អង្គការ NASA នឹងរៀបចំសន្និសីទស្តីពីការទប់ស្កាត់អាចម៍ផ្កាយ ដែលអាចនឹងគម្រាមកំហែងជីវិតលើផែនដី

0

(វ៉ាស៊ីនតោន)៖ តើយើងទាំងអស់គ្នាត្រូវធ្វើដូចម្តេច បើយើងដឹងថាអាចម៍ផ្កាយធំមួយ នឹងមកបុកផែនដីនៅឆ្នាំ២០២៧។ នេះគឺជាអ្វីដែលទីភ្នាក់ងារអវកាសអាមេរិក NASA នឹងធ្វើការសិក្សាក្នុងកំឡុងការពិសោធន៍មួយ ដែលនឹងប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩។

គម្រោងពិសោធន៍ខាងលើ នឹងធ្វើឡើងក្នុងកំពុងឡុងសន្និសីទស្តីពី​ «ការការពារភពផែនដីឆ្នាំ២០១៩» នៅក្នុងទីក្រុង College Park នៃរដ្ឋ Maryland។ ក្រុមអ្នកជំនាញផ្នែកអាចម៍ផ្កាយរបស់អង្គការ NASA បានត្រៀមនូវស្ថានភាពបែបប្រឌិតមួយ ដែលក្នុងនោះអ្នកវិទ្យា សាស្រ្តប្រទះឃើញអាចម៍ផ្កាយធំមួយ ដែលនឹងមកបុកចំផែនដីនៅឆ្នាំ២០២៧ ដែលវាមានន័យថាមនុស្សមានពេល ៨ឆ្នាំដើម្បីរៀបផែនការទប់ទល់ ឬរំដោះគ្រោះ។

រឿងចាំបាច់បំផុតនោះ គឺពួកគេនឹងពិភាក្សាស្វែងរកវិធីសាស្រ្តដើម្បីកំណត់ថា តើតំបន់ណាប្រឈមនឹងហានិភ័យអ្វី និងត្រូវឆ្លើយតបដោយរបៀបណា។ គោលបំណងនៅពីក្រោយការហ្វឹកហាត់នេះ គឺស្ថិតនៅក្នុងសង្ឃឹមខ្ពស់ថា នៅពេលស្ថានការណ៍ស្រដៀងគ្នានេះ នៅថ្ងៃណាមួយស្រាប់តែកើតមានឡើង​ជាក់ស្តែងនោះ ពួកគេនឹងត្រៀមលក្ខណៈរួចរាល់ ព្រោះបច្ចុប្បន្ននេះអាចនិយាយបាន មនុស្សគ្មានលទ្ធភាពកម្ទេចអាចម៍ផ្កាយធំៗ ដែលអាចមានភាគរយខ្ពស់ ក្នុងការបង្កការគម្រាមកំហែងជីវិតមនុស្ស នៅលើភពផែនដីនោះឡើយ។

គួរជម្រាបថា កាលពីចុងសប្តាហ៍នេះ អាចម៍ផ្កាយមួយដុំឈ្មោះ HS2 ដែលមានទំហំមិនធំប៉ុន្មាននោះឡើយ ទើបតែបានហោះមកកាត់ភពរបស់យើង ក្នុងរយៈចម្ងាយមួយបើនិយាយពីចម្ងាយក្នុងទីអវកាស គឺអាចចាត់ទុកថា កៀកនឹងផ្ទៃរបស់ផែនដី។ កាលពីចុងសប្តាហ៍មុននេះ HS2 បានធ្វើដំណើរក្នុងល្បឿន ៤៣,៤៥០គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈចម្ងាយ ១.៩៦លានគីឡូម៉ែត្រដែលស្មើនឹង គន្លាតរវាងផែនដីទៅព្រះច័ន្ទប្រមាណ ០៥ដង។ HS2 ត្រូវ NASA ប៉ាន់ស្មានថាអាចមានមុខកាត់ពី ១៣ម៉ែត្រ ទៅ ៣០ម៉ែត្រ៕

ចែករំលែក