យក្សអវកាសទាំង០៤នឹងប្រកួតគ្នារឹតតែខ្លាំង ក្រោយឥណ្ឌាមានសមត្ថភាពបាញ់កម្ទេចផ្កាយរណប

0

(ញូដេលី)៖ កាលពីចុងខែមីនា ឥណ្ឌាបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំង តាមរយៈការប្រកាសពីភាពជោគជ័យ នៃការធ្វើតេស្តបច្ចេកវិទ្យាមីស៊ីលបាញ់កម្ទេចផ្កាយរណប (ASAT) ដែលស្ថិតនៅគន្លងគោចរកម្រិតទាបរបស់ផែនដី (LEO)។ ទង្វើនេះបានបង្កឲ្យ មនុស្សមួយចំនួនចោទជាសំនួរថា តើវាអាចបង្កឲ្យមានការប្រកួតប្រជែងសព្វាវុធ ក្នុងលំហអវកាសដែរ ឬយ៉ាងណា? នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន National Interest នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩។

ក្រៅពីឥណ្ឌា ប្រទេសផ្សេងទៀតដែលធ្លាប់បានធ្វើតេស្តសព្វាវុធបែបនេះមានតែ ០៣ប៉ុណ្ណោះ នោះគឺ ប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី។ តែការធ្វើតេស្ត ASAT របស់ឥណ្ឌា ទំនងជាការព្យាយាមសំញែងពីសមត្ថភាពរបស់ខ្លួន ក្នុងការប្រឆាំងផ្កាយរណបឲ្យប្រទេសចិនបាន ឃើញជាពិសេស។ ជាការពិតណាស់ ចិនមានអាវុធ ASAT ដែលត្រូវបានបង្កើតឡើង ដើម្បីទុកកម្ទេចផ្កាយរណបរបស់សហរដ្ឋអាមេរិក ប៉ុន្តែអាវុធទាំងនេះ ក៏អាចបង្វែរទៅរកផ្កាយរណបឥណ្ឌាវិញ បានយ៉ាងងាយផងដែរបើក្នុងករណីចាំបាច់។

នៅក្នុងករណីដែលសង្រ្គាមផ្ទុះឡើង អាវុធ ASAT នឹងអនុញ្ញាតឲ្យចិន ការកាត់បន្ថយសមត្ថភាពកម្លាំងយោធាឥណ្ឌានៅលើផ្ទៃដី ព្រោះវានឹងធ្វើឲ្យការបញ្ជា និងគ្រប់គ្រងយោធារបស់ឥណ្ឌាបាត់បង់ប្រសិទ្ធភាព ហើយរាល់ការតាមដាន និងឈ្លបយកការណ៍នានាពីទីអវកាសត្រូវបានបំផ្លាញ ដែលជាហេតុធ្វើឲ្យកងទ័ពឥណ្ឌា​អាចស្ថិតនៅក្នុងសភាវឹកវរបាន។ ដូច្នេះហើយបើឥណ្ឌាគ្មានអាវុធ ASAT ទេនោះ ចិនមិនសូវភ័យពីការឆ្លើយតបតរបស់ឥណ្ឌាឡើយ ទោះបីជាឥណ្ឌាមានអាវុធនុយក្លេអ៊ែរក៏ដោយ ព្រោះទីក្រុងញូដេលីនឹងមិនអាចប្រើប្រាស់វានោះទេ។

ដូច្នេះហើយទង្វើរបស់ឥណ្ឌាទំនងជាត្រូវបានរុញច្រាន ដោយចេតនាចង់បង្ហាញ​ពីសមត្ថភាពរបស់ខ្លួន ដើម្បីទប់ទល់នឹងចិនព្រមទាំងប៉ាគីស្ថាន បើទោះបីជាកម្មវិធីផ្នែកអវកាសរបស់ប៉ាគីស្ថាន មិនស្មើឥណ្ឌាក៏ដោយ។ ការធ្វើតេស្ត ASAT កាលពីចុងខែមុននេះ ក៏បានចូលរួមចំណែកក្នុងសមត្ថភាពរបស់ឥណ្ឌា ក្នុងការការពារខ្លួនពីគ្រាប់មីស៊ីលផ្លោង ដែលធ្វើដំណើរឆ្លងកាត់លំហអវកាសផងដែរ ព្រោះដ្បិតវិស័យអវកាសប៉ាគីស្ថានទន់ខ្សោយ ប៉ុន្តែប្រទេសនេះក៏មានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ។

ទន្ទឹមគ្នានេះដែរ បើតាមទស្សនៈរបស់ប្រទេសឥណ្ឌាផ្ទាល់ ការធ្វើតេស្តអាវុធ ASAT នេះ ក៏អាចចាត់ទុកថា ជាជោគជ័យដ៏សំខាន់មួយ ដែលជួយលើកមុខមាត់ នៃប្រជាជាតិអាស៊ីមួយនេះផងដែរ ដោយនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានលើកឡើងនាពេលនោះថា វាគឺជាសញ្ញាមួយបង្ហាញថា ឥណ្ឌាបានក្លាយខ្លួនជា​ប្រទេសមហាអំណាចផ្នែកអវកាសទី ៤ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក សហព័ន្ធរុស្ស៊ី និង​មហាយក្សចិន។

ហេតុដូច្នេះសំណួរនៅតែត្រូវចោទសួរដជាច្រើនថា តើចិននឹងយកការធ្វើតេស្ត ASAT របស់ឥណ្ឌា ជាលេសដើម្បីបង្កើន និងពង្រីកកម្មវិធី ASAT របស់ខ្លួនដែរ ឬយ៉ាងណា? តើឥណ្ឌានឹងឆ្លើយតបទៅវិញបែបណា? តើសហរដ្ឋអាមេរិកអាចឆ្លើយតបបែបណា ចំពោះសន្ទុះនៃកម្មវិធី ASAT របស់ចិន? និងសំនួរមួយទៀត តើរុស្ស៊ីនឹងមានប្រតិកម្មយ៉ាងដូចម្តេច ចំពោះការឆ្លើយតបរបស់អាមេរិកចំពោះចិននោះ? ចម្លើយសម្រាប់សំនួរធំៗទាំងអស់នេះ គឺមានតែតម្រូវឲ្យគ្រប់គ្នារង់ចាំតាមដានប៉ុណ្ណោះ៕

 

ចែករំលែក