តើនៅក្រោមស្រទាប់ភពព្រះអង្គារ អាចកំពុងលាក់ជីវិតណាមួយដែរឬទេ?

0
Original Caption Released with Image: This mosaic of Mars is a compilation of images captured by the Viking Orbiter 1. The center of the scene shows the entire Valles Marineris canyon system, over 3,000 km long and up to 8 km deep, extending from Noctis Labyrinthus, the arcuate system of graben to the west, to the chaotic terrain to the east. Image Credit: NASA/USGSImage Addition Date: 2003-02-05

(អាមេរិក)៖ កាលពី០៤ពាន់លានឆ្នាំមុន ផ្ទៃរបស់ភពអង្គារ (Mars) ត្រូវអ្នកវិទ្យាសាស្រ្តអះអាងថា អាចឲ្យទម្រង់ជីវិតលូតលាស់បាន ក្រោមវត្តមានដងទន្លេក៏ដូចជាបឹងបួរជាច្រើន ហើយសូម្បីតែមហាសមុទ្រ​ដ៏ជ្រៅមួយក៏មានដែរ។ ជាការពិតណាស់ អ្នកវិទ្យាសាស្រ្ត មួយចំនួន​ថែមទាំងបានសង្ស័យថា ជីវិតនៅលើភពផែនដីសព្វថ្ងៃនេះ ប្រហែលជាមានប្រភពពីដំបូងឡើយ ចេញពីដុំថ្មនៃភពអង្គារ ដែលបានបែកខ្ទាតចេញទៅក្នុងទីអវកាស ដោយសារតែព្រឹត្តិការណ៍ប៉ះទង្គិចគ្នាដ៏ខ្លាំងក្លាមួយ។

ប៉ុន្តែអ្វីៗក៏បានប្រែប្រួល នៅពេលដែលភពអង្គារបាត់បង់ ស្រទាប់ម៉ាញេទិចសម្រាប់ការពារខ្លួនរបស់វា។ នាពេលនោះ ចំហាយភាគល្អិតដែល សាយភាយចេញមកពីព្រះអាទិត្យ ត្រូវបានបើកដៃឲ្យបំផ្លាញស្រទាប់បរិកាស ដ៏ក្រាស់របស់ភពអង្គារដោយសេរី។ ដោយសារតែ ប្រការនេះបានធ្វើឲ្យភពអង្គារ ប្រែក្លាយទៅជាភពដែលត្រជាក់ និងស្ងួតហួតហែង ដូចដែលយើងទាំងអស់គ្នាស្គាល់ដូចសព្វថ្ងៃនេះ ចាប់តាំងពី ៣.៧ពាន់លានឆ្នាំមុនមក។

យ៉ាងណាមិញ នៅតែមានអ្នកវិទ្យាសាស្រ្តខ្លះជឿជាក់ថា ទោះជាបែបនេះក្តី ពុំមែនត្រូវមានន័យថា ភពអង្គារគឺជាភពគ្មានជីវិតនៅបច្ចុប្បន្នឡើយ។ ពោលគឺបើភពអង្គារធ្លាប់មានជីវិតរស់កាលពី ០៤ពាន់លានឆ្នាំមុន ភពអង្គារក៏អាចនៅតែមានវត្តមានជីវិត រហូតមកទល់ពេលនេះដែរ ព្រោះគ្មានព្រឹត្តិការណ៍អ្វីបានកើតឡើងនៅលើភពអង្គារ ដែលបានបំផ្លាញទម្រង់ជីវិត​ឲ្យរលាយសាបសូន្យទាំងស្រុងនោះឡើយ។ ទម្រង់ជីវិតទាំងនោះទំនងជាបានផ្លាស់ទី​ក៏ដូចជាផ្លាស់ប្តូររបៀបរបបរស់នៅរបស់ខ្លួន ដូចជាការទៅសំងំលាក់ខ្លួនជាដើម។

* តើអាចមានវត្តមានជីវិតនៅក្រោមផ្ទៃភពអង្គារឬទេ?

កន្លែងសម្រាប់សំងំលាក់ខ្លួនទំនងជាងគេ គឺតំបន់ក្រោមដីរបស់ភពអង្គារ។ ទោះបីជានៅលើផ្ទៃរបស់ភពអង្គារសព្វថ្ងៃ លែងមានទឹកទៀតក៏ដោយ អ្នកវិទ្យាសាស្រ្តជឿជាក់ថា តំបន់ក្រោមដីរបស់ភពអង្គារ អាចនៅមានផ្ទុកប្រភពធនធានដ៏សំខាន់នេះសម្រាប់ទម្រង់ជីវិត។ តួយ៉ាង ការអង្កេតរបស់យានអវកាសអឺរ៉ុប Mars Express បានបង្ហាញថា អាចមានបឹងធំមួយ នៅក្រោមប៉ូលខាងត្បូងរបស់ភពអង្គារ។

សព្វថ្ងៃទម្រង់ជីវិតដែលអាចនៅមានវត្តមាននៅភពអង្គារ ទំនងជាមិនបង្ហាញវត្តមានរបស់ខ្លួន ក្នុងលក្ខណៈជាក់ស្តែង ដូចជាទម្រង់ជីវិតនៅលើភពរបស់យើងឡើយ។ បើសិនជាពួកអេលៀនណាមួយ ដែលមានបច្ចេកវិទ្យាដ៏ទំនើបខ្លាំងនោះ គឺអាចដឹងបានភ្លាមៗថា ផែនដីមានទម្រង់ជីវិតរស់នៅ គឺដោយគ្រាន់តែធ្វើការស្គែនមើល​បរិកាសរបស់យើងប៉ុណ្ណោះ។

ផ្ទុយទៅវិញ ភពអង្គារបច្ចុប្បន្នពុំមានភស្តុតាងស្តែងៗបែបនេះឡើយ ប៉ុន្តែអ្នកវិទ្យាសាស្រ្តបានប្រទះឃើញ តំរុយគួរឲ្យចាប់អារម្មណ៍មួយចំនួន។ ឧទាហរណ៍ គឺយានរុករក Curiosity របស់ទីភ្នាក់ងារអវកាស NASA បានបរកាត់សំណុំឧស្ម័នមេតានចំនួន ០២កន្លែង នៅក្នុងតំបន់រណ្តៅយក្ស Gale Crater របស់ភពអង្គារជាទីដែលយានកង់ ០៦នេះបានធ្វើការស្រាវជ្រាវ និងរុករកចាប់តាំងពីឆ្នាំ២០១២ មក។ ក្រុមបេសកកម្ម Curiosity ក៏បានកំណត់ដឹងទៀតថា វត្តមានមេតាននៅក្នុងខ្យល់នៃតំបន់រណ្តៅ Gale បានបង្ហាញវត្តមានតាមរដូវ របស់វាថែមទៀតផង។

ឧស្ម័នមេតានប្រមាណជាង ៩០ភាគរយ នៅក្នុងបរិយាកាសផែនដី កើតឡើងចេញពីទម្រង់ជីវិតជាពពួកមីក្រុប និងសារពាង្គកាយ មួយចំនួនផ្សេងទៀត ដូច្នេះហើយវាអាចទៅរួចដែលថា ឧស្ម័នប្រភេទនេះ គឺជាសញ្ញានៃទម្រង់ជីវិតនាសម័យបច្ចុប្បន្ន​​នៅលើភពអង្គារ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺមេតានក៏អាចកកើតឡើង ដោយប្រតិកម្មធម្មជាតិផងដែរ។

ម៉្យាងវិញទៀត ប្រសិនបើឧស្ម័នមេតាននៅភពអង្គារ ពិតជាត្រូវបានបង្កើតឡើង​ដោយទម្រង់ជីវិតក៏ដោយ ក៏ទម្រង់ជីវិតនោះក៏ប្រហែលជាលែងមានវត្តមាន តាំងពីយូរណាស់មកហើយ។ បើតាមអ្នកវិទ្យាសាស្រ្ត ឧស្ម័នមេតាននៅភពអង្គារ មានប្រភពមកពីក្រោមដី តែពុំមាននរណាដឹកច្បាស់នោះទេថា តើឧស្ម័ននេះ ស្ថិតនៅក្រោមនោះអស់រយៈពេលយូរប៉ុណ្ណោះ មុនពេលភាយចេញមកផ្ទៃខាងលើ។

* អ្នកវិទ្យាសាស្រ្តនឹងបន្តការតាមប្រមាញ់រុករកសញ្ញានៃជីវិតនៅលើភពអង្គារ

យានរុករកថ្មីមួយរបស់អង្គការ NASA ដែលនឹងត្រូវបញ្ជូនឡើងទីអវកាស នៅឆ្នាំ២០២០ នឹងធ្វើការតាមប្រមាញ់រកសញ្ញារបស់ជីវិតនៅលើភពអង្គារ ហើយយានរុករកមួយគ្រឿងទៀត​នៃបេសកកម្ម ExoMars ដែលជាកិច្ចប្រឹងប្រែងរួមរវាងអឺរ៉ុប និងរុស្ស៊ី ក៏នឹង ត្រូវហោះចេញពីផែនដី​ក្នុងពេលប្រហាក់ប្រហែលគ្នាផងដែរ។

* ក្រៅពីផែនដី ទម្រង់ជីវិតមិនមែនអាចមានតែនៅលើភពអង្គារប៉ុណ្ណោះទេ

ក្រៅពីភពរបស់យើង ភពអង្គារពុំមែនជាកន្លែងតែមួយគត់ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលអាចមានទម្រង់ជីវិតកំពុងរស់នៅឡើយ ដោយក្រៅពីវាក៏មានព្រះច័ន្ទ Europa របស់ភពព្រហស្បតិ៍ (Jupiter) និងព្រះច័ន្ទ Enceladus និង Titan របស់ភពសៅរ៍ (Saturn) ផងដែរ។ព្រះច័ន្ទ Europa និង Enceladus សុទ្ធតែត្រូវបានអ្នកវិទ្យាសាស្រ្តអះអាងថា មានផ្ទុកមហាសមុទ្រនៅក្រោម ស្រទាប់ ទឹកកក ផ្នែកខាង លើរបស់ពួកវា។ រីឯព្រះច័ន្ទ Titan វិញ ក៏ត្រូវអ្នកវិទ្យាសាស្រ្តជឿថា មានលាក់មហាសមុទ្រនៅក្រោមផ្ទៃរបស់វា ព្រមទាំង អាច មាន បឹងក៏ដូចជាសមុទ្រនៃសារធាតុអ៊ីដ្រូកាបូនរាវ នៅលើផ្ទៃរបស់វាផងដែរ។

ទីភ្នាក់ងារអវកាស NASA កំពុងអភិវឌ្ឍន៍បេសកកម្មមួយដើម្បីទៅហោះសិក្សានៅព្រះច័ន្ទ Europa ដែលនឹងត្រូវបាញ់បង្ហោះអំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០២០។ បន្ថែមពីនេះអង្គការ NASA ក៏មានគោលដៅបញ្ជូនយាន Lander (ផ្ទុយពីយានរុករក Rover យាន Lander មិនអាចចល័តបាននោះទេ) មួយគ្រឿងឲ្យចុះទៅលើផ្ទៃរបស់ព្រះច័ន្ទ Europa ផងដែរ។ រីឯសម្រាប់បេសកកម្មមួយទាក់ទិននឹងព្រះច័ន្ទ Titan វិញ គឺកំពុងស្ថិតក្នុងចំណោមបេសកកម្មចំនួនពីរ ដែលអង្គការ NASA នឹងត្រូវជ្រើសរើសយក​មួយនៅចុងឆ្នាំនេះ ដើម្បីបញ្ជូនទៅទីអវកាសនៅឆ្នាំ២០២៥៕

ប្រភព៖ វែបសាយ Space (ដកស្រង់នៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩)

ចែករំលែក