រកឃើញឧស្ម័នមេតានយ៉ាងពិតប្រាកដលើភពអង្គារ! ក្រុម​អ្នកវិទ្យាសាស្ត្រកំពុងសិក្សាបន្ថែម!

0

(អឺរ៉ុប)៖ ក្រុមការងារបេសកកម្មនៃផ្កាយរណបរបស់អឺរ៉ុប ដែលកំពុងគោចរនៅជុំវិញភពអង្គារ (Mars) ទើបបានបង្ហើបឲ្យដឹងថា ពិតជាមានការបញ្ចេញឧស្ម័នមេតាន នៅលើផ្ទៃនៃភពក្រហមនេះប្រាកដមែន ដែលនាំឲ្យក្រុមអ្នកស្រាវជ្រាវ​មានការភ្ញាក់ផ្អើលជាខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស BBC នៅថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។

សញ្ញាយ៉ាងកញ្រ្ចោលមួយនៃការបញ្ចេញឧស្ម័នមេតាន ត្រូវបានស្ទាបស្ទង់ឃើញ​ជាលើកដំបូងដោយយានរុករក Curiosity របស់ទីភ្នាក់ងារ អវកាសអាមេរិក NASA ដែលកំពុងស្ថិតនៅលើផ្ទៃដីរបស់ភពអង្គារផ្ទាល់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣ ហើយនៅថ្ងៃបន្ទាប់ផ្កាយរណប Mars Express របស់អឺរ៉ុប ដែលកំពុងគោចរជុំវិញ Mars បានផ្ទៀងផ្ទាត់ទិន្នន័យឃើញថា ពិតជាមានហេតុការណ៍នេះមែន។

គួរជម្រាបថា ប្រភពនៃមេតាននៅក្នុងបរិយាកាសរបស់ភពអង្គារ បានបន្តស្ថិតក្រោម​ការជជែកដេញដោលគ្នាយ៉ាងក្តៅគគុក នៅក្នុងសហគមន៍អ្នកវិទ្យាសាស្រ្តលើភពផែនដី ដោយសារតែវាអាចកើតចេញមកពីទម្រង់ជីវិត ឬមួយក៏បាតុភូតភូមិសាស្រ្ត ដែលមិន ទាន់មានការកំណតឲ្យជាក់ច្បាស់ថា មួយណាឲ្យប្រាកដនៅឡើយទេ។ ជាទូទៅឧស្ម័នមេតាន មានវត្តមានតែមួយរយៈពេលខ្លី ពោលគឺប៉ុន្មានខែប៉ុណ្ណោះ នៅក្នុងបរិយាកាសនៃភពអង្គារ ដូច្នេះហើយការប្រទះឃើញសញ្ញានៃវត្តមានរបស់វាបែបនេះ មានន័យថា ឧស្ម័នមេតាននោះទើបតែត្រូវបានបញ្ចេញ៕

ចែករំលែក