តោះ! មកមើលព្រះអាទិត្យរះ និងលិចនៅលើភពព្រះអង្គារ ដែលថតដោយយាន InSight (រូបភាពខាងក្នុង)

0

(ឡូស អាន់ជែលឡែស)៖ យានរុករករបស់អង្គការ NASA ឈ្មោះ InSight បានផ្ដិតយករូបភាពជាច្រើននៃព្រះអាទិត្យរះ និងលិចនៅលើភពព្រះអង្គារកាលពីពេលថ្មីៗនេះ ដែលមានរូបភាពពណ៌ធម្មជាតិពិតៗមិនកែច្នៃ។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ខែឧសភា ឆ្នាំ២០១៩។

នេះគឺរូបថតព្រះអាទិត្យរះ

យោងតាមមន្ទីរពិសោធន៍ NASA’s Jet Propulsion Laboratory ក្នុងទីក្រុង Pasadena រដ្ឋកាលីហ្វ័រញ៉ា California កាមេរ៉ាមួយនៅលើយាន InSight បានថតរូបខាងលើកាលពីចន្លោះពីថ្ងៃទី១៥ និងថ្ងៃទី២៥ ខែមេសា ត្រូវនឹងថ្ងៃទី១៤៥ លើភពព្រះអង្គារ នៃបេសកកម្មរុករករបស់យានមួយនេះ។

ការផ្តិតយករូបភាពថ្ងៃរះ និងថ្ងៃលិចនៅលើភពអង្គារ ត្រូវបានធ្វើឡើងនៅម៉ោង ៥៖៣០នាទី និងចាប់ផ្ដើមថតម្ដងទៀតនៅម៉ោង ៦៖៣០នាទី (ម៉ោងនៅលើភពព្រះអង្គារ)។ ប៉ុន្តែដោយសារតែភពអង្គារ ស្ថិតនៅឆ្ងាយពីព្រះអាទិត្យជាងពភផែនដី ដូច្នេះវាមានទំហំតែពីរភាគបីប៉ុណ្ណោះ នៃទំហំព្រះអាទិត្យដែលយើងឃើញលើផែនដី។

នេះជារូបថតព្រះអាទិត្យលិច

គួរបញ្ជាក់ថា បើតាមអង្គការ NASA យានរុករកឈ្មោះ Viking 1 បានផ្ដិតយក និងបញ្ជូនរូបភាពត្រឡប់មកផែនដីវិញជាលើកដំបូង ពីទិដ្ឋភាពព្រះអាទិត្យលិច​កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៧៦។ ពីរឆ្នាំបន្ទាប់យាន Viking 2 បានផ្តិតយករូបភាពព្រះអាទិត្យរះ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៧៨។ ចំណែកឯយាន InSight បានចុះចតដោយសុវត្ថិភាពលើភពអង្គារ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបានចាប់ផ្ដើមបេសកកម្មរុករកមានរយៈពេល ០២ឆ្នាំ លើភពក្រហមមួយនេះ៕

ចែករំលែក