ពន្យល់បន្ថែមអំពីកំណើតព្រះច័ន្ទ ក្រោយភពផែនដីកកើត៤.៦ពាន់លានឆ្នាំមុន

0

(អាមេរិក)៖ យោងតាមគំរូសិក្សាថ្មីមួយបានបង្ហាញថា ព្រះច័ន្ទរបស់យើងទំនងជាបានលេចចេញជារូបរាងឡើង នៅពីវត្ថុធំមួយទំហំប៉ុនភពអង្គារ (Mars) បានមកបុកនឹងផែនដី ដែលកាលនោះទើបតែបានចាប់កំណើតថ្មីៗ និងហ៊ុមព័ទ្ធទៅដោយម៉ាកម៉ា (Magma) ដ៏ក្តៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​វែបសាយព័ត៌មាន Space នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។

 

ភពផែនដីបានកកើតឡើងកាលពី ៤.៦ពាន់លានឆ្នាំមុន ហើយការសិក្សាជ្រាវជ្រាវកន្លងមក បានបង្ហាញថា ព្រះច័ន្ទយើងក៏បានលេចឡើងតាមក្រោយ ដោយមិនយូរប៉ុន្មានពីគ្នាឡើយ។ អំឡុងពេលបីទសវត្សរ៍កន្លងទៅនេះ ហេតុផលបកស្រាយដែលទុកចិត្តបានជាងគេ សម្រាប់ដើម កំណើតរបស់ព្រះច័ន្ទ គឺថាវាបានកើតចេញមកពីព្រឹត្តិការណ៍ប៉ះទង្គិចគ្នាដ៏កក្រើកមួយរវាង Protoplanet (វត្ថុដ៏ធំក្នុងទីអវកាសដែល វិវត្តន៍ឆ្ពោះទៅជាភពពេញលេញ) ចំនួនពីរ ដោយមួយក្នុងចំណោមនោះគឺជាភពរបស់យើងនេះឯង រីឯមួយទៀតគឺជា ថ្មយក្សទំហំប៉ុន ភពអង្គារហៅថា Theia ដែលជាម្តាយរបស់ព្រះច័ន្ទ នៅក្នុងរឿងទេវកថាជនជាតិក្រិច។ ក្រោយមកព្រះច័ន្ទក៏ចាប់កំណើតឡើង ចេញពីការប្រមូលផ្តុំកម្ទេចកម្ទី ដែលបង្កឡើងដោយហេតុការណ៍បុកគ្នានោះ។

គួរជម្រាបថា ទ្រឹស្តី Giant Impact Hypothesis បានផ្តល់ការបកស្រាយលម្អិតជាច្រើន ពាក់ព័ន្ធនឹងផែនដីព្រមទាំងព្រះច័ន្ទដូចជា ទំហំនិងកម្រិតរង្វិលនៃវត្ថុទាំងពីរជាដើម។ ប៉ុន្តែប្រមាណជា ១៥ឆ្នាំកន្លងទៅនេះ ភស្តុតាងថ្មីៗបានលេចឡើងជាបន្តបន្ទាប់ ដែលបាន បង្កជាមន្ទិលសង្ស័យទៅលើទ្រឹស្តីនេះ ពោលគឺអាចព្រះច័ន្ទអាចកើតឡើងដោយផ្ទុយពីនេះ។

គំរូម៉ូដែលតាមប្រព័ន្ធកុំព្យូទ័រនៃព្រឹត្តិការណ៍ Giant Impact ភាគច្រើនបង្ហាញថា ៦០ភាគរយនៃព្រះច័ន្ទគួរតែរួមផ្សំឡើងពី សមាសធាតុរបស់ Theia។ បញ្ហាគឺថា វត្ថុភាគច្រើននៅក្នុងប្រព័ន្ធព្រះអាទិត្យ មានផ្ទុកសមាសធាតុផ្សំគីមីខុសៗគ្នា ហើយផែនដី និង Theia ក៏ដូចជាព្រះច័ន្ទក៏គួរតែដូច្នោះដែរ។ ក៏ប៉ុន្តែបើតាមគំរូតាងប្រមូលយកមកពីព្រះច័ន្ទ បង្ហាញថា សមាសធាតុផ្សំរបស់វា គឺស្រៀងគ្នាខ្លាំងទៅលើផែនដី ជាជាងអ្វីដែលបានបង្ហាញតាមរយៈគំរូម៉ូដែលទាំងនោះ។

ដើម្បីដោះស្រាយចម្ងល់នេះ គំរូម៉ូដែលថ្មីមួយទៀតបានបង្ហាញថា ព្រះច័ន្ទប្រហែលជាបានកើតចេញ ពីការប៉ះទង្គិចដ៏ខ្លាំងក្លាបំផុតមួយ ដែលបានធ្វើឲ្យផ្នែកធំមួយរបស់ផែនដី​នាពេលនោះរលាយ ហើយវាបានចូលរួមមួយចំណែកធំ​ ក្នុងការបង្កើតព្រះច័ន្ទ។ គំរូមួយទៀតបង្ហាញថា ការប៉ះទង្គិចគ្នានេះ កើតមានចំពេលផែនដីកំពុងវិលលឿនខ្លាំង។ ដោយឡែកស្ថានភាពទាំងពីរនេះ តម្រូវឲ្យមានលក្ខខណ្ឌនៃការប៉ះទង្គិច ដែលទំនងជាមិនអាចទៅរួចនោះទេ។

យ៉ាងណាមិញ យោងតាមគំរូសិក្សាថ្មីចុងក្រោយបំផុត ការដែលព្រះច័ន្ទមានសមាសធាតុផ្សំស្រដៀងទៅផែនដីខ្លាំងជាង ដុំថ្មយក្ស Theia គឺកាលនោះ ព្រឹត្តិការណ៍ Giant Impact បានកើតឡើងចំពេលផែនដីកាលនោះភាគច្រើន ហ៊ុមព័ទ្ធដោយម៉ាកម៉ាដែលមាន លក្ខណៈទន់ងាយនឹងត្រូវខ្ទាតចេញទៅក្នុងទីអវកាស៕

ចែករំលែក