គ្រឿងយន្តទាំងពីរគ្រឿងរបស់បេសកកម្មចិន Chang’e-4 បន្តបំពេញការងារលើឋានព្រះច័ន្ទ

0

(ប៉េកាំង)៖ យានទាំងពីរគ្រឿងរបស់បេសកកម្ម Chang’e-4 (ក្នុងនោះមានយានផ្លាស់ទីមិនបានមួយគ្រឿង ដែលគេហៅថា Lander និងមួយគ្រឿងទៀតផ្លាស់ទីបានគេហៅថា Rover) បានបន្តបំពេញការងាររបស់ពួកវា នៅក្នុងថ្ងៃទី០៥ នៅលើឋានព្រះច័ន្ទនៅឯតំបន់ Far Side ឬអាចហៅម៉្យាងទៀតថា Dark Side របស់ព្រះច័ន្ទ (ចំហៀងម្ខាងទៀតដែលមិនបែរមករកផែនដី) ក្រោយបានសម្រាក អស់រយៈពេលជាយូរឆ្លងកាត់វេលាយប់ក៏សែនត្រជាក់។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩។

យោងតាមស្ថាប័នជាតិផ្នែកអវកាសរបស់ចិន កាលពីរសៀលថ្ងៃអាទិត្យយាន Lander របស់ Change’e-4 និងយាន Rover ឈ្មោះថា Yutu-2 ឬ Jade Rabbit-2 បានភ្ញាក់ឡើងវិញ ដើម្បីបន្តធ្វើដំណើរការជាធម្មតា។ មកទល់ពេលនេះយាន Yutu-2 ធ្វើការចល័តបានចម្ងាយសរុប ១៧៨.៩ម៉ែត្រ និងបានបំពេញការងារលើសពីការរំពឹងទុក ដល់ទៅជាងមួយខែហើយ បន្ទាប់ពីបេសកកម្មរុករក Chang’e-4 ដែលចេញពីផែនដីនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ បានចុះទៅដល់តំបន់រណ្តៅអាចម៍ផ្កាយ Von Karman របស់ព្រះច័ន្ទកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩។

គួរជម្រាបថា រយៈពេលមួយថ្ងៃនៅលើព្រះច័ន្ទស្មើនឹង ២៨ថ្ងៃនៅលើផែនដី។ ហេតុដូចនេះ វេលាពេលថ្ងៃនៅទីនោះមានចំនួន ១៤ថ្ងៃ និងពេលយប់មាន ១៤ថ្ងៃ។ កន្លងមកនេះ យានទាំងពីរគ្រឿងនៃបេសកកម្ម Chang’e-4 បានសម្រាកដំណើរការក្នុងអំឡុង វេលាយប់នៅលើឋានព្រះច័ន្ទ ដោយសារតែអវត្តមាននៃពន្លឺព្រះអាទិត្យ៕

ចែករំលែក