា ការអត្ថាធិប្បាយ​ខាងលើរបស់អតីតអវកាសយានិក​ទាំងពីរនាក់ ត្រូវបានធ្វើឡើង​ក្នុងកិច្ច​សម្ភាសន៍​ជាមួយ​​​ស្ថានីយ​វិទ្យុ BBC Radio 5 Live ក្នុងឱកាសខួប​៥០ឆ្នាំនៃ​ដំណើរ​បេសកកម្មជាប្រវត្តិសាស្រ្ត​របស់អ្នកទាំងពីរ។ រហូតមក​​ទល់ពេលនេះ មានតែយានរ៉ូបូតប៉ុណ្ណោះ ដែលត្រូវបានបញ្ជូនទៅកាន់ភពអង្គារដោយ​អង្គការ NASA ខណៈក្រុមហ៊ុនក្មេងខ្ចីគឺ SpaceX គ្រោងនាំមនុស្សទៅនៅឆ្នាំ២០២៤ រីឯងអង្គការ NASA បាន​ពន្យារពេល​ដល់​ឆ្នាំ២០៤០៕

ចែករំលែក