អ្នកវិទ្យាសាស្ត្រចង់ឲ្យ NASA ងាកទៅចាប់អារម្មណ៍ការទប់ស្កាត់អាចម៍ផ្កាយ មុនពួកវាមកគំរាមភពផែនដីនេះ

0

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការបញ្ចុះបញ្ចូល ទីភ្នាក់ងារអវកាសអាមេរិក NASA ឲ្យបង្កើតបេសកកម្មថែមទៀត ទាក់ទិននឹងផ្នែកការពារភពផែនដីពីវត្ថុអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មានអវកាស-វិទ្យាសាស្ត្រ Space នៅថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។

នាឱកាសនៃការចូលរួមបង្ហាញវត្តមានរបស់ប្រធានអង្គការ NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) ក្នុងសិក្ខាសាលាស្តីពីកិច្ចប្រឹងប្រែងការ ពារភពផែនដីពីអាចម៍ផ្កាយ ដែលប្រព្រឹត្តទៅនៅទីក្រុង ខូលីជផាក (College Park) រដ្ឋ ម៉ារីឡេនដ៍ (Maryland) សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ក្រុមអ្នកវិទ្យាសាស្រ្ត​បានជំរុញឲ្យលោកផ្តល់មូលនិធិសម្រាប់បេសកកម្មថ្មីៗថែមទៀត ទាក់ទងកិច្ចការងាររុករកក៏ដូចជាស្រាវជ្រាវអាចម៍ផ្កាយ ដែលនៅក្បែរៗភពរបស់យើង។

គួរជម្រាបថា ក្រុមអ្នកវិទ្យាសាស្រ្តទាំងនោះ បានស្នើឲ្យមានការអភិវឌ្ឍកែវយឺតអវកាសមួយ ដែលរចនាឡើងជាពិសេសសម្រាប់ អង្កេតមើលអាចម៍ផ្កាយធំៗល្មម នៅក្បែរផែនដីដែលអាចមានលទ្ធផលបង្កគ្រោះថ្នាក់ដល់ផែនដី។ ក្រៅពីនេះ ក៏មានការជំរុញឲ្យ មានបេសកកម្មសម្រាប់ត្រៀមទៅសិក្សាអាចម៍ផ្កាយ អាផូភីស (Apophis) ដែលនឹងហោះមកកៀកផែនដីខ្លាំង នៅខែមេសា ឆ្នាំ២០២៩ ផងដែរ។

យ៉ាងណាមិញ នៅឆ្នាំ២០២១ បើតាមការគ្រោងទុកទីភ្នាក់ងារអវកាស NASA នឹងចេញបេសកកម្មមួយឈ្មោះថា Double Asteroid Redirection Test ហៅកាត់ DART ដើម្បីឲ្យស្ទាក់អាចម៍ផ្កាយមួយប្រភេទ NEO (នៅជិតផែនដី) ក្រោមការធ្វើតេស្តវិធីសាស្រ្តមួយ អាចនឹងត្រូវយកទៅប្រើប្រាស់ ដើម្បីបង្វែរទិសដុំថ្មអវកាស ដែលអាចបង្កការគំរាមកំហែងដល់ភពរបស់យើង៕

ចែករំលែក