អង្គការ NASA ចាប់ផ្តើមលំហាត់ហ្វឹកហ្វឺនទប់ទល់អាចម៍ផ្កាយ ដើម្បីត្រៀមខ្លួនក្នុងករណីបន្ទាន់ណាមួយ

0

(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA កំពុងតែធ្វើការហាត់សមស្តីពីវិធីសាស្រ្ត ដោះស្រាយនៅពេលមានអាចម៍ផ្កាយធំមួយហោះ មកបុកចំផែនដី ហើយខាងក្រោមគឺជាសេណារីយ៉ូលម្អិត នៃការហ្វឹកហាត់នេះ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩។

នេះគឺជាស្ថានភាពសម្រាប់ការហាត់សមដែល NASA បានប្រឌិតរៀបចំឡើង៖ កាលពីថ្ងៃទី២៦ ខែមីនា ក្រុមតារាវិទូស្រាប់តែបានប្រទះឃើញអាចម៍ផ្កាយពពួក NEO (នៅក្បែរៗផែនដី) ដែលមានលទ្ធភាពអាចបង្កគ្រោះថ្នាក់ដល់ភពរបស់យើង។ ក្រោមការតាមដានអាចម៍ផ្កាយមានឈ្មោះថា 2019 PDC អស់រយៈពេលជាច្រើនខែ ពួកគេបានកំណត់ថា វាមានឱកាស១ក្នុង១០០ នឹងអាចមកបុកចំផែនដីនៅឆ្នាំ២០២៧។ ដូច្នេះហើយនឹងមានចំណាត់ការដោះស្រាយបែបណា។

គួរជម្រាបថា សរុបមកអង្គការ NASA បានរៀបចំការហ្វឹកហាត់ពាក់ព័ន្ធអាចម៍ផ្កាយ NEO ស្រដៀងគ្នាបែបនេះចំនួន ០៦លើកមកហើយ។ កាលពីខែមិថុនា ឆ្នាំ២០១៨ NASA ធ្លាប់បាននិយាយថា ព្រឹត្តិការណ៍អាចម៍ផ្កាយធំមួយមកបុកចំផែនដី គឺមិនងាយនឹងកើត ឡើងឡើយឬកម្រខ្លាំងណាស់ តែទោះជាបែបនេះក្តី បើកើតមានវិញនោះ វានឹងបង្កជាគ្រោះមហន្តរាយយ៉ាងធំធេង។

ដោយឡែកនៅមុននេះក៏មានការចេញផ្សាយព័ត៌មានផងដែរថា នោះគឺព័ត៌មានពិតមិនមែន​ឧទាហរណ៍នោះឡើយ ដោយនៅឆ្នាំ២០២៩ អាចម៍ផ្កាយធំមួយមានមុខកាត់ ៣៤០ម៉ែត្រ នឹងហោះមកកៀកផែនដីបំផុតត្រឹមតែគម្លាតជាង ៣១,០០០គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រហ៊ានធានាថា វានឹងមិនបុកផែនដីនោះឡើយ ហើយវាគឺជារឿង​សប្បាយរីករាយទៅវិញទេ ដើម្បីឲ្យអ្នកវិទ្យាសាស្ត្រអាចអង្កេតមើលអាចម៍ផ្កាយនោះ​កាន់តែជិត ដើម្បីដឹងរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដែលអាចបង្ហាញនៅលើខ្លួនវាផ្ទាល់៕

ចែករំលែក